(ប៉ៃលិន)៖ បុរសម្នាក់ដែលជាបុគ្គលិកអង្គការដោះមីន HALLO បានទៅធ្វើការរាវរកមីន ហើយបានរកឃើញមីនប្រភេទ GYATA រួចក៏បានធ្វើការដោះ តែធ្វើមិនបានជោគជ័យ បណ្តាលឲ្យផ្ទុះរហូតបាត់បង់ជីវិត និងបណ្តាលឲ្យនារីម្នាក់ទៀតរងរបួសធ្ងន់ ដែលបានទៅធ្វើការរុករកមីនជាមួយគ្នា។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង០៧ៈ៣០នាទីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចអូរតាផៃ ស្ថិតក្នុងភូមិបរហ៊ុយជើង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
មន្ត្រីនគរបាលខេត្តប៉ៃលិន បានឲ្យដឹងថា ជនរងគ្រោះទីមួយ ឈ្មោះ លឿង រស្មី ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរបុគ្គលិកអង្គការ HALLO រស់នៅភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកជនរងគ្រោះទីពីរ ឈ្មោះ ងុយ ថានី ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរបុគ្គលិកអង្គការ HALLO រស់នៅភូមិ អូរសំរិល
ស្រុកសំឡូតខេត្តបាត់ដំបង រងរបួសធ្ងន់ ត្រូវបានឧទ្ធម្ភាគចក្រ ដឹកយកទៅ សង្គោះបន្ទាន់នៅឯមន្ទីរពេទ្យរាជធានីភ្នំពេញ។
បច្ចុប្បន្នសាកសពត្រូវបានរក្សាទុកនៅទីស្នាក់ការរបស់អង្គការ ដើម្បីរងចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