ពោធិ៍សាត់ ៖ បុរសជាទន្តពេទ្យម្នាក់ បានបើករថយន្ត ១គ្រឿង ជ្រុលទៅបុកពីក្រោយរថយន្ត១គ្រឿងទៀត ដែលមានដឹកដើមឬស្សី ពេញរថយន្ត បណ្តាលឱ្យជង់ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើ បានកើតឡើងកាលពីវេលាទៀបភ្លឺ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នៅលើកំ ណាត់ផ្លូវ កៅស៊ូ (ផ្សារក្រគរ ចុះទៅបឹងទន្លេសាប) ស្ថិតក្នុងភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ។

បុរសរងគ្រោះ ដែលបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ មានឈ្មោះដួង ចន្ថា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ ពេទ្យធ្មេញ មានលំនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះឈ្មោះដួង ចន្ថា បានបើកបរថយន្ត ១គ្រឿង ម៉ាក Toyota RAIZE ស៊េរីឆ្នាំ២០២៣ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-2468 ធ្វើដំណើរក្នុងទិសដៅ ពីត្បូង ឆ្ពោះទៅទិសខាងជើង លុះមកដល់កន្លែងកើតហេតុ ស្រាប់តែបានជ្រុលបុករថយន្តធុនធំ ១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 3A-1280 ដែលមានដឹកដើមឫស្សី ចំពីក្រោយពេញទំហឹង បណ្តាលឱ្យដើមឫស្សី ជង់ទម្លុះចូលរថយន្ត ជង់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម។ ចំណែកអ្នកបើកបររថយន្ត ដឹកដើមឫស្សី ឃើញសភាពបែបនេះ បានបើកទ្វាររថយន្ត ចុះរត់គេចខ្លួនបាត់ស្រមោលភ្លាមៗតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើការវាស់វែង រួចអូសយករថយន្តដឹកដើមឫស្សី និងរថយន្តរបស់ជនរង គ្រោះ ទៅរក្សាទុកបណ្តោះអាសន្ន ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីនៅពេលក្រោយ។ ចំណែកសពជនរង គ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕



