សរអា-កម្ពុជា ៖ អតីតតារាចម្រៀងល្បីឈ្មោះ ដែលរងគ្រោះដោយការបាញ់ប្រហារ បណ្តាលឲ្យធ្លាក់ខ្លួនមានពិ ការភាព កញ្ញាទូច ស៊ុននិច ដែលសព្វថ្ងៃកំពុងរស់នៅឯសហរដ្ឋអាមេរិក ឃ្លាតឆ្ងាយពីមាតុភូមិ ជិត២០ឆ្នាំ មក ហើយនោះ នៅសុខៗបានថ្លែងនឹករលឹកដល់ជនរួមជាតិខ្មែរ ធ្វើឲ្យបងប្អូនប្រជាជនខ្មែរជាច្រើន បានសម្តែងនូវ ការឆ្លើយតបដោយក្តីនឹករលឹកចំពោះអតីតតារាចម្រៀងអភ័ព្វរូបនេះ និងបានជូនពរឲ្យនាងឆាប់បានជាដូចដើម វិញ ដែលជាការបញ្ជាក់បានថា ទូច ស៊ុននិច នៅតែជាតារាក្នុងដួងចិត្តជនរួមជាតិកម្ពុជា ទាំងចាស់ទាំងក្មេង ដែលនៅតែចងចាំវង់ភ័ក្រ្តមូលក្រឡង់ ស្នាមញញឹមស្រស់រំលេចថ្ពាល់ខួច សំឡេងមុតស្រួចស្រួយស្រែះដូច សារិកា របស់តារាអតីតសាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរ រូបនេះ។
សូមរំឭកថា កញ្ញាទូច ស៊ុននិច ជាអតីតតារាចម្រៀងដ៏ល្បីល្បាញ រួមជំនាន់ជាមួយតារាចម្រៀងម៉េង កែវពេជ្ជតា ផងដែរ តែអកុសលអ្វី នាងបែរជាត្រូវខ្មាន់កាំភ្លើងលបបាញ់ប្រហារ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០០៣ នៅចំ ណុចហាងលក់ផ្កា នាដងវិថីមុនីរ៉េត ខាងត្បូងផ្សារដើមគ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្តាលឲ្យរង របួសធ្ងន់ ចំណែកម្តាយនាង បានស្លាប់ ។ ក្រោយមកនាងត្រូវបានបញ្ជូនទៅព្យាបាល និងស្នាក់នៅលើទឹកដី សហរដ្ឋអាមេរិក រហូតមកដល់សព្វថ្ងៃ ។ ប៉ុន្តែដោយសាររបួសដោយគ្រាប់កាំភ្លើងរបស់ឧក្រិដ្ឋជន ធ្ងន់ធ្ងរពេក ទើបបណ្តាលឲ្យនាងបានត្រឹមរួចជីវិត តែត្រូវធ្លាក់ខ្លួនរស់ក្នុងពិការភាព មិនអាចកម្រើកខ្លួនមួយកំណាត់ក្រោម បាន ត្រូវស្ថិតនៅលើរទេះរុញជាប្រចាំ ។ ចំណែកការច្រៀង ទោះបីនៅរក្សាបានទឹកដមសំឡេងពីរោះដូចពីមុន ក៏មិនអាចស្រែកច្រៀងបានដូចមុនពេលរងគ្រោះនោះដែរ ដោយសារឆាប់ហត់ ។
គិតមកដល់ឆ្នាំ២០២៣ នេះ អតីតតារាចម្រៀង ទូច ស៊ុននិច បានឃ្លាតឆ្ងាយពីស្រុកកំណើត មាតុភូមិកម្ពុជាអស់ រយ:ពេល ជិត ២០ឆ្នាំមកហើយ តែនាងតែងតែផ្ញើក្តីនឹករលឹកដល់ជនរួមជាតិខ្មែរ ដោយការបង្ហោះជាសំណេរ និង បទចម្រៀង តាមទំព័របណ្តាញសង្កម ហ្វេសប៊ុក របស់នាង ជារឿយៗផងដែរ។
ជាក់ស្តែង នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ កញ្ញា ទូច ស៊ុននិច បានផ្ញើក្តីនឹករលឹក ដល់បងប្អូនប្រជាជនខ្មែរ ដែលរស់នៅក្នុងប្រទេសកម្ពុជា ជាថ្មី តាមរយ:សារក្នុងទំព័រហ្វេសប៊ុក ផ្ទាល់ខ្លួនដោយនាងបានសរសេរខ្លីថា «ជម្រាបសួរ បងប្អូនទាំងអស់គ្នា! នឹកណាស់!»។
សារខ្លីរបស់កញ្ញាទូច ស៊ុននិច ខាងលើនេះ បានឆក់យកបេះដូងជនរួមជាតិកម្ពុជា ជាច្រើន ឲ្យចូលទៅឆ្លើយតប បង្ហាញនូវក្តីនឹករលឹកទៅកាន់អតីតតារាចម្រៀងល្បីរូបនេះវិញ ជាមួយនឹងការអាណិតអាសូរ និងជូនពរឲ្យនាង ឆាប់បានជាសះស្បើយ ផុតពីពិការភាព និងនៅតែគាំទ្រស្តាប់សំនៀងរបស់នាង ទាំងបទចាស់ៗ និងបទថ្មី នៅពេលខាងមុខ ដែលការណ៍នេះ បង្ហាញថា ជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស នៅតែចងចាំតារា ចម្រៀង រូបនេះ នៅក្នុងចិត្តជានិច្ច ទោះបីជានាងបានបាត់មុខពីសិល្ប: អស់រយ:ពេលជិត២០ឆ្នាំ មកហើយក៏ដោយ។
គួរបញ្ជាក់ដែរថា ទោះបីជាមកដល់ពេលនេះ ស្នាមរបួសផ្លូវកាយរបស់នាង ដោយសារការបាញ់ប្រហាររបស់ ខ្មាន់កាំភ្លើងដ៏ឃោរឃៅកាលពីជិត២០ឆ្នាំមុននោះ បានជាសះស្បើយអស់ទៅហើយក្តី តែកញ្ញាទូច ស៊ុននិច នៅតែបង្ហាញថា ស្នាមរបួសផ្លូវចិត្តរបស់នាង មិនទាន់ជាសះស្បើយនៅឡើយ ដោយសារតែឧក្រិដ្ឋជនដែល បាញ់ប្រហារបណ្តាលឲ្យម្តាយនាងស្លាប់ និងរូបនាងរងរបួស ក្លាយជាមនុស្សពិការនោះ មិនទាន់ត្រូវបានវែកមុខ យកមកចាត់ការតាមច្បាប់បាននៅឡើយ ហេតុនេះហើយ ទើបនាងតែងតែរំឭកពីសោកនាដ កម្មរបស់គ្រួសារ នាង ក្នុងហេតុការណ៍បាញ់ប្រហារ កាលពីឆ្នាំ២០០៣នោះ ជារឿយៗ និងនៅតែទទួចស្នើសុំថ្នាក់ដឹកនាំ និងសមត្ថ កិច្ចពាក់ព័ន្ធ ជួយវែកមុខក្រុមឃាតករ ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ដើម្បីឲ្យអ្នកម្ដាយរបស់នាង និងរូប នាង ព្រមទាំងក្រុមគ្រួសារ បានទទួលយុត្តិធម៌ពិត៕