Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបងប្រុសលោកអេង ឆៃអ៊ាង ស្លាប់ក្នុងគ្រោះថ្នាក់ ឡានបុកគ្នា

បងប្រុសលោកអេង ឆៃអ៊ាង ស្លាប់ក្នុងគ្រោះថ្នាក់ ឡានបុកគ្នា

សៀមរាប ៖  រថយន្តដឹកអ្នកដំណើរ របស់ក្រុមហ៊ុន ឡារីតា ១គ្រឿង បើកបរវ៉ាជែងដោយខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុករថយន្តធុនតូច ១គ្រឿង បណ្តាលឱ្យមានមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ ចំនួន៣នាក់ ក្នុង នោះជនរងគ្រោះដែលស្លាប់ ត្រូវជាបងប្រុសរបស់លោកអេង ឆៃអ៊ាង អតីតអនុប្រធាននៃអតីតបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ)។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៤និង៣៨នាទីរសៀល ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៦ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៤៣-២៤៤ ស្ថិតនៅភូមិព្រៃទទឹង ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តក្រុមហ៊ុនឡារីតា ដឹកអ្នក ដំណើរ បុកជាមួយរថយន្តធុនតូច ម៉ាក Toyota Raize។ មុនកើតហេតុ រថយន្តក្រុមហ៊ុនឡារីតា ម៉ាក Ford Transit  ពាក់ស្លាកលេខ ភ្នំពេញ 2AP-8364 ប្រភេទដឹកអ្នកដំណើរធុនតូច ពណ៌ស បើកបរដោយឈ្មោះស៊ឹម ចំរើន ភេទ ប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិគោកដូង ឃុំពេជសា ស្រុកកោះអណ្តែត ខេត្តតាកែវ ផ្ទុកអ្នកដំណើរ ១៣នាក់ បានវ៉ារថយន្ត ១គ្រឿង រួចជ្រុលទៅបុករថយន្តម៉ាក Toyota Raize ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BO-3010  បើកបរ ដោយឈ្មោះឆុង ឆន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំ ពង់ធំ មានអ្នករួមដំណើរក្នុងរថយន្ត ចំនួន៣នាក់ កំពុងបើកបរក្នុងទិសដៅច្រាសទិសគ្នា។

ប្រភពដដែល បន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឱ្យឈ្មោះសាន្ត ឆេងលាង (អេង ឆេងលាង) ភេទ ប្រុស អាយុ៦៩ឆ្នាំ (ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ) ឈ្មោះសាន្ត រដ្ឋា ភេទស្រី អាយុ២៤ឆ្នាំ (របួស) និងឈ្មោះ ឆន សុវណ្ណរក្សា ភេទស្រី អាយុ២ឆ្នាំ (របួសធ្ងន់)។ អ្នកទាំង៤ ជាគ្រួសារតែមួយ មានលំនៅ ភូមិឈើទាល ឃុំកំពង់ចិន ត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។ ចំពោះអ្នករួមដំណើរតាមរថយន្ត Ford Transit របស់ក្រុមហ៊ុនឡារីតា មានអ្នក រងរបួសស្រាលម្នាក់ ឈ្មោះ ORSINA ភេទស្រី អាយុ៦២ឆ្នាំ ជនជាតិអ៊ីតាលី។

តាមការបញ្ជក់ពីសមត្ថកិច្ចជំនាញដែលចុះធ្វើការវាស់វែងនៅកន្លែងកើតហេតុ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពីអ្នកបើកបររថយន្តដឹកអ្នកដំណើរ ក្រុមហ៊ុនឡារីតា បើកបរមិនប្រកាន់ស្តាំ វ៉ាជែងក្នុងស្ថានភាព គ្រោះថ្នាក់ ហើយក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តបង្កហេតុភ្លាមៗ។

សពជនរងគ្រោះ ត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាង រថយន្តទាំង២គ្រឿង ត្រូវបាននាំយកទៅរក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ស្រុកជីក្រែង ដើម្បីដោះស្រាយតាម នីតិវិធី។

ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ លោកអេង ឆៃអ៊ាង អតីតអនុប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ និងជាដែលសព្វថ្ងៃកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក បានអះអាងថា ជនរងគ្រោះដែលបាត់បង់ជីវិត គឺត្រូវជា បងប្រុសរបស់លោក ឈ្មោះអេង ឆេងលាង ។

លោកអេង ឆៃអ៊ាង បានបញ្ជាក់នៅល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ថា «ព័ត៌មានដ៏រន្ធត់និងសោកស្តាយ ចំពោះរូបខ្ញុំ និងក្រុមគ្រួសារ គឺប៉ុន្មានម៉ោងមុននេះ ផ្លូវថ្នល់ (ផ្លូវជាតិលេខ៦ ត្រង់ចំណុចឃុំល្វែងឫស្សី ស្រុកជី ក្រែង ខេត្តសៀមរាប ) បានពិឃាតជីវិតបងប្រុសរបស់ខ្ញុំ អេង ឆេងលាង ។ សូមឲ្យវិញ្ញាណក្ខន្ធបងប្រុស បាន ចាកផុតពីឋានទុក្ខ ហើយបានទៅកាន់ឋានសុគតិភព» ៕

RELATED ARTICLES