ភ្នំពេញ ៖ កុមារីវ័យ ១២ឆ្នាំម្នាក់ មានជំងឺទឹកនោមផ្អែម ជាយូរមកហើយ ត្រូវបានជួយសង្គ្រោះជីវិតជាថ្មី ដោយគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យគន្ធបុប្ផា។
តាមប្រភពពីមន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងថា ជំងឺទឹកនោមផ្អែមលើកុមារ ជាជំងឺទឹកនោមផ្អែមមួយប្រភេទ ដែលត្រូវការចាក់អាំងស៊ុយលីន អស់មួយជីវិត។ ក្មេងស្រី អាយុ ១២ឆ្នាំម្នាក់ ត្រូវបានព្យាបាលជំងឺទឹកនោមផ្អែម និងតាមដានជំងឺ ជាច្រើនឆ្នាំមកហើយ នៅមន្ទីរពេទ្យគន្ធបុប្ផា ប៉ុន្តែមួយរយៈពេលជាយូរចុងក្រោយនេះ នាងពុំបានមកតាមការណាត់នោះទេ ដែលធ្វើឱ្យជំងឺនាងវិវត្តទៅជាធ្ងន់ធ្ងរ សន្លប់បាត់ស្មារតី ដំបៅរលួយសាច់ខ្នង និងខូចតម្រងនោមយ៉ាងធ្ងន់ធ្ងរបំផុត។

នាងត្រូវបានសង្គ្រោះជីវិតជាថ្មី ដោយក្រុមគ្រូពេទ្យឯកទេសសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យគន្ធបុប្ផា និងត្រូវបានលាងឈាម អស់ជាច្រើនដង។ នាងទើបបានត្រឡប់ទៅផ្ទះវិញ ដោយស្នាមញញឹម និងបានអរគុណ និងកោតសរសើរដល់ក្រុមគ្រូពេទ្យឯកទេសសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដែលបានសង្គ្រោះជីវិត។

គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា កាលពីខែមករា ឆ្នាំ២០២០ បានចាប់ផ្តើមធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីសុវត្ថិភាពចំណីអាហារនៅក្នុងសាលារៀន ដើម្បីទប់ស្កាត់ការលក់អាហារមានសារធាតុគីមី និងអាហារដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពសិស្ស។ ចំណីអាហារ ត្រូវហាមឃាត់ក្នុងគ្រឹះស្ថានសិក្សា មានដូចជា ១-អាហារគ្រប់ប្រភេទដែលហួសកំណត់កាលបរិច្ឆេទ ២-គ្រឿងស្រវឹង និងផលិតផលថ្នាំជក់គ្រប់ប្រភេទ ៣-ចំណីអាហារដែលមិនមានប្រភពច្បាស់លាស់ ៤-ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈមានរសជាតិផ្អែមខ្លាំង កាហ្វេ ការ៉េម ទឹកស៊ីរ៉ូគ្រប់ ប្រភេទ ៥-ស្ករសូកូឡា ស្ករគ្រាប់ និងស្ករកៅស៊ូ គ្រប់ប្រភេទ និង៦-ចាហួយគ្រប់ប្រភេទ នំដូណាត់ និងនំផ្អែមខ្លាំង។

គួរបញ្ជាក់ថា រាល់ការព្យាបាលទាំងអស់នៅមន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាបគឺមិនគិតថ្លៃសម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង។ មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង នៅតែត្រូវការថវិកាជាប្រចាំប្រមាណ ៨៤ម៉ឺនដុល្លារ ក្នុង១សប្តាហ៍ ឬត្រូវចំណាយប្រមាណ ៤០លានដុល្លារ ក្នុង១ឆ្នាំ ដើម្បីធ្វើប្រតិបត្តិការមនុស្សធម៌សង្គ្រោះជីវិតកុមារនៅកម្ពុជា ដោយមានការជួយបំពេញបន្ថែមគ្នាទៅវិញទៅមក រវាងមូលនិធិគន្ធបុប្ផាស្វីស និងមូលនិធិគន្ធបុប្ផាកម្ពុជា ក៏ដូចជាពីសំណាក់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ ការបរិច្ចាគនេះ សម្រាប់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផា ព្រោះមន្ទីរពេទ្យនេះ មិនមែនជាស្ថាប័នដែលរកប្រាក់ចំណូល៕
