កំពង់ធំ ៖ ក្មេងស្រីម្នាក់ កើតមកមានវាសនាអភ័ព្វខុសគេ រស់នៅក្នុងជីវភាពក្រីក្រខ្វះខាត ខ្វះទាំងក្តីស្រលាញ់ ដោយត្រូវម្តាយបោះបង់ចោលតាំងតូច ទុកឱ្យរស់នៅជាមួយតាយាយ ហើយសព្វថ្ងៃក្មេងស្រីនេះ តែងដើរបេះ ត្រកួនលក់ ដើម្បីរកប្រាក់ចិញ្ចឹមតាយាជរា។
ក្មេងស្រីអភ័ព្វខាងលើ មានឈ្មោះហន ស្រីនេត អាយុ១៣ឆ្នាំ មុខរបរសិស្សថ្នាក់ទី៤ សព្វថ្ងៃរស់នៅជាមួយតា យាយ ក្នុងភូមិពន្លៃ ស្រុកបារាយណ៍។

លោកញិល ថែធួន ជាគ្រូបង្រៀនរបស់ក្មេងស្រី ហន ស្រីនេត បានរៀបរាប់ប្រាប់ថា ហន ស្រីនេត មានអាយុ ១៣ឆ្នាំ សព្វថ្ងៃនេះ នាងរស់នៅជាមួយតាយាយខាងឪពុក ដោយជួបការខ្វះខាតច្រើន នៅពេលទំនេរពីការសិក្សា ស្រីនេត តែងដើរបេះព្រលិត ត្រកួន ក្តឹបអម្ពិល និងដើររកក្តាម ខ្យង ហើយទូលលក់នំនែកនៅក្នុងភូមិដែលនាង បានរស់នៅ ដើម្បីបានថវិកាខ្លះៗទុកដោះស្រាយជីវភាព ព្រោះតាយាយរបស់នាង ក៏មានវ័យចំណាស់ទៅហើយ ប៉ុន្តែពួកគាត់នៅតែខិតខំធ្វើស្រែចម្ការតិចតួច ដើម្បីចិញ្ចឹមចៅស្រីកម្សត់នេះ។
កុមារី ហន ស្រីនេត បានរៀបរាប់ទាំងអួលដើមកថា “ខ្ញុំស្អប់គាត់ (ម្តាយ) គាត់យកខ្ញុំទៅលក់”។ យុវតីរូបនេះ បន្តថា នាងក៏ពុំចង់រស់នៅជាមួយម្តាយខ្លួនដែរ ដោយសារមូលហេតុយកនាងទៅលក់ឱ្យគេ ហើយនៅពេលនាង ដឹងក្តីឡើង ទើបចង់យកមកចិញ្ចឹមវិញ។

កុមារីដដែល រូបនេះ បានបញ្ជាក់ថា ម្តាយរបស់នាង ពេលនេះមានគ្រួសារថ្មីហើយ ចំណែកឪពុក ក៏មានប្រពន្ធ ថ្មីដែរ ហើយកាលពីមុន គឺមានបងប្អូនបង្កើត២នាក់ ប៉ុន្តែជួបគ្រោះអកុសល ប្អូនបានលង់ទឹកស្រះស្លាប់ ដោយ បន្សល់ទុកឱ្យនាងរស់នៅកណ្តោចកណ្តែងតែឯងជាមួយតាយាយ ដែលមានវ័យជរាអស់ទៅហើយ។កុមារីខាងលើ បានឱ្យដឹងថា រាល់ថ្ងៃឆ្លៀតពេលទំនេរពីការរៀនសូត្រ នាងតែងដើរបេះត្រកួន ព្រលិត រាវក្តាម ខ្យង យកមកលក់ គ្រាន់បានប្រាក់ទប់ទល់ជីវភាព ហើយក្តីស្រមៃរបស់នាងទៅថ្ងៃអនាគត គឺចង់ក្លាយជាគ្រូប ង្រៀន និងអ្នកសិល្បៈ ដើម្បីរកលុយចិញ្ចឹមតាយាយ៕

