Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ប្រពន្ធពេទ្យបន្តោកសេរ៉ូម អ្នកជំងឺប្រកាច់ស្លាប់

 ប្រពន្ធពេទ្យបន្តោកសេរ៉ូម អ្នកជំងឺប្រកាច់ស្លាប់

កំពង់ឆ្នាំង ៖ បុរសវ័យចំណាស់ម្នាក់ បានកើតមានអាការមិនសូវស្រួលខ្លួន ចេះតែថប់ដង្ហើមទើបកូនប្រញាប់ ដឹកបញ្ជូនទៅផ្ទះពេទ្យប្រចាំភូមិម្នាក់ ដើម្បីពិនិត្យព្យាបាល លុះទៅដល់ គ្រូពេទ្យមិននៅ តែស្ត្រី ជាប្រពន្ធគ្រូពេទ្យ ចេញមកពិនិត្យជំនួស រួចបន្តោកសេរ៉ូមឱ្យអ្នកជំងឺ ១ប្លោក ស្រាប់តែបានប្រមាណតែ១០នាទី អ្នកជំងឺកើតមាន អាការប្រកាច់ ត្រដរខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។ បន្ទាប់មកសមត្ថកិច្ចបានចុះឃាត់ខ្លួនស្ត្រីជាប្រពន្ធគ្រូ ពេទ្យនោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នៅត្រង់ ចំណុចផ្ទះគ្រូពេទ្យឯកជនប្រចាំភូមិ ១កន្លែង ស្ថិតនៅភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូណ៌។

ស្ត្រីជាប្រពន្ធគ្រូពេទ្យ ដែលព្យាបាលបណ្តាលឱ្យអ្នកជំងឺស្លាប់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនមានឈ្មោះលី គន្ធា អាយុ៥០ឆ្នាំ មុខរបរជាពេទ្យយោធា មានលំនៅភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូណ៌។ ចំណែកជនរងគ្រោះជាអ្នកជំងឺ មានឈ្មោះគី ទូច អាយុ៦៦ឆ្នាំ។

តាមប្រភពពីកូនរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណជិត ១រសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ឪពុករបស់គាត់ឈ្មោះគី ទូច (ជនរងគ្រោះ) បានកើតមានអាការថប់ ដង្ហើម ទើបគាត់ប្រញាប់នាំឪពុកទៅឱ្យគ្រូពេទ្យ ឈ្មោះម៉ុ បូរារត្ន ហៅពេទ្យតឺម ដែលមានតាំងស្ថិតនៅភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យ និងពិគ្រោះសុខភាព។

កូនរបស់ជនរងគ្រោះ បន្តថា ពេលទៅដល់ផ្ទះពេទ្យគ្រូពេទ្យតឺម គាត់មិននៅទេ ពេលនោះ ស្ត្រីជាប្រពន្ធរបស់ គ្រូពេទ្យតឺម ឈ្មោះលី គន្ធា បានចេញមកទទួលពិនិត្យជំងឺ ឱ្យឪពុករបស់គាត់ ដោយបានវាស់សម្ពាធឈាម រួចបានដាក់សេរ៉ូមមួយប្លោក ឱ្យឪពុកគាត់ ស្រាប់តែបានប្រហែល ១០នាទីក្រោយមក ឪពុករបស់គាត់ បានទទួល មរណភាព នៅផ្ទះគ្រូពេទ្យតឺម នោះតែម្តង ទើបគាត់បានរាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យចុះមកជួយអន្តរាគមន៍។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍នោះ សមត្ថកិច្ចប៉ុស្តិ៍ បានរាយការណ៍ទៅអធិការដ្ឋាននគរបាលស្រុក និងបានផ្តល់ព័ត៌មានបន្តទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ទើបលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានឱ្យកម្លាំងសហការបើកការស៊ើបអង្កេត និងស្រាវជ្រាវ រហូតឈានដល់ការនាំខ្លួន ស្ត្រីឈ្មោះលី គន្ធា ប្រពន្ធពេទ្យភូមិ យកទៅសាកសួរ ពាក់ព័ន្ធនៃមរណភាពជនរងគ្រោះនោះ។

នៅចំពោះមុខសមត្ថកិច្ច ស្ត្រីឈ្មោះលី គន្ធា បានឆ្លើយសារភាពថា ខ្លួនពិតជាបានពិគ្រោះ និងពិនិត្យជំងឺឈ្មោះគី ទូច ប្រាកដមែន។ ដោយជនរងគ្រោះមានអាការចុកដើមទ្រូង ហើយខ្លួនបានវាស់សម្ពាធឈាម ទើបមានការ សង្ស័យថា គាត់មានជំងឺបេះដូង និងក្រពះ បន្ទាប់មកខ្លួនបានដាក់សេរ៉ូម មួយប្លោក លាយថ្នាំវីតាមីនសេ ២អំពូល និងថ្នាំក្រពះ ១អំពូល ស្រាប់តែប្រហែល១០នាទីក្រោយមក អ្នកជំងឺបានបាត់បង់អាយុជីវិតតែម្តង។ដោយយោងទៅលើពាក្យបណ្តឹងរបស់ក្រុមគ្រួសារជនរងគ្រោះ និងផ្អែកតាមចម្លើយសារភាពរបស់ ស្ត្រីជាប្រពន្ធ ពេទ្យភូមិ ពាក់ព័ន្ធការចាក់ថ្នាំ ដាក់សេរ៉ូម បណ្តាលឱ្យជនរងគ្រោះស្លាប់ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូន ជនសង្ស័យទៅសាលាដំបូងខេត្ត តាមនីតិវិធី៕

RELATED ARTICLES