Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអ្នករត់កង់បី វ៉ៃគ្នាដណ្តើមម៉ូយ

អ្នករត់កង់បី វ៉ៃគ្នាដណ្តើមម៉ូយ

ភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូកង់បី ២នាក់ កំពុងអង្គុយនិយាយគ្នាលេងសុខៗ មានភ្ញៀវស្រែកហៅកង់បីជិះ ស្រាប់តែប្រជែងដណ្តើមភ្ញៀវគ្នា រហូតដល់កើតមានទំនាស់ពាក្យសម្តី ឈានដល់ប្រតាយប្រតប់វ៉ៃគ្នាផ្អើល ដល់សមត្ថកិច្ចចុះអន្តរាគមន៍។

ហេតុការណ៍អ្នកកង់បីផ្ទុះជំម្លោះដណ្តើមម៉ូយ រហូតឈានដល់ការវាយតប់គ្នានេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល ឡើង កាលពីវេលាម៉ោង ៩និង១០នាទីយប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ត្រង់ចំណុចសួនច្បាររង្វង់មូលកាំភ្លើង កួចកាណុង តាមបណ្តោយផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីអ្នករត់កង់បីដូចគ្នា បានឱ្យដឹងថា គូភាគីជម្លោះទាំងសងខាង គឺជាអ្នករត់កង់បីដូចគ្នា និង តែងប្រចាំការនៅចំណុចខាងលើកន្លងមក ហើយមិនធ្លាប់មានជម្លោះអ្វីនឹងគ្នានោះទេ តែលើកនេះ មិនដឹងថា យ៉ាងម៉េច ក៏កើតមានជម្លោះ រហូតក្លាយជាអំពើហិង្សា វាយតប់គ្នាបែបនេះទៅវិញ។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ គាត់ឃើញបុរសទាំងពីរនាក់ខាងលើ បានអង្គុយនិយាយគ្នាលេង ដូចសព្វដង ខណៈពេលនោះ មានភ្ញៀវម្នាក់ បានហៅកង់បីជិះ ក៏ស្រាប់តែអ្នកទាំងពីរបានដណ្តើមភ្ញៀវគ្នា តែម្តង។ ភ្លាមៗនោះ បុរសទាំងពីរខាងលើ បានប្រតាយប្រតប់គ្នាអស់រយៈពេលជិត១០នាទី ទើបអ្នកនៅក្បែរនោះ បានចូលឃាត់ ប៉ុន្តែត្រូវពួកគេស្រែកហាមថា “រឿងខ្ញុំ ទុកឱ្យខ្ញុំជាអ្នកដោះស្រាយ” ។

ប្រភពខាងលើ បញ្ជាក់ថា បុរសជាអ្នករត់កង់បី ទាំង២នាក់ខាងលើ គឺសុទ្ធតែជាអ្នកនៅក្នុងសមាគមកង់បីដូចគ្នា តែដោយសារដណ្តើមភ្ញៀវគ្នា ទើបបង្កឲ្យមានហិង្សាបែបនេះ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់ទីតាំងខាងលើ បានអប់រំអ្នកពីរ និងធ្វើកិច្ចសន្យាចៀសវាង មានការប្រើប្រាស់ហិង្សាបែបនេះបន្តទៀត៕

RELATED ARTICLES