Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចម៉ូតូក្រមុំជាប់បន្ទប់ គេច៤ម៉ោង ជាប់ខ្នោះ

លួចម៉ូតូក្រមុំជាប់បន្ទប់ គេច៤ម៉ោង ជាប់ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ឃើញនារីជាកម្មការិនីរោងចក្រម្នាក់ ស្នាក់នៅបន្ទប់ជួលជាប់គ្នា ឈប់ម៉ូតូចោលមុខ បន្ទប់ រួចចូលទៅហូបបាយ ស្រាប់តែបែកគំនិតលួចកាច់ក ជិះគេចខ្លួន ចូលទៅដេកក្នុងផ្ទះសំណាក់ មួយកន្លែង ស្រាប់តែ ៤ម៉ោងក្រោយមក ត្រូវកម្លាំងសមត្ថកិច្ច ជំនាញ ស្រាវជ្រាវតាមទៅចាប់វាយខ្នោះដល់ក្នុងផ្ទះសំណាក់។

ករណីលួចម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំណុចបន្ទប់ជួល ១កន្លែង ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។ លុះដល់វេលាម៉ោង ៣និង១០នាទី រសៀលថ្ងៃដដែល សមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន នៅត្រង់ចំណុចផ្ទះសំណាក់ ប៊ុន ឈន ផ្លូវបេតុង ស្ថិតនៅសង្កាត់ បឹងសាឡាង ខណ្ឌទួលគោក។

ជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះអឿន ភក្តី  ភេទស្រី អាយុ២០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ ជួល ផ្លូវបេតុង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។ ចំណែកជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មាន ឈ្មោះឃួន ឡាត់ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។ ចំណែកវត្ថុតាងចាប់យក ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២៣ ពាក់ស្លាកលេខ ភ្នំពេញ 1KF-4125 លេខតួ និងលេខម៉ាស៊ីន 0078372 (ជារបស់ជនរងគ្រោះ)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនកើតហេតុ នៅវេលាម៉ោង ១១ព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ នារីរង គ្រោះឈ្មោះអឿន ភក្តី បានជិះម៉ូតូខាងលើ ចេញពីកន្លែងធ្វើការរោងចក្រ មកបន្ទប់ជួលរបស់ខ្លួនវិញ ដើម្បីហូប បាយ។ លុះមកដល់ បានទុកម៉ូតូនៅមុខបន្ទប់ជួល ដោយបានចាក់សោ-កម៉ូតូត្រឹមត្រូវ រួចក៏ចូលទៅក្នុង បន្ទប់ ជួលហូបបាយ មួយសន្ទុះ ដល់ម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃដដែល ចេញទៅធ្វើការវិញ ស្រាប់តែបាត់ម៉ូតូ។ ភ្លាមនោះ នារីរងគ្រោះបានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវ ជ្រាវ។

លុះដល់វេលាម៉ោង ៣និង១០នាទីរសៀលថ្ងៃដដែល សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ រួមនិងវត្តុតាង (ម៉ូតូរបស់នារីរងគ្រោះ) នៅត្រង់ចំណុចផ្ទះសំណាក់ ប៊ុន ឈន ផ្លូវបេតុង ស្ថិតនៅសង្កាត់ បឹង សាឡាង ខណ្ឌទួលគោក រួចនាំយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ។នៅចំពោះមខុសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរង គ្រោះដែលស្នាក់នៅជាប់បន្ទប់ជួលគ្នាប្រាកដមែន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES