ភ្នំពេញ៖ចំណងស្នេហាអ្នកនាងលី ម៉ារីណា ជាមួយលោកវីរសេនីយ៍ឯកទៀង ច័ន្ទសារ អធិការដ្ឋាននគរបាលខណ្ឌដូនពេញបានបើកចំហរយពេល៤ខែមកហើយដែលចាស់ទុំក្រុមគ្រួសារទាំងសងខាងទទួលស្គាល់ និងគ្មានអ្នកណាចេញមុខប្រឆាំងឡើយ ក្រោយម៉ារីណា និងគូស្នេហ៍ថ្មីចេញមុខរួមគ្នាស្ទើតែគ្រប់កម្មវិធីដែលដំបូងនៅថ្ងៃសង្រ្កាន្ដនៅវត្តភ្នំកាលពីខែមេសា ឆ្នាំ២០២៣, កម្មវិធីខួបកំណើតនាងគម្រប់អាយុ៤២ឆ្នាំ កាលពីថ្ងៃទី២៦ ឧសភា ឆ្នាំ២០២៣ រួមទាំងបណ្ដារពិធីជាច្រើនទៀតដែលអ្នកទាំងពីរតែងតែលេចមុខរួមគ្នាដូចប្ដីប្រពន្ធ។ពិតណាស់ថាម៉ារីណា មិនបានទុកបេះដូងឲ្យនៅទំនេរយូឡើយ ក្រោយពីនាងចែកផ្លូវជាមួយអតីតស្វាមីលោកសាត ចាន់ថន ទាំងចម្រូងចម្រាសកាលពីដើមឆ្នាំ២០២២ នោះពេលនេះនាងឆក់បានតំណែងជំទាវទៅហើយទោះជាម៉ារីណា និងលោកច័ន្ទសារ មិនទាន់ក្លាយទៅជាប្ដីប្រពន្ធគ្នាស្របច្បាប់ក្ដី។ប្រភពបានឲ្យដឹងថាម៉ារីណា ចង់រៀបការជាលើកទី៣ ដើម្បីឲ្យនាងក្លាយទៅជាជំទាវពេញសិទ្ធិរបស់លោកអធិការខណ្ឌដូនពេញ ព្រោះនាងមិនចង់សាងស្នេហ៍ដោយលាក់លៀមឬមិនលឹបលៗ នោះឡើយ ខណៈដែលនាងធ្លាប់មានស្វាមី២លើកកន្លងមកក៍សុទ្ធតែបានឆ្លងកាត់ជីវិតអាពាហ៍ ពិពាហ៍ ទាំង២ដងដែរគឺបានរៀបការជាមួយលោកទឹត ថាវរិទ្ធ និងអាណិកជនខ្មែរមកពីអាមេរិកលោកសាត ចាន់ថន ដែលស្វាមីទី២នោះបានរក្សារចំណងស្នេហាដល់ទៅ១០ឆ្នាំ ទើបប្រេះឆា។តារាស្និតម៉ារីណា បង្ហើបប្រាប់ថាអ្នកមេម៉ាយរូបនេះនឹងរៀបការជាលើកទី៣ហើយពិធីនោះមិនយូទេនឹងលេចចេញជារូបរាងឡើង ដែលគេអាចសន្និដ្ឋានបានថាជាមង្គលការដ៍ធំព្រោះភ្ញៀវខាងម៉ារីណា មានសុទ្ធតែជាតារាល្បីៗសឹងតែទាំងអស់ ចំណែកលោកវីរសេនីយ៍ឯកទៀង ច័ន្ទសារ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ គឺមានភ្ញៀវស្ទើតែទាំងស្រុងជាមន្រ្ដីធំ។
លី ម៉ារីណា មិនទាន់និយាយរឿងចំណងស្នេហាថ្មីជាមួយលោកទៀង ច័ន្ទសារ នោះទេ ទោះជាអ្នកយកព័តមានយើងព្យាយាមទាក់ទងតាមសារហ្វេសបុកទៅនាងជាច្រើនដងក្ដី។ដោយឡែកតារាជិតដិតនាងនៅពេលសាកសួរថាម៉ារីណា និងលោកច័ន្ទសារ បានភ្ជាប់ពាក្យនិងគ្នាហើយឬនៅ នឹងរៀបការនៅពេលណានោះពួកគេខ្លះបែជានិយាយថាអត់ដឹង និងមួយចំនួនទៀតថាមិនហ៊ាននិយាយទៅវិញ។ទោះជាយ៉ាងណាក្រុមតារាដែលរួមអាជីពជាមួយម៉ារីណា នោះពួកគេបានសារភាពថាពិតជាមានតារាខ្លះចាប់ផ្ដើមហៅអ្នកមេម៉ាយសាច់សខ្ចីរូបនេះថាជាជំទាវៗជាបណ្ដើរៗហើយពិតប្រាកដមែន…។
