មណ្ឌលគិរី ៖ ស្ត្រីជាប្រពន្ធចុងម្នាក់ ត្រូវបានស្ត្រីជាប្រពន្ធដើម ប្តឹងចោទប្រកាន់ថាបានលើកគ្នាទៅធ្វើសកម្មភាព គាស់ផ្ទះរបស់ខ្លួន (ប្រពន្ធដើម) ដោយបានយកឈើក្តារ ចំនួន២០សន្លឹក រួមនិងសម្ភារៈមួយចំនួន ត្រូវបានស មត្ថកិច្ចចាប់ឃាត់ខ្លួន បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។ស្ត្រីជាប្រពន្ធចុងត្រូវបាន សមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីនាំបក្ខពួកគាស់ផ្ទះ ប្រ ពន្ធដើម នៅចំណុចភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា។

ស្ត្រីជាប្រពន្ធចុង ដែលរងការចោទប្រកាន់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះគាំ ច័ន្ទណា អាយុ៤២ឆ្នាំ មានលំនៅ ភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា។ ចំណែកដើមបណ្តឹង ត្រូវជាប្រពន្ធដើម (ស្ត្រីទាំង២នាក់ ជាប្រពន្ធរបស់បុរសឈ្មោះចិ)។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ករណីនេះ ដើមចមគឺកើតឡើងដោយស្ត្រីសង្ស័យ ជាប្រពន្ធចុង បាននាំគ្នាចំនួន៥នាក់ ទៅគាស់ជញ្ជាំងផ្ទះប្រពន្ធដើម យកឈើនិងសម្ភារៈមួយចំនួន ដោយប្រើប្រាស់មធ្យោយបាយរថយន្តកូរ៉េ ១គ្រឿង ដើម្បីដឹកឈើក្តារ ២០សន្លឹក។ ដែលករណីនេះ បានកើតឡើងតាំងពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ មកម៉្លេះ។

ប្រភពដដែល បន្តថា បន្ទាប់មក ក្រោយពីទទួលបានពាក្យបណ្តឹងពីស្ត្រីជាប្រពន្ធដើម ទើបនៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ សមត្ថកិច្ចបានចុះឃាត់ខ្លួនស្ត្រីឈ្មោះគាំ ច័ន្ទណា បញ្ជូនទៅសាកសួរនៅស្នងការនគរបាលខេត្ត ហើយត្រូវបញ្ជូនទៅសាលាដំបូង នាព្រឹកថ្ងៃទី៣០ កក្កដា ២០២៣ ក្រោមបទចោទលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣៕



