ខេត្តព្រះសីហនុៈ JICA នៃប្រទេសជប៉ុន បន្តផ្តល់បទពិសោធន៏ ចំណេះដឹង ស្តីពីបទពិសោធន៏របស់ប្រទេសជប៉ុន ក្នុងការជំរុញ និងអភិវឌ្ឌ្យន៏វិស័យឧស្សាហកម្មនៅកម្ពុជា គ្រាដែលប្រទេសជប៉ុន កំពុងក្លាយជាប្រទេសទីមួយ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងផ្តល់ជំនួយច្រើនជាងគេនៅកម្ពុជា។
ថ្លែងក្នុងសិក្ខាសាលា នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នៅសណ្ឋាគាសុខាអូតែល ក្រុងព្រះសីហនុ លោកស្រី អូម៉ា អេរីកូ តំណាងការិយាល័យ JICA កម្ពុជា បានថ្លែងថា កម្មវិធីបណ្តុះបណ្តាលសម្រាប់អ្នកដឹកនាំវ័យក្មេង គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីកិច្ចសហប្រតិបត្តិការណ៏បច្ចេកទេសរបស់ jica ដែលត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ និងចូលរួមចំណែកដល់ការអភិវឌ្ឌ្យន៏ធនធានមនុស្សរបស់ប្រទេសកម្ពុជា ។ jica បានចាប់ផ្តើមកម្មវិធីនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៥ ។ រហូតមកទល់ពេលនេះ មានសិក្ខាកាមដែលជាមន្ត្រីកម្ពុជាវ័យក្មេង ចំនួនជាង៩៨២នាក់ហើយ បានចូលរួមកម្មវិធីបណ្តុះបណ្តាលនេះ នៅប្រទេសជប៉ុន លើវិស័យផ្សេងៗគ្នា។ តាមរយៈការចូលរួមកម្មវិធីនេះ សិក្ខាកាមនឹងអាចអភិវឌ្ឍន៍ជំនាញ និងចំណេះដឹងរបស់ខ្លួនតាមរយៈការរៀនសូត្រ និងផ្លាស់ប្តូរបទពសោធន៏ជាមួយអ្នកជំនាញ និងការចុះអង្កេតផ្ទាល់នៅតាមបណ្តាស្ថាប័នពាក់ព័ន្ឋនានា នៅប្រទេសជប៉ុន។ លើសពីនេះទៀត រាជរដ្ឋាភិបាលកម្ពុជា បានដាក់អោយប្រើប្រាស់គោលនយោបាយអភិវឌ្ឍន៏វិស័យឧស្សាហកម្មជាផ្លូវការ ក្នុងឆ្នាំ២០១៥ ដោយចាត់ទុកវិស័យអាទិភាពសំខាន់នៃយុទ្ឋសាស្ត្រកំណើន សំដៅជំរុញពិពិធកម្ម ការប្រែប្រួលរចនាសម្ព័ន្ឋស៊ីជម្រៅ និងភាពប្រកួតប្រជែងឲ្យប្រសើរឡើង ដើម្បីសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចិរភាព និងបរិយាប័ន។
ថ្លែងក្នុងឱកាសនោះដែរ លោកលឹម វិសាល អនុប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈនិងការជំរុញវិនិយោគឯកជន បានគូសបញ្ជាក់ថា ជាការពិតណាស់ យើងមើលឃើញថា វគ្គបណ្តុះបណ្តាលស្តីពីការជម្រុញអភិវឌ្ឍន៏វិស័យឧស្សាហកម្ម គឺជាឱកាសដ៏ល្អសម្រាប់មន្ត្រីពាក់ព័ន្ឋធ្វើការសិក្សា និងដកយកបទពិសោធន៏ប្រវត្តិការអភិវឌ្ឍន៏វិស័យឧស្សាហកម្មក្នុងប្រទេសជប៉ុន ហើយបទពិសោធន៏ និងចំណេះដឹងទាំងអស់នោះ មកធ្វើការប្រើប្រាស់ក្នុងការជំរុញអភិវឌ្ឍន៏វិស័យឧស្សាហកម្មបន្តទៀត ក្នុងប្រទេសកម្ពុជា។ សិក្ខាសាលាថ្ងៃនេះត្រូវបានធ្វើឡើងដើម្បីលើកទឹកចិត្ត ដល់សិក្ខាកាមដែលបានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលខាងលើ ដើម្បីចែករំលែក និង ផ្សព្វផ្សាយបទពិសោធន៏ ចំណេះដឹងដែលពួកគេបានទទួលពីវគ្គបណ្តុះបណ្តាលនៅប្រទេសជប៉ុន ទៅដល់មន្ត្រីពាក់ព័ន្ឋ ដៃគូអភិវឌ្ឌ្យន៏ផ្សេងៗទៀត ដែលកំពុងបំរើការងារទាក់ទងនឹងការជម្រុញ អភិវឌ្ឌ្យន៏វិស័យឧស្សាហកម្មនៅប្រទេសកម្ពុជា៕