ភ្នំពេញ ៖ រថយន្តដឹកភេសជ្ជៈដាច់ហ្រ្វាំងរេចង្កូតទៅបុករះរថយន្ត២គ្រឿង និងម៉ូតូមួយគ្រឿង តែមិនបណ្តាលឲ្យរងរបួសទេ កើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្លូវជាតិលេខ២ ស្ថិតនៅភូមិទួលរកា សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
បុរសម្នាក់បើករថយន្តបង្ក មានឈ្មោះគឹម សុភ័ក្រ្ត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបើកបរ ស្នាក់នៅបន្ទប់ជួល សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានប្រាប់ថា មុនកើតហេតុគាត់បានបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ៣D-០៨២៩ ដឹកភេសជ្ជ:ពីម្ដុំផ្សារដីហុយ នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ គោលបំណងដឹកយកទៅខេត្តស្វាយរៀង ធ្វើដំណើរតាមផ្លូវជាតិលេខ២ ទិសដៅពីជើងទៅត្បូង មកដល់ចំណុចខាងលើ រថយន្តដាច់ហ្វ្រាំង ខ្លាចបុកម៉ូតូនិងរថយន្តនៅពីខាងមុខបានបួងចង្កូតទៅខាងស្ដាំដៃ ជិះបញ្រ្ចាសខាងឆ្វេងដៃ ស្រាប់តែមានរថយន្តកូរ៉េ២គ្រឿង និងម៉ូតូស្តេប ជិះមកបន្តគ្នា ធ្វើឲ្យរថយន្តបង្កបុករថយន្តស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ២O-៧៧៦៣ ធ្វើឲ្យរថយន្តស្តារិច ថយក្រោយទៅបុករថយន្តកូរ៉េពណ៌ស ពាក់ស្លាកលេខភ្នំពេញ២I-១០០៤ ដឹកទំនិញ ថយទៅបុកម៉ូតូស្តេប ពណ៌ក្រហម លាយខ្មៅពាក់ស្លាកលេខភ្នំពេញ១O-៩៩១៩ នៅពីក្រោយបន្តគ្ នាទើបរថយន្តបង្កអស់ល្បឿន ។
សមត្ថកិច្ចផ្នែកជំនាញ់វាស់វែងខណ្ឌមានជ័យ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទំនិញ២តោនកន្លះ ដាច់ហ្វ្រាំងជ្រុលទៅបុករះរថយន្ត២គ្រឿង និងម៉ូតូមួយគ្រឿង តែមិនបណ្តាលឲ្យមានអ្នករងរបួសទេ។
ក្រោយកើតហេតុរថយន្តបង្កស្នើសុំដោះស្រាយនៅកន្លែងកើតហេតុ តែការដោះស្រាយមិនត្រូវសមត្ថកិច្ចបានធ្វើការវាស់វែងយកទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ៕