ភ្នំពេញ៖តារាចម្រៀងរ៉េបដ៍ល្បី លោកម៉ាន់ វណ្ណដា បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៦ កក្កដា ២០២៣ នៅវេលាយប់អំឡុងពេលដែលអ្នកចម្រៀងរូបនេះបានធ្វើតំណើរតាមបណ្ដោយផ្លូវ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ប្រភពបានឲ្យដឹងថាលោកវណ្ណដា ជិះរថយន្ដទំនើបម៉ាកFord Everest 2023 ពាក់ស្លាកលេខ កម្ពុជាBOK. KALO ព័ណ ខ្មៅបានបុកគ្នាយ៉ាងដំណំទៅនិងរថយន្ដភាគីជនរងគ្រោះម្ខាងទៀតជិះរថយន្ដម៉ាកHigh Lander ពាក់ស្លាកលេខ2AJ 4681 ព័ណខ្លាញ់ក្ដាម ប៉ុន្ដែហេតុការណ៍នេះ មិនបណ្ដាល ឲ្យជន រងគ្រោះទាំងសងខាងរងរបួសឡើយ។តាមព័តមានថាក្រោយកើត ហេតុគេឃើញមាន អ្នក សារព័តមានតាមOnline ជាច្រើនស្ថាប័នចុះទៅLive ខណៈដែលវណ្ណដា និងស្រីស្នេហ៍លោកនាងLauyn Lauryn ត្រូវបានក្រុមការងារពួកគេជម្រៀសចេញពីទីតាំងខាងលើភ្លាមៗ ហើយពេលនោះភាគីខាងលោកវណ្ណដា មកប្រាប់អ្នកសារព័តមានថាតារាចម្រៀងរ៉េបវណ្ណដា នឹងចេញថ្លៃលើការជួលជុលរថយន្ដHigh Lander ដែលខូចខាតទាំងស្រុងរបស់ភាគីរងគ្រោះម្ខាងទៀតនោះ។
អ្នកយកព័តមានយើងមិនអាចទាក់ទងទៅលោកវណ្ណដា ឲ្យបមភ្លឺជុំវិញលោកជួបគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់ខាងលើនេះបានទេ ព្រោះអត់លេខទូរស័ព្ទ ខណៈដែលកន្លងមកធ្លាប់ទូរស័ព្ទទៅផលិតកម្មបារមី ដែលជាអ្នកគ្រប់គ្រងវណ្ណដា នោះអ្នកលើកទូរស័ព្ទហាក់មានភាពសាំញាំនិងស្មុគស្មាញច្រើនជុំវិញព័តមានរបស់តារារ៉េប មានឌតូចតែចិត្តធំរូបនេះ។ប៉ុន្ដែតាមព័តមានថាស្រីស្នេហ៍របស់លោកវណ្ណដា គឺនាងLauryn នោះតក់ស្លុតខ្លាំងណាស់ចំពោះហេតុការណ៍ខាងលើនេះ ខណៈដែលFan លើកឡើងថានេះសំណាងហើយដែលសង្សារថ្មីសាច់សខ្ចីញិញរបស់វណ្ណដា អត់រងរបួស កុំអីមិនដឹងថាអ្នកចម្រៀងរ៉េប រូបនេះបារម្ភពីសុវត្ថិភាពនាងយ៉ាងណានោះទេ ព្រោះថាពេលនេះលោកកំពុងតែថ្នមសាច់សង្សារមិនដែលហ៊ានលេងដៃធ្ងន់ដាក់នាងឡើយ។
គូរបញ្ជាក់ថាវណ្ណដា ទើបតែបណ្ដើរសង្សារមកពីច្រៀងសម្ដែងកម្មវិធីនៅក្លឹបមួយនាប្រទេសជប៉ុនកាលពីពេលថ្មីៗនេះហើយតាំងពីហ៊ានបង្ហាញមុខគូស្នេហ៍និងផ្អែមល្ហែមអោបថើបគ្នាជាសាធារណៈមកពេលនេះតារារ៉េប ទៅណាក៍ត្រូវបាននាងLauryn តាមស្អិតដូចតុកកែតែម្ដង។ប្រភពបានឲ្យដឹងថាក្រុមគ្រួសារលោកវណ្ណដា ដែលរកស៊ីលក់ដូងកោសនៅខេត្តព្រះសីហនុ នោះចង់ឲ្យលោកនិងសង្សាររៀបការឆាប់ៗ តែពេលនេះមិនទាន់មានដំណឹងច្បាស់ការថាពួកគេនឹងក្រាបផ្ទឹមនៅពេលណាឡើយ ខណៈដែលវណ្ណដា ទើបបែកបាក់ពីសង្សារចាស់នាងNam រយៈពេលខ្លី ក៍រកបានស្រីស្នេហ៍ថ្មីស្អំរបួសបេះដូងទៅហើយ។
