ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពកុម្មង់ទិញទូរស័ព្ទ ១គ្រឿង លុះបុរសជាអ្នករត់ម៉ូតូកង់បី ដឹកយក មកឱ្យដល់ទីតាំងណាត់ជួប បែរជាជនសង្ស័យបានធ្វើសកម្មភាពយកទូរស័ព្ទញាត់ហោប៉ៅ រួចរត់គេចខ្លួន តែត្រូវបុរសជាអ្នករត់ម៉ូតូកង់បី ដេញចាប់ក្របួចជាប់ រួចប្រគល់ឱ្យសមត្ថកិច្ច នាំយកទៅចាត់ ការតាមច្បាប់។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង១០នាទីរសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុច មុខផ្ទះលេខ 43E0 ផ្លូវលេខ២១៧ ក្រុមទី១៨ ភូមិ១០ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះរ័ត្ន សំណាង ហៅយួន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ វៀតណាម មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ ចំណែកវត្ថុតាងចាប់យក រួមមាន ទូរស័ព្ទដៃ ១គ្រឿង ម៉ាក Samsung ស៊េរីចាស់ ពណ៌ស (ជារបស់ជនសង្ស័យ) និងទូរស័ព្ទដៃ ១គ្រឿង ម៉ាក iPhone 14Pro-Max ពណ៌ស្វាយ ថ្មី (ជារបស់ជនរងគ្រោះ ) បានធ្វើការប្រគល់ឱ្យជនរងគ្រោះវិញ តាមការស្នើសុំ។
រីឯជនរងគ្រោះមានឈ្មោះទៀត រ៉ូហ្សា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរអ្នករត់ PassApp ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលេខ៣៦៩ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនជា បណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួល គោក ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី៕