ភ្នំពេញ៖ស្រីស្រស់សឹម ស្រីនិច្ច បានចោលអស់ជាង១០រឿងកាលពីឆ្នាំមុនព្រោះតែសុខៗនាងដកខ្លួនពីអាជីពសម្ដែងដោយគ្មានមូលហេតុជាង១ឆ្នាំ ហើយទើបតែវិលវិញកាលពីនៅឆ្នាំ២០២២ ដោយឆក់បានតួឯកធំមកវិញដូចជាពេលនេះនាងកំពុងតែសម្ដែងរឿងបែបប្រវត្តិសាស្រ្ដ”អប្សរា មហាអង្គរ”ដឹកនាំដោយហ្វៃ សំអាង បន្ទាប់ពីលេងចប់រឿង”ឈាមបាប”នៅហង្សមាស។ថ្វីត្បិតតែពេលនេះស្រីនិច្ច បានទទួលការថតសម្ដែងរឿងដូចដើមឡើងវិញមែន ប៉ុន្ដែអ្នករួមអាជីពនិងក្រុមនាំសម្ដែងមួយចំនួនបានលើកឡើងថាបើសិនជាស្រីនិច្ច មិនផ្អាកថតភាពយន្ដឆ្នាំ២០២១ នោះទេ ម្លេះពេលនេះនាងលេចធ្លោជាងមិនខានព្រោះសម្អាងថារឿងដែលនាងមិនបានលេងនោះគឺសុទ្ធតែជាតួឯកហើយមានចំនួនច្រើនរឿង។តែតារាខ្លះថាស្រីនិច្ច ផ្អាកតែជាង១ឆ្នាំតើ អីចឹងបើនាងមិនឈប់ថតរឿងកាលនោះទេក៍មិនអាចសម្ដែងបានដល់ទៅជាង១០រឿងក្នុង១ឆ្នាំបានដែរ ហេតុនេះមិនជាខាតបង់ច្រើនឡើយ។
ប្រភពបានឲ្យដឹងថាមូលហេតុដែលស្រីស្អាតសឹម ស្រីនិច្ច ត្រូវឈប់ពីការសម្ដែងភាពយន្ដនាពេលកន្លងមកនោះព្រោះតែនាងមានស្វាមីហេតុនេះហើយបើបុរសនោះមិនអនុញ្ញាត្តិឲ្យនាងបានវិលមករកអាជីពចាស់វិញនាពេលនេះទេ ក៍មិនអាចទៅរួចដែរ។ប៉ុន្ដែស្រីនិច្ច ធ្លាប់ប្រាប់មូលហេតុនៃការបាត់មុខនាងពីការថតសម្ដែងនិងខារ៉ាអូខេនាពេលនោះថាដោយសារតែនាងមិនចង់ឲ្យចេញថតច្រើនពេកនាំតែសាំ និងថាងាកទៅរកស៊ីផ្នែកអចលនទ្រព្យ និងជូនកាលថានាងធុញទ្រាន់រឿងគេរិះគន់រឿងនាងស្លៀកពាក់ឈុតប៊ីគីនីនៅឆ្នេខ្សាច់មួយជាដើម។តែទាក់ទងរឿងគេថានាងមានស្វាមីនោះស្រីស្រស់បានចេញសារនៅលើហ្វេសបុកនាងកាលពីពេលថ្មីៗនេះថានាងមិនដែលលួចមានស្វាមីដូចការលេចឭនោះទេ។នាងថានឹងមិនលាក់លៀមគូស្នេហ៍ទេ នៅពេលដែលនាងបានជួបមនុស្សប្រុសម្នាក់ហើយបើច្បាស់លាស់នឹងបញ្ចេញតែម្ដង។
