ភ្នំពេញ៖ពិធីការិនីដ៍មានឥទ្ធិពលអ្នកនាងគង់ សុជាតិ បានបង្ហាញអារម្មណ៍សប្បាយរីករាយជាខ្លាំងនៅពេលដែលកូនស្រីរបស់អ្នកនាងកញ្ញាម៉ៅ សាល់ភាពណេលលី ហៅNemo អាយុ១៨ឆ្នាំ ទទួលបានមេដាយដល់ទៅ៩ ក្នុងការចូលរួមកម្មវិធីប្រកួតWSC Seoul Global Round 2023 កាលពីពេលថ្មីៗនេះ ដែលនេះក៍ជាមោទកភាពទាំងរូបនាងនិងក្រុមគ្រួសារក៍ដូចជាសង្គមជាតិផងដែរ។

ពិធីការិនីល្បីល្បាញជាង២ទសវត្សន៍អ្នកនាងគង់ សុជាតិ បានចេញសារនៅលើហ្វេសបុកនាងថា” មានមោទកភាពណាស់ដែលកូនស្រីរបស់ម្តាយជាក្មេងស្រីដែលពូកែហើយឆ្លាត លើកនេះមកដល់ប្រទេសកូរ៉េក្នុងកម្មវិធីប្រគួត WSC Seoul Global Round 2023 ទទួលបានមេដាយ ៩ ហើយនៅមានបន្តទៀត សូមពាក្យជូនពរម្នាក់មួយមកអ៊ុំពូមីងទាំងអស់គ្នា ”។

គេឃើញមានសិល្បកររួបអាជីព និងអ្នកគាំទ្រអ្នកនាងគង់ សុជាតិ បានខមិនសាទរកូនស្រីអ្នកនាងគង់ សុជាតិ ជាបន្ដបន្ទាប់ហើយពួកគេសរសើរថាអ្នកនាងមិនត្រឹមតែជាពិធីការិនីច្នើមលំដាប់ប្រទេសជាង២០មកហើយនោះទេ ប៉ុន្ដែក៍ជាមាតាដ៍ល្អក្នុងការចិញ្ចឹមបីបាច់កូនៗរបស់នាងបានរៀនសូត្រពូកែ និងទទួលការអប់រំបានល្អពីរូបនាងផ្ទាល់តែម្ដង។អ្នកនាងសុជាតិ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាកូនស្រីNemo នេះទៅថ្ងៃក្រោយនាងឲ្យកូនសម្រេចចិត្តដោយខ្លួនឯងថាគេនឹងប្រើប្រាស់នូវជំនាញដែលគេបានសិក្សារ ឬក៍ចង់ដើរតាមគន្លងនាងធ្វើជាពិធីការិនី នោះអ្វីៗនៅលើកូនស្រីជាអ្នកកំណត់ ខណៈរូបនាងមានតែលើកទឹកចិត្តនិងជម្រុញនូវអ្វីដែលកូនស្រលាញ់និងចង់ធ្វើតាមបំណងរបស់គេ។

គូរបញ្ជាក់ថាអ្នកនាងគង់ សុជាតិ បានចេញទៅប្រទេសកូរ៉េ ជខាងត្បូងកាលពីថ្ងៃទី១២ កក្កដា ២០២៣ ជាមួយកូនស្រីនាងកញ្ញាNemo ហើយនាងទើបតែវិលមកដល់ខ្មែរវិញកាលពីថ្ងៃរាត្រីថ្ងៃទី២០ កក្កដា ដើម្បីឲ្យទាន់ការហែបក្សប្រជាជននាយុទ្ធនាការបោះឆ្នោតឆ្នាំ២០២៣ កាលពីថ្ងៃទី២១ កក្កដា ។អ្នកនាងសុជាតិ បានឲ្យដឹងថាក្រៅពីជូនកូនស្រីទៅប្រកួតវេទិការអន្ដរជាតិនោះនាងក៍បានដើរកម្សាន្ដនៅតំបន់ទេសចរណ៍កមួយចំនួនផងដែរ តែដោយសារតែខែនេះភ្លៀងទើបមិនបានដើរច្រើនតាមគម្រោងការទាំងអស់នោះទេ ប៉ុន្ដែការចេញទៅកូរ៉េនៅខែនេះជាការចាំបាច់ព្រោះជូនកូនទៅប្រលងទើបមិនអាចពន្យាពេលវេលាបានឡើយ។

មជ្ឈដ្ឋានមហាជនបានលើកឡើងថាអ្នកនាងគង់ សុជាតិ ជាគំរូដ៍ល្អមួយសម្រាប់មាតាផ្សេងៗទៀត ក្នុងការគ្រប់គ្រងនិងផ្ដល់ដំបូន្មានដល់កូនៗរបស់ពួកគេឲ្យក្លាយជាអ្នកពូកែ ព្រោះយុវវ័យជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិ៕



