ភ្នំពេញ៖ទេព បូព្រឹក្ស បានប្រកាសថានាងនឹងចេញមុខជាថ្មីក្នុងកម្មវិធីប្រគុំតន្រ្ដីមួយនៅថ្ងៃទី១២ សីហា ដែលថ្ងៃនោះក៍មានការចូលរួមពីស្វាមីនាងលោកងួន ចាន់ដេវីត ផងដែរ។ប៉ុន្ដែមិនទាន់ដឹងថាតើនាងមានការច្រៀងសម្ដែងរួមគ្នាជាមួយដេវីត ដែរឬអត់នោះទេ ខណៈដែលគូស្នេហ៍នាងក៍បានផ្សព្វផ្សាយពីការវិលរកឆាកតន្រ្ដីរបស់នាងជាថ្មីទៅFan ទាំងសងខាង។នេះជាការបង្ហាញខ្លួនលើកដំបូងរបស់នាងស្រីនិច្ច ហៅបូព្រឹក្ស ក្រោយពីរូបនាងបានផ្អាកកាន់ក្បាលមីក្រូអស់រយៈពេលជិត១០ខែមកហើយ ពោលគឺតាំងពីចុងឆ្នាំ២០២២ ដើម្បីសម្រាលកូនកាលពីថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០២៣ ។អំឡុងពេលនៅសសៃខ្ចីនៅឡើយនេះបូព្រឹក្ស បានចេញបទថ្មីបានតែ១បទប៉ុណ្ណោះគឺ”ទេវរាជ “ ខណៈដែលមុនវិលមកស្ដារមុខមាត់ឡើងវិញនេះស្រីនិច្ច ក៍បានប្រាប់ថានាងព្យាយាមសម្រកទម្ងន់ថែមទៀតពោលគឺស្រលាញ់គីឡូជាង៤០ ខណៈដែលកាលមានផ្ទៃពោះនាងឡើងទម្ងន់ដល់ទៅ៧០ គ.ក្រ និងពេលនេះនៅជាង៥០ គ.ក្រ។តាមរយៈការចេញមុខជាថ្មីនេះគេមិនទាន់អាចសន្និដ្ឋានបានថាតើនាងបូព្រឹក្ស នឹងនៅរក្សារតំណែងរបស់ខ្លួនក្នុងនាមជាតារាផ្នែកយុវវ័យបានតទៅទៀត ឬអត់ក្រោយនាងមានកូន១នេះ ។ប៉ុន្ដែគេជឿរថាបូព្រឹក្ស នឹងមិនប្រថុយលេងក្បាច់រាំសាហាវៗដូចមុនទៀតនោះទេ ព្រោះថានាងមិនទាន់មានសុខភាពដូចដើម។តែការដែលដេវីត បានបង្ហាញការគាំទ្រយ៉ាងពេញទំហ៊ឹងចំពោះការវិលមកជាថ្មីរបស់ស្រីនិច្ច នាពេលនេះដែរ គេអាចនិយាយបានថាអាជីពចម្រៀងរបស់ស្រីនិច្ច ទៅមុខ ឬថយក្រោយ បន្ទាប់ពីមានប្ដីនិងកូន១នេះគឺស៊ីសងនៅលើស្វាមីនាង ជាអ្នកកំណត់តែម្ដងព្រោះលោកជាអ្នកធ្វើបទភ្លេងឲ្យគូស្នេហ៍ច្រៀងផ្ទាល់។
ក្រៅពីនាងទេព បូព្រឹក្ស តារាចម្រៀងដែលនៅតែអុកឡុកឆាកតន្រ្ដីក្រោយមានកូន១នោះមានដូចជាឱក សុគន្ធកញ្ញា ,សួស វីសា និងពេជ្រ សូលីកា ជាដើម តែគ្រប់គ្នាមើលឃើញច្បាស់ថាតារាខាងលើលែងសូវមានបទល្បីៗឬមានសន្ទុះខ្លាំងដូចកាលនៅលីវទៀតហើយ។ប៉ុន្ដែនាងបូព្រឹក្ស ខុសពីតារាកូន១ ខាងលើព្រោះថាលោកចាន់ដេវីត ជាអ្នកនៅពីក្រោយខ្នងនៃការផលិតបទចម្រៀង និងMV របស់នាងហេតុនេះហើយគេជឿរថាលោកនឹងមិនបណ្ដោយឲ្យកំពូលស្នេហ៍លោកធ្លាក់ឬចុះខ្សោយក្រោយនាងសម្រាលកូនឲ្យលោកទើបតែបាន១នោះឡើយ។