ថ្វីត្បិតតែសឹម ស្រីនិច្ច វាចាបែបនេះក្ដី ប៉ុន្ដែអំឡុងពេលនាងបាត់មុខមួយអន្លឺពីការថតសិល្បៈនោះនាងពិតជាធ្លាប់បង្ហាញឲ្យគេឃើញពីទំនាក់ទំនងជាមួយបុរសម្នាក់មែន តែស្ថិតក្នុងតំណាក់កាលមើលចិត្តគ្នាទើបនាងថាបុរសនោះមិនទាន់អាចប្រើពាក្យថាជាស្វាមីនាងបានទេ។ប៉ុន្ដែក្រោយវិលមករកអាជីពចាស់ម្ដងទៀតយ៉ាងពេញទំហ៊ឹងដូចមុននេះស្រីនិច្ច បែជាលែងហ៊ានបង្ហាញកៀកកើយគ្នាជាមួយបុរសម្នាក់ដែលនាងកំពុងតែពិសោធន៍ស្នេហ៍នោះទៅវិញទើបមានការលើកឡើងថានោះមកពីនាងបារម្ភខ្លាចធ្លាក់កូដដោយសារតែរឿងស្នេហាលែងសូវត្រូវប៉ាន់ក្នុងអាជីពសិល្បៈ តែខ្លះទៀតសង្ស័យថាស្រីនិច្ច និងប្រុសនោះអត់ទាន់ច្បាស់លាស់ជាមួយគ្នា១០០% ទេ ទើបស្រីនិច្ច អាចវិលមកសម្ដែងភាពយន្ដបាននាពេលនេះវិញ។
សឹម ស្រីនិច្ច ជាតារាភាពយន្ដដែលមានភាពលេចធ្លោនារយៈពេលចុងក្រោយនេះដោយសារតែរូបសម្រស់ផូផង់និងទេពកោសល្យអាចបត់បែនទៅតាមរឿងសម័យក៍បាន បុរាណក៍បាន ហើយនាងបានចំណាយពេលជិតកន្លះឆ្នាំឯណ្ណោះដើម្បីប្រឹងហាត់របាំមុនពេលថតរឿង”អប្សរា មហាអង្គរ”ដែលនាងលេងជាតួអង្គព្រះជាយាទី២ ពនិតា របស់ព្រះអង្គម្ចាស់នរវរនន្ទ សម្ដែងដោយលោកអេដវីន ។ស្រីនិច្ច សង្ឃឹមថានៅពេលភាពយន្ដនេះដាក់បញ្ចាំងនាងនឹងអាចលេចធ្លោជាងនេះថែមទៀតព្រោះរឿងនេះប្រជុំទៅដោយតារាល្បីៗជារៀមច្បងដូចជាលោកទេព រិនដារ៉ូ ,អ្នកនាងអម្ពរ ទេវី និងនារីរ័ត្ន គន្ធា ជាដើម។
ក្រៅពីសឹម ស្រីនិច្ច តារាដែលផ្អាកពីសិល្បៈហើយវិលវិញមានដូចជានាងឌុច សុភា ,ចិន ចិន និងសារ៉ាយ សក្ខណា ជាដើម ខណៈដែលនាងគីម ហួរ ពេលនេះក៍ឃ្លាតពីការសម្ដែងមួយរយៈផងដែរក្រោយជួបគូស្នេហ៍។សឹម ស្រីនិច្ច ធ្លាប់ប្រាប់ថាអាជីពសម្ដែងជាផ្នែកមួយដែលនាងស្រលាញ់ ហេតុនេះទោះជាពេលនេះនាងមានមុខរបរខាងក្រៅផ្នែកអចលនទ្រព្យក្ដី តែនៅតែថតសម្ដែងតទៅទៀត ឲ្យតែមានទស្សនិកជនគាំទ្រ។ប្រភពបានឲ្យដឹងថាសឹម ស្រីនិច្ច មានជម្រើសស្នេហ៍ច្រើន តែទំនាក់ទំនងនាងជាមួយបុរសម្នាក់ដែលនាងបានបញ្ចេញឲ្យគេស្គាល់មួយប្រាវមុននេះ គឺអ្នកទាំងពីរនៅតែមានទំនាក់ទំនងល្អជាមួយគ្នាដដែល គ្រាន់តែនាងផ្អាកកៀកកើយគ្នាជាចំហប៉ុណ្ណោះ ខណៈដែលរឿងរៀបការគ្មានដំណឹង៕