ភ្នំពេញ ៖ បុរស២នាក់ បានឡើងលើកន្ត្រករថយន្តស្ទូច ១គ្រឿង រួចត្រូវបានរថយន្តស្ទូចឡើងទៅលើអគារកម្ពស់ ៧ជាន់ ដើម្បីជួសជុល ស្រាប់តែអកុសល ពេលឡើងដល់ជាន់ទី៧ ស្រាប់តែកន្ត្រកបានដាច់ធ្លាក់ចុះដី បណ្តាល ឱ្យបុរសទាំង២នាក់រងរបួសយ៉ាងធ្ងន់ និងត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ដាច់កន្ត្រករថយន្តស្ទូច ធ្លាក់កម្មករ ២នាក់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាល ពីវេលាម៉ោង៤រសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ នៅត្រង់អគារហាងលក់នំ មួយកន្លែង មានយីហោ ឌាបេក ឃើរី & ខេក (DeerBakery & Cake) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

ជនរងគ្រោះទាំង២នាក់ ដែលរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើ នៅមិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយ ក្រោយកើតហេតុ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ។តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តស្ទូច១គ្រឿង បានស្ទូច បុរសជាជាងជុសជុល ចំនួន២នាក់ ឡើងតាមកន្ត្រក ទៅលើជាន់ទី៧ ដើម្បីធ្វើការងារ ស្រាប់តែពេលស្ទូចទៅ ដល់ជាន់លើ (ជាន់ទី៧) ស្រាប់តែដាច់កន្ត្រក ធ្លាក់មកក្រោម បណ្តោយឱ្យបុរសទាំងពីរនាក់រងរបួសយ៉ាងធ្ងន់ ហើយភ្លាមៗនោះ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ មកដឹកទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន នៅមិនទាន់អាចបញ្ជាក់អំពីមូលហេតុច្បាស់ លាស់នៅ ឡើយទេ។ ប៉ុន្តែសមត្ថកិច្ចជំនាញ កំពុងតែធ្វើការសាកសួរសាក្សី ម្ចាស់ទីតាំង រួមទាំងខាងជំនាញម៉ៅការសាង សង់ ក៏ដូចជាអ្នកនៅជុំវិញកន្លែងកើតហេតុ ដើម្បីបញ្ជាក់ពីមូលហេតុពិតប្រាកដ៕


