ភ្នំពេញ ៖ ស្របពេលដែលមហាជន បានសម្តែងការអបអរសាទរចំពោះពិធីភ្ជាប់ពាក្យរបស់អន្ទិតសាន សុជា និងកញ្ញា ឡៅ ដានេ កាលពីថ្ងៃទិ៣០ ខែកក្កដា ឆ្នាំ២០២៣ នោះ ក៏មានការរិះគន់វាយប្រហារមួយចំនួនថាអន្ទិត សាន សុជា លួចមានស្នេហាទាំងអំឡុងនៅភេទជាសង្ឃ រហូតគ្រប់គ្រងតណ្ហាអាត្មាលែងបាន ក៏បង្ខំសឹក មក ដណ្តឹងប្រពន្ធ ។ ជាពិសេស ក្រុមលោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែល តែង រិះគន់ ជេរប្រមាថព្រះសង្ឃនានា ក៏ដូចជាធ្លាប់បាននិងកំពុងបន្តជេរប្រមាថអតីតភិក្ខុសាន សុជា ជារឿយៗនោះ បានលើកឡើងថា អន្ទិតសាន សុជា ទើបនឹងសឹក មិនទាន់បាន ៣ខែស្រួលផង ធ្វើពិធីដណ្តឹងប្រពន្ធ ភ្ជាប់ពាក្យ ភ្លែត តើបានលុយមកពីណា បើពីមុនអះអាងថា ខ្លួនមិនដែលកាន់លុយ (បច្ច័យ) ផងនោះ?

សូមបញ្ជាក់ថា អន្ទិតសាន សុជា បានធ្វើពិធីភ្ជាប់ពាក្យឆ្លង២ប្រទេស (កម្ពុជា-អូស្ត្រាលី) កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ជាមួយនារីខ្មែរ វ័យក្មេង រូបស្រស់ម្នាក់ ដែលជាអតីតដូនជី មួយរូបផងដែរ ហើយសព្វថ្ងៃកំពុងរស់នៅ ប្រទេសអូស្ត្រាលី ដូចគ្នា។
បន្ទាប់ពីបានឃើញពិធីភ្ជាប់ពាក្យរបស់អតីតភិក្ខុវជិរប្បញ្ញោ សាន សុជា ស្រាប់តែមានសកម្មជនបក្សអិលឌីភី របស់លោកខឹម វាសនា បានរិះគន់វាយប្រហារ ជេរប្រមាថ ជាមួយសំណួរថា “សឹកមិន ទាន់បាន ៣ខែ និងមិន ទាន់រកស៊ីអីផង បានលុយពីណាទៅដណ្តឹងប្រពន្ធ?»។

ក្រុមអិលឌីភី កូនចៅលោកខឹម វាសនា ដែលប្រើគណនីហ្វេសប៊ុក ឈ្មោះ «គសប ស្រុកខ្សាច់កណ្តាល» កាល ពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បានបង្ហោះវីដេអូពិធីភ្ជាប់ពាក្យរបស់លោកសាន សុជា និងគូដណ្តឹង ភ្ជាប់ជាមួយ សំណេរបែបចំអកថា “សឹកមិន ទាន់បាន ៣ខែស្រួលបួលផង និងមិនទាន់រកស៊ីអីផងហ្នឹង សល់លុយទៅដណ្តឹង កូនគេ? តិចជាមហាចោរដែលព្រះពុទ្ធ សម្តែងនោះទេអី? ឬសម័យនេះ គេហៅអាចោរថង់យាម ដូចលោកពូ វាសនា ថាទេដឹង…”។