វណ្ណដា ជាតារាចម្រៀងរ៉េប លំដាប់ជូរមុខនាពេលបច្ចុប្បន្នហើយជាគូប្រជែងគ្នាដ៍ស្វិតស្វាញបំផុតជាមួយលោកងួន ចាន់ដេវីត ទៀតផងតាមរយៈការផ្ទុះសង្រ្គាមDiss Track កាលពីចុងឆ្នាំ២០២២ ។ប៉ុន្ដែតាមព័តមានពីអ្នករៀបចំការប្រគុំតន្រ្ដីបង្ហើបថាសព្វថ្ងៃវណ្ណដា មានតម្លៃខ្លួនខ្ពស់ជាងដេវីត បើទោះជាមជ្ឈដ្ឋានមហាជនមើលឃើញថាវណ្ណដា ច្រើនតែប្រើសម្ភារៈបែបសាមញ្ញធម្មតាៗ ហើយដេវីត ប្រើសុទ្ធតែរបស់ម៉ាកប្រេន ប្រេន ដូចតារាបរទេសក្ដី។សម្រាប់Fan របស់វណ្ណដា និងដេវីត កន្លងមកពួកគេក៍កាច់កុងគ្នាមិនចាញ់Idols ទាំងសងខាងនោះទេ តែសម្រាប់តារាដែលចេញមុខគាំទ្រវណ្ណដា ពេញទំហ៊ឹងនិងច្រើនតែឌឺដងឲ្យដេវីត ដោយបើកចំហនោះគឺកំពូលតារាទើបលោកម៉ៃ សុគន្ធ ។ នៅចុងឆ្នាំ២០២៣ និង២០២៤ ខាងមុខនេះគេមិនទាន់ដឹងថាតើវណ្ណដា នៅតែអាចរក្សារតំណែងជាតារាចម្រៀងរ៉េប លំដាប់ជូរមុខគេនៅកម្ពុជាតទៅទៀតបានឬអត់នោះទេ ព្រោះថាមុននេះGalaxy បានទិញដៃស្ដាំរបស់វណ្ណដា គឺលោកសង្ហារទៅធ្វើបទភ្លេងឲ្យខ្លួនបាត់ទៅហើយ។
ដោយឡែកតារារលកក្រោយដែលកំពុងតែពង្រឹងទីផ្សារចម្រៀងរ៉េប របស់ខ្លួននោះគឺមានដូចជាលោកកូនប្រុសទី១របស់លោកព្រាប សុវត្ថិ គឺសុវត្ថិ មុនីវណ្ណ និងម្ចាស់ពានThe Voice Kids Cambodia រដូវកាលទី២លោកទេព ពិសិដ្ឋ ជាដើម ស្របពេលដែលតាមព័តមានថាតារាជើងចាស់ម្នាក់ជំនាញរ៉េប គឺលោកខ្មែរមួយជីវិត ដែលជាគូសត្រូវស៊ីសាច់ហុតឈាមជាមួយងួន ចាន់ដេវីត នោះក៍ទើបតែវិលត្រឡប់ពីអាមេរិកមកខ្មែរវិញដើម្បីអុកឡុកទីផ្សាររ៉េប សាជាថ្មីដែរ។សម្រាប់វណ្ណដា វិញមិនទាន់បញ្ចេញបទថ្មីៗសម្រុកនោះទេ ព្រោះតែម៉ារយៈនេះលោកមមាញឹករឿងបង្ហាញភាពផ្អែមល្ហែមស្នេហ៍ជាមួយគូស្នេហ៍ថ្មីនាងLauryn ច្រើនជាងធ្វើភ្លេងនិងច្រៀង ក្រោយពួកគេជួបសំណាងល្អរួចផុតពីរងរបួសដូចគ្នាក្នុងឧបទ្ទហេតុគ្រោះថ្នាក់ចរាចរណ៍មួយនេះ ។ប្រភពបានឲ្យដឹងដែរថាវណ្ណដា បានដោះចេញស្លាកលេខរថយន្ដរបស់ខ្លួនភ្លាមៗផងដែរក្រោយមានអ្នកកាសែតនិងមនុស្សកាន់តែច្រើនទៅដល់ហេតុការណ៍នោះហើយដឹងថាឡាននោះជារបស់លោក៕