Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម សាកថ្មទូរស័ព្ទលើពូក ផ្ទុះឆេះបន្ទប់សណ្ឋាគារ របួស៣នាក់

 សាកថ្មទូរស័ព្ទលើពូក ផ្ទុះឆេះបន្ទប់សណ្ឋាគារ របួស៣នាក់

បន្ទាយមានជ័យ ៖ បន្ទប់សណ្ឋាគារ ១កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យរងការខូច ខាតសម្ភារៈក្នុងបន្ទប់ទាំងស្រុង និងធ្វើឱ្យភ្ញៀវ ចំនួន៣នាក់ បានរងរបួសធ្ងន់-ស្រាល ដោយមូលហេតុផ្តើមចេញពី ភ្ញៀវសាកថ្មទូរស័ព្ទ ចោលលើពូក ធ្វើឱ្យផ្ទុះឆេះតែម្តង។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង២០នាទីល្ងាច ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ នៅ ត្រង់ចំណុចបន្ទប់លេខ៩០១ ជាន់ទី៩ សណ្ឋាគារអន្តរជាតិ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយ ប៉ែត។

ជនរងគ្រោះទាំង៣នាក់ ដែលរងរបួសធ្ងន់-ស្រាល នៅក្នុងហេតុការណ៍ខាងលើ នៅមិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយ គ្រាន់តែដឹងថា សុទ្ធសឹងជាជនជាតិឥណ្ឌូនេស៊ី ក្នុងនោះរបួសធ្ងន់ម្នាក់ (ប្រុស)  និងរបួសស្រាល ចំនួន ២នាក់ ស្រី)។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា ក្នុងហេតុការណ៍នោះ មានកម្លាំងប៉ុស្តិ៍ បានចូលរួមជា មួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំបញ្ជាផ្ទាល់ដោយ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត និងកម្លាំងចម្រុះ បានចុះជួយធ្វើអន្តរាគមន៍ភ្លាមៗ ដោយប្រើប្រាស់បំពង់ ពន្លត់ អគ្គិភ័យ អស់ចំនួន១៤បំពង់ (មិនបានប្រើប្រាស់ឡានទឹកនោះទេ)។

របាយការណ៍ដដែល បន្តថា ករណីឆេះនេះ គឺបណ្តាលមកពីការសាកទូរស័ព្ទ ទុកចោលនៅលើពូក បណ្តាលឱ្យ ផ្ទុះឆេះក្នុងបន្ទប់តែម្តង។ ចំពោះទ្រព្យសម្បត្តិនិងសម្ភារៈខូចខាត រួមមាន ពូក ចំនួន២ គ្រែ២ ទូដាក់ខោអាវ ចំនួន២ និងសម្ភារៈមួយចំនួនផ្សេងទៀត។ 

របាយការណ៍ខាងលើ បានបញ្ជាក់ថា ជនរងគ្រោះដែលរងរបួសក្នុងហេតុការណ៍ខាងលើ សរុបចំនួន៣នាក់ (ប្រុស១ ស្រី២) សុទ្ធសឹងជាជនជាតិឥណ្ឌូនេស៊ី ក្នុងនោះ របួសធ្ងន់ ១នាក់ (ប្រុស) កំពុងសម្រាកព្យាបាល នៅ គ្លីនិកសុខវិសាល មុខវត្តបាលិលេយ្យ និងរបួសស្រាល ២នាក់ (ស្រី) កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បង្អែក ក្រុងប៉ោយប៉ែត។

ទោះយ៉ាងណា ករណីខាងលើនោះ ដោយមានការខិតខំអន្តរាគម៍យ៉ាងយកចិត្តទុកដាក់របស់កម្លាំងសមត្ថកិច្ច សហការគ្នាជាមួយអាជ្ញាធរ ជួយរកមធ្យោបាយដើម្បីពន្លត់ ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង (ភ្លើង រលត់ទៅវិញ) នៅវេលាម៉ោង ៦ និង០៨នាទីព្រលប់ ថ្ងៃដដែល ដោយមិនមានការឆេះរាលដាល់ដល់បន្ទប់ផ្សេង ឬផ្ទះអ្នកជិតខាងឡើយ៕

RELATED ARTICLES