Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសម្តេច ស ខេង សរសើរអាជ្ញាធរមានសមត្ថកិច្ច បំពេញការងារការពារសន្តិសុខ សណ្តាប់ធ្នាប់បានល្អ សម្រាប់ការបោះឆ្នោត

សម្តេច ស ខេង សរសើរអាជ្ញាធរមានសមត្ថកិច្ច បំពេញការងារការពារសន្តិសុខ សណ្តាប់ធ្នាប់បានល្អ សម្រាប់ការបោះឆ្នោត

ភ្នំពេញ ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ បញ្ជាការសន្តិសុខ អចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានផ្ញើសារលិខិតថ្លែងអំណរគុណ និងសូមកោតសរសើរចំពោះថ្នាក់ដឹកនាំ សមាជិក អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងអនុវត្តច្បាប់គ្រប់លំដាប់ថ្នាក់ នៃគណៈបញ្ជាការសន្តិសុខអចិ ន្ត្រៃយ៍សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលបានបំពេញការងារការ ពារសន្តិសុខ សណ្តាប់ធ្នាប់បានល្អ សម្រាប់ការបោះឆ្នោត។

លិខិតរបស់សម្តេច ស ខេង លេខ ២៣ សលខ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ មានខ្លឹមសារទាំងស្រុងថា «ក្នុង នាមគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោត និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរ គុណយ៉ាង ជ្រាលជ្រៅ និងសូមកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ សមាជិក អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំង អនុវត្តច្បាប់គ្រប់លំដាប់ថ្នាក់ នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត ដែលបានខិតខំប្រឹង ប្រែងយកអស់កម្លាំងកាយ និងប្រាជ្ញាស្មារតី បំពេញការងារប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុស ត្រូវខ្ពស់ ញ៉ាំងឱ្យដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា បានប្រព្រឹត្ត ទៅដោយរលូន ក្នុងបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ប្រកបដោយសុវត្ថិភាព គ្មានការភ័យខ្លាច គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា។

ជោគជ័យដ៏ត្រចះត្រចង់ ប្រកបដោយអត្ថន័យនេះ បាននាំមកនូវមោទនភាព និងកិត្យានុភាពថ្មី ជូនជាតិមាតុភូមិ យើង ជាពិសេសបានបង្កើតនូវប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់កម្ពុជា នៅក្នុងដំណើរការរៀបចំព្រឹត្តិ ការណ៍ ជាតិរបស់ខ្លួន ដែលពីការបោះឆ្នោតមួយ ទៅការបោះឆ្នោត មួយ បានឆ្លុះបញ្ចាំងកាន់តែច្បាស់ពីភាពចាស់ទុំ និងបទពិសោធន៍ប្រកបដោយភាពជាម្ចាស់របស់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងកងកម្លាំងអនុវត្តច្បាប់គ្រប់ លំដាប់ថ្នាក់។ លទ្ធផលដែលយើងសម្រេចបានយ៉ាងត្រចះត្រចង់នេះ​ មិនត្រឹមតែជាជោគជ័យថ្មី មួយទៀតក្នុង វិស័យសន្តិសុខសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែជោគជ័យនេះ បានរួមចំណែកយ៉ាងសំខាន់ដែលមិនអាចខ្វះបាន ក្នុងក្របខ័ណ្ឌនៃការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស នៅព្រះរាជាណាចក្រកម្ពុជា។

បរិយាកាសប្រកបដោយភាពអំណោយផល និងមានតម្លៃនេះ បានបង្កលក្ខណៈងាយស្រួលជូន ប្រជាពលរដ្ឋ យើងគ្រប់និន្នាការនយោបាយ បានអញ្ជើញទៅបោះឆ្នោត យ៉ាងច្រើនកុះករប្រមាណ ៨៤,៥៨ភាគរយក្នុងចំ ណោមអ្នកដែលបានចុះឈ្មោះបោះឆ្នោតសរុបទូទាំងប្រទេស។ ប្រជាជនយើងគ្រប់ច្រកល្ហក បានអនុវត្តយ៉ាង ពេញលេញនូវសិទ្ធិស្វ័យសម្រេចរបស់ខ្លួន ក្នុងនាមជាពលរដ្ឋល្អ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូចមានចែង និងត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសដែលប្រជាពលរដ្ឋទូទាំងប្រទេសកំពុងអបអរសាទរចំពោះលទ្ធផលមិនទាន់ផ្លូវការនៃការបោះឆ្នោតនេះ ក្នុងនាមគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត សូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការ ជូនថ្នាក់ដឹកនាំ សមាជិក និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំងកង កម្លាំងអនុវត្តច្បាប់គ្រប់លំដាប់ថ្នាក់ នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត សូមបានប្រកប ដោយពុទ្ធពរទាំងបួនប្រការ ដើម្បីបន្តរួមចំណែកបង្កើតស្នាដៃ និងសមិទ្ធផលថ្មីៗបន្ថែមទៀត ជូនជាតិមាតុភូមិ ជាទីស្នេហារបស់យើង»៕ ដារិទ្ធ

RELATED ARTICLES