ខេត្តមណ្ឌលគិរី ៖ យុវជនជនជាតិដើមភាគតិចព្នងម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័មបំផុត ខណៈរូបគេកំពុងជិះម៉ូតូកែច្នៃដឹកឈើ ចេញពីព្រៃនៅចំណុចអូរឡា ស្ថិតនៅភូមិរកាថ្មី ឃុំសែនមនោរម្យ ស្រុកអូររាំង កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ។ គ្រួសារជនរងគ្រោះបានឲ្យដឹងថា ដោយក្នុងគ្រួសារមានសមាជិករហូតដល់១០នាក់ (ឪពុកម្តាយពីរនាក់ កូនតូចៗរួមនឹងជនរងគ្រោះសរុប៨នាក់) សុទ្ធតែនៅកេ្មងៗមិនអាចជួយរកស៊ីអ្វីកើត។
ជនរងគ្រោះដែលជាកូនច្បង ទើបមានវ័យ១៨ឆ្នាំ បានចេញពីភូមិទៅរកស៊ីដឹកឈើជាមួយអ្នកជិតខាង ដើម្បីបានប្រាក់ជួយផ្គត់ផ្គង់គ្រួសារ បន្ថែមលើមុខរបរដាំដុះដំណាំចម្ការដែលខ្វះមុខខ្វះក្រោយ។
ប្រភពបានឲ្យដឹងថា នៅពេលជនរងគ្រោះកំពុងដឹកឈើចេញពីព្រៃចំណុចខាងលើ ខណៈកំពុងឡើងចំណោត ក៏ទាក់ជាមួយវល្លិ៍ បណ្តាលឲ្យម៉ូតូដែលកំពុងដឹកឈើធ្ងន់ផងនោះ ដួលត្រឡប់ក្រោយពីរបីត្រលប់ សង្កត់ពីលើជនរងគ្រោះគួរឲ្យអាសូរបំផុត។
ប្រភពថា ក្រោយកើតហេតុភ្លាម អ្នកដឹកឈើ រួមក្រុមជាមួយជនរងគ្រោះបានជួយរើយកឈើចេញ និងដឹកជនរងគ្រោះទៅសង្គ្រោះបន្ទាន់ នៅមណ្ឌលសុខភាព ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ ជនរងគ្រោះមានឈ្មោះ ខ្វិន យ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិព្នង ដែលរស់នៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
អ្វីដែលក្រុមគ្រួសារសពកាន់តែជួបការលំបាកនោះ ព្រោះតាំងពីយកសពទៅធ្វើបុណ្យនៅលំនៅដ្ឋានដ៏តូចរយីករយាក គេនៅមិនទាន់ឃើញមានអ្នកភូមិណាម្នាក់ទៅជួយចូលបុណ្យទេ ព្រោះតែបញ្ហាប្រពៃណីជនជាតិដើម ប្រកាន់ថា អ្នកស្លាប់នោះគឺជាខ្មោចតៃហោង ដែលអាចនាំគ្រោះចង្រៃដល់អ្នកភូមិ៕