លី ម៉ារីណា អាចនឹងត្រូវបានគេចាត់ទុកថានាងជាតារារៀបការច្រើនដងជាងតារាផ្សេងៗទៀត ប្រសិនបើដំណឹងថានាងចង់ក្រាបផ្ទឹមជាមួយលោកទៀង ច័ន្ទសារ ក្លាយទៅជាការពិតនោះដែលការត្រៀមធ្វើកូនក្រមុំជាថ្មីម្ដងទៀតនេះបញ្ជាក់ថាទោះជាមានអ្នកខ្លះចាត់ទុកនាងថាជាតារាអភ័ព្វស្នេហ៍ក្ដី ប៉ុន្ដែនាងនៅតែមានជម្រើសស្នេហ៍ច្រើនដដែល ថ្វីត្បិតតែពេលនេះឈានចូលវ័យ៤០ផ្លាយទៅហើយក៍ដោយ។តារាជិតដិតម៉ារីណា និយាយថាអ្នកមេម៉ាយរូបស្រស់នេះត្រូវបានគូស្នេហ៍ថ្មីលើកមុខមាត់និងឲ្យតម្លៃនាងខ្លាំងណាស់ដូចជាពេលនាងនិងលោកអធិការទៅចូលរួមកម្មវិធីណាមានអង្គរក្សតាមហែហមរហូតដល់ឡើងរថយន្ដជាដើមដែលសកម្មភាពបែបនោះដូចគ្នាទៅនិងជំទាវផ្សេងៗទៀតដែរ។ដោយឡែកលោកសាត ចាន់ថន អតីតស្វាមីម៉ារីណា គ្មានប្រតិកម្មណាមួយនោះទេ ក្រោយពីឃើញភរិយាចាស់របស់លោកកំពុងតែមានក្ដីសុខពេញបេះដូងបែបនេះ បើទោះជាអំឡុងពេលចែកផ្លូវគ្នាភ្លាមៗលោកហាក់ចង់បង្ហាញសញ្ញាផ្សះផ្សារស្នេហ៍ឡើងវិញដោយដាក់សំណួរថាទៅអតីតប្រពន្ធថាហេតុអីបានជាចង់លែងលះលោកនោះត្រូវបានម៉ារីណា បដិសេធឆ្លើតបនិងថាមិនអាចវិលមករកត្រូវរ៉ូវគ្នាជាដាច់ខាតក្ដី ប៉ុន្ដែពេលនេះបញ្ជាក់ច្បាស់ហើយថាពួកគេអាចសាងស្នេហាថ្មីបានរៀងៗខ្លួនដោយគ្មានអ្នកតាមរំខាន បើទោះជាម៉ារីណា និងលោកចាន់ថន មិនដែលបង្ហាញថាពួកគេបានលែងលះគ្នាដាច់ស្រេចនៅតុលាការក៍ដោយ។ប្រភពបានឲ្យដឹងថាម៉ារីណា ព្រមទទួលយកគូស្នេហ៍ថ្មីមួយផ្នែកត្រូវទាមទារឲ្យបុរសនោះស្រលាញ់កូនប្រុសនាងសាត ថៃសាន់ អាយុជិត១០ឆ្នាំនោះទុកដូចជាកូនខ្លួនដែរ ហើយចំណុចនេះលោកច័ន្ទសារ អាចធ្វើបានបើទោះជាលោកជាមន្រ្ដីធំម្នាក់ក៍ដោយ តែដើម្បីមនុស្សជាទីស្រលាញ់លោកសម្របខ្លួនតាមគូស្នេហ៍បានគ្រប់រឿងទាំងអស់។
គេជឿរថាលី ម៉ារីណា នឹងកាត់បន្ថយអាជីពសិល្បៈបន្ដិចម្ដងៗជាមិនខាននៅពេលដែលនាងក្លាយទៅជាជំទាវពេញមុខរបស់លោកវីរសេនីយ៍ឯកទៀង ច័ន្ទសារ ខណៈដែលមុនរៀបការលើកទី៣នេះនាងថាក្នុង១ឆ្នាំទទួលថតតែ១រឿងប៉ុណ្ណោះ ព្រោះចង់ទុកពេលវេលារកស៊ីដែលមុខរបរខាងក្រៅសិល្បៈនោះគេឃើញពេលនេះនាងលក់សម្លៀកបំពាក់តាមOnline និងជាថៅកែហាងលក់នំបញ្ចុកខួរក្ដាមមួយកន្លែងជាដើម៕