ព្រៃវែង ៖ នារីរូបស្រស់ម្នាក់ ទើបនឹងចេញពីរៀនជំនាញអ៊ុតសក់ ជិះម៉ូតូបំណងត្រឡប់មកផ្ទះវិញ ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែត្រូវរថយន្ត ១គ្រឿង បើកមកបុកពេញទំហឹង រួចកិនចំក្បាល បណ្តាលឱ្យបែកខ្ទេច ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។ ចំណែករថយន្តបង្កបាន បន្ថែមល្បឿនគេចបាត់ស្រមោលភ្លាមៗ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង១៥នាទីល្ងាច ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ 8A ត្រង់ចំណុចភូមិជ្រៃសីមា ឃុំជាខ្លាំង ស្រុកស្វាយអន្ទរ។

នារីរងគ្រោះដែលត្រូវរថយន្តបុកស្លាប់ មានឈ្មោះព្រំ សុខលីន អាយុ២៥ឆ្នាំ កំពុងរៀនជំនាញអ៊ុតសក់ មានលំនៅ ភូមិព្រៃតាណាន់ ឃុំជ្រៃ ស្រុកស្វាយអន្ទរ។ ចំណែកអ្នកបើកបររថយន្តបង្កហេតុ មិនស្គាល់អត្តសញ្ញាណ ក្រោយបង្កហេតុរួច បានបើករថយន្តរត់គេចបាត់។

លោកវរសេនីយ៍ឯក អ៊ុង ផាន អធិការនគរបាលស្រុកស្វាយអន្ទរ បានបញ្ជាក់ប្រាប់ថា មុនកើតហេតុ នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ នារីរងគ្រោះបានជិះម៉ូតូ ១គ្រឿង ត្រឡប់មកពីរៀនអ៊ុតសក់ នៅក្នុងហាងអ៊ុតសក់ មួយកន្លែង ក្នុងទីប្រជុំជនស្រុកស្វាយអន្ទរ បំណងត្រឡប់ទៅផ្ទះវិញ នៅឃុំជ្រៃ ប៉ុន្តែអកុសល ពេលជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើ ត្រូវរថយន្ត ១គ្រឿង មិនស្គាល់ម៉ាកនិងស្លាកលេខ បើកបញ្ច្រាសទិសគ្នា បានជ្រុលមកបុកម៉ូតូនារីរងគ្រោះ និងកិនចំក្បាលនារីរងគ្រោះ បណ្តាលឱ្យបែកក្បាល ស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។ ចំណែករថយន្តបង្កហេតុ ក្រោយពីបុកម៉ូតូនិងកិននារីរងគ្រោះភ្លាម ក៏បានបើករត់គេចបាត់ស្រមោលតែម្តង។

ក្រោយពេលកើតហេតុ សពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តបង្កហេតុ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវតាមរក ដើម្បីនាំយកមកចាត់ការតាមច្បាប់៕