ឆ្លើយតបសំណួររបស់ក្រុមលោកខឹម វាសនា ថាបានលុយពីណាដណ្តឹងប្រពន្ធនេះ អន្ទិត សាន សុជា បាន បញ្ជាក់ថា “ខ្ញុំចង់បញ្ជាក់បន្តិច ខ្ញុំមានខមិនច្រើន ដែលពេលខ្ញុំបង្ហោះដំណឹងទៅ គេថានារីណានឹងមានសំ ណាងធ្វើដៃគូខ្ញុំ? តែសម្រាប់ខ្ញុំ ខ្ញុំនិយាយលេងផង មែនផងថា អ្នកដើរតាមខ្ញុំ ជាមួយខ្ញុំ មិនប្រាកដថាមាន សំណាងទេ ពីមុន គេជេរខ្ញុំតែម្នាក់ តែពីថ្ងៃនេះទៅ គេជេរ ២នាក់ ហើយម៉្យាងទៀត មានសំណួរច្រើន តែខ្ញុំ មិនជាបកស្រាយអីទេ ប៉ុន្តែការរួបរួមសាមគ្គីគ្នារបស់បងប្អូននៅពេលនេះ គឺជាចម្លើយថា ខ្ញុំមានលុយឯណា មកដណ្តឹងប្រពន្ធ? តាមពិត ខ្ញុំអត់មានអស់អីទេ ដណ្តឹងប្រពន្ធហ្នឹង គឺជាការផ្តើមឡើងរបស់ក្រុមញាតិមិត្តព្រះធម៌ ហើយជាពិសេស គឺម្ចាស់គេហដ្ឋាន គឺបងស៊ីចាន់ និងភរិយា។ មែនទែនទៅ ខ្ញុំចង់ចូល Zoom ស្ងាត់ៗ ២នាក់ទេ អត់មានអីទេ ហើយដំបូងឡើយ បងស៊ីចាន់ ថាពិធីហ្នឹងហើយ គាត់គ្រាន់តែអញ្ជើញខ្ញុំមកពិសាបាយស្ងាត់ៗ តែ២នាក់ទេ អត់មានឱ្យអ្នកណាដឹងទេ។ ប៉ុន្តែពីមួយថ្ងៃ ទៅមួយថ្ងៃ បច្ច័យតគ្នា បច្ច័យដល់ចេះតែតៗគ្នាអ៊ីចឹងទៅ ហើយម្ហូបអាហារស្អីៗហ្នឹង គឺបងប្អូននៅទីនេះភាគច្រើន រួមស្រាក់គ្នាធ្វើ មកទទួលភ្ញៀវ ក្នុងម្ហូបទាំងអស់ហ្នឹង ខ្ញុំអត់មានអស់អីទេ ខ្ញុំមានតែមកបង្ហិនវិញ ទាំងដេគ័រ ទាំងស្អីៗ និយាយរួមទាំងអស់ គឺរូបខ្ញុំនេះ ពិតជាអត់មានលុយដណ្តឹងប្រពន្ធមែន»។

ចំពោះពិធីអាពាហ៍ពិពាហ៍ អន្ទិត សាន សុជា បានបញ្ជាក់ថា គ្រោងធ្វើនៅចុងខែវិច្ឆិកា ឆ្នាំ២០២៣។អន្ទិតសាន សុជា បន្តថា «យើងកំពុងតែ Plan ទៅចុងខែ១១ តែឥឡូវដោយសាររកកន្លែងអត់ទាន់បាន អ៊ីចឹង ខ្ញុំអត់ឆ្លើយ សំណួរអីច្រើនទេ តែសំណួរមិញ ខ្ញុំឆ្លើយហើយថា ចុងខែ១១ ហើយយើងកំពុងតែរកកន្លែង ហើយ ខ្ញុំឆ្លើយ សំណួរផ្ទាល់ខ្លួនតែមួយទេ សួរថា ខ្ញុំមានលុយឯណា ដណ្តឹងប្រពន្ធ? ថាខ្ញុំពិតជាអត់មានលុយដណ្តឹង ប្រពន្ធមែន អ៊ីចឹងកម្មវិធីទាំងអស់នេះ នៅពេលនេះ គឺជាគុណបំណាច់នៃការធ្វើសេចក្តីល្អទៅវិញទៅមកហើយ ខ្ញុំក៏មិននឹក ស្មានថា ទឹកចិត្តបងប្អូនហ្នឹង មានភាពកក់ក្តៅឱ្យពួកយើងប៉ុណ្ណឹងទេ។ ដូច្នេះពួកយើងនឹងរក្សានូវចំណងមួយនេះ ដើម្បីបំពេញប្រយោជន៍សម្រាប់ជីវិតពួកយើងផ្ទាល់ខ្លួនផង និង សម្រាប់សហគមន៍យើងផងតទៅទៀត…”។

គួរបញ្ផាក់ថា ក្រោយពីលាចាកសិក្ខាបទ បានរយៈពេលប្រមាណជាង២ខែ អតីតភិក្ខុវជិរប្បញ្ញោ សាន សុជា បានសម្រេចរៀបចំពិធីភ្ជាប់ពាក្យជាមួយនារីរូបស្រស់ ជាអតីតដូនជីក្រមុំម្នាក់ ឈ្មោះឡៅ ដានេ ដែលសព្វ ថ្ងៃកំពុងរស់នៅប្រទេសអូស្ត្រាលី ដូចគ្នា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ហើយពិធីភ្ជាប់ពាក្យនេះ បាន ធ្វើឡើងនៅពីរប្រទេសព្រមគ្នាតែម្តង ដោយនៅឯប្រទេសកម្ពុជា នាទឹកដីខេត្តសៀមរាប ភូមិតាប្រាក់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ឪពុកម្តាយ ក្រុមគ្រួសារកូនកំលោះ និងកូនក្រមុំ បានរៀបចំពិធីស្តីដណ្តឹង នៅគេហដ្ឋាន ខាងស្រី។ ចំណែកនៅប្រទេសអូស្ត្រាលី សាមីខ្លួនកូនកំលោះ និងកូនក្រមុំ រៀបចំពិធីបំពាក់ចិញ្ចៀនភ្ជាប់ពាក្យ ដោយមានការបញ្ជូនរូបភាពតាមរលកធាតុអាកាស ប្រព័ន្ធ Zoom ៕ ដារិទ្ធ