គូរបញ្ជាក់ថាទេព បូព្រឹក្ស មុនមានស្វាមីនិងកូន១នាងជាតារាដែលទទួលបានការចាប់អារម្មណ៍តាមរយៈការលេងក្បាច់រាំ និងវិធីតុបតែងខ្លួនប្លែកៗជាជាងការប្រើប្រាស់សម្លេង។អតីតតារាហង្សមាសនិងគូស្នេហ៍ជាអ្នកចូលចិត្តលេងខ្លួនដូចគ្នាហើយសម្លៀកបំពាក់និងសម្ភារៈដែលអ្នកទាំងពីរប្រើប្រាស់គឺជារបស់សុទ្ធតែម៉ាកប្រេន ប្រេន សឹងតែទាំងអស់ ជាក់ស្ដែងដូចជាកាលពីខែឧសភា ឆ្នាំ២០២៣ នៅពេលដែលពួកគេទៅដើរកម្សាន្ដនៅបារាំងជាង២សប្ដាហ៍នោះអ្នកទាំងពីរសម្រុកទិញខោអាវនៅហាងLX ដាក់ណែនៗវ៉ាលីមកស្រុកវិញ។ប្រភពបានឲ្យដឹងថាសម្រាប់Sponsors ខ្លះដែលកំពុងតែធ្វើការជាមួយងួន ចាន់ដេវីត ក៍នឹងបន្ដចាប់ដៃជាមួយបូព្រឹក្ស ផងដែរនៅពេលនាងវិលវិញនេះបើទោះជាមិនមានព័តមានពីការដាក់សម្ពាធមកលើក្រុមហ៊ុនទាំងនោះពីសំណាក់ដេវីត ដើម្បីឲ្យយកគូស្នេហ៍លោកដែរក៍ដោយ។
ទេព បូព្រឹក្ស ស្ថិតក្នុងចំណោមតារាដែលជ្រើសប្ដីជាតារាដូចគ្នាមានដូចជាអ្នកនាងយក់ ថិតរដ្ឋា ,ពេជ្រ សោភា ,ប៉ាច គីមមួយ និងម៉ានីកា ជាដើម។មជ្ឈដ្ឋានមហាជនសង្ស័យថានាងបូព្រឹក្ស នឹងមិនមានគម្រោងដឹកដៃងួន ចាន់ដេវីត ចូលរោងការឆាប់ៗនេះទេ ព្រោះបច្ចុប្បន្ននាងត្រូវការពង្រឹងអាជីពចម្រៀងឡើងវិញ ខណៈដែលកន្លងមកនៅចំពោះមុខអ្នកសារព័តមាននាងក៍មិនហ៊ាននិយាយថាខ្លួនបានភ្ជាប់ពាក្យ ឬសែនព្រេន ក៍ដូចជាបានចុះអេតាស៊ីវិលជាមួយដេវីត ហើយឬនៅនោះទេ ព្រោះថារឿងខ្លះអាចនិយាយបាន ខ្លះទៀតមិនអាច។ការវាចារបស់ស្រីនិច្ច បែបនេះក្រោយពីនាងបូព្រឹក្ស និងដេវីត ធ្លាប់បានដឹកដៃគ្នាទៅថតPre-Wedding នៅកោះម៉ាល់ឌីវកាលពីឆ្នាំ២០១៩ តែក៍ស្ងាត់រឿងពួកគេគ្រោងរៀបការនោះរហូតមកដល់សព្វថ្ងៃ។គេជឿរថាគូស្នេហ៍នេះអាចនឹងជ្រើសផ្លូវយកកូនថែមទៀតនាពេលខាងមុខ ជាជាងការក្លាហានរៀបការដោយចំហ ខណៈដែលសព្វថ្ងៃពួកគេរស់នៅក្នុងកម្រិតជីវភាពយ៉ាងហ៊ឺហាលើផ្ទះវីឡារយ៉ាងប្រណិតជិះរយន្ដម៉ាកEscalade និងប្រើប្រាស់សុទ្ធតែឥវ៉ាន់ម៉ាកប្រេន ប្រេន ដែលគូស្នេហ៍តារាផ្សេងទៀតពិបាកធ្វើតាម៕