Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រុសបន្លំខ្លួនជាស្រីស្អាត លក់ទូរស័ព្ទបោកប្រុស ជាប់ខ្នោះ

ប្រុសបន្លំខ្លួនជាស្រីស្អាត លក់ទូរស័ព្ទបោកប្រុស ជាប់ខ្នោះ

បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយមួយ ដាក់រូបស្រីស្អាត រួចដាក់លក់ទូរស័ព្ទទំនើប លុះបុរសចំណាស់ម្នាក់ឃើញ ចាប់អារម្មណ៍ក៏ទាក់ទងទិញទូរស័ព្ទ iPhone មួយគ្រឿង តម្លៃ៧៨០ដុល្លារ និងថែមទាំងផ្ញើលុយឱ្យមុនទៀតផង ប៉ុន្តែមិនទទួលបានទូរស័ព្ទ ទើបដាក់ពាក្យបណ្តឹងសុំអន្ត រាគមន៍ពីមន្ត្រីជំនាញអាវុធហត្ថ ធ្វើការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យ នាំយកមកចាត់ការតាម ច្បាប់។

ករណីឆបោកតាមបណ្តាញសង្គមហ្វេសប៊ុក ខាងលើនេះ បានកើតឡើង តាំងពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ មកម៉្លេះ នៅចំណុចភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ។ រហូតមកដល់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ទើប កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួន និងបញ្ជូនជនសង្ស័យ ទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តបន្ទាយ មានជ័យ បានឱ្យដឹងថា ដោយមានការសម្របសម្រួលពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងខេត្តបន្ទាយមានជ័យ និងដោយទទួលបានការ អនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេ បញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យ ហើយនាំមកកាន់កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អនុវត្តតាមដីការបស់តុលាការខេត្តបន្ទាយមានជ័យ ករណីឆបោក (តាមប្រព័ន្ធហ្វេសប៊ុក) ប្រព្រឹត្តកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ដែលជនរងគ្រោះជាដើមបណ្តឹង មាន ឈ្មោះស៊ិន រ៉ាស៊ី ភេទប្រុស អាយុ៥៣ឆ្នាំ មានលំនៅ ភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង  បានឱ្យដឹងបន្តថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះសូ សុផាត ភេទប្រុស អាយុ៤២ឆ្នាំ មានលំនៅ ភូមិអ្នកតាហាង ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ចំណែកវត្ថុតាងចាប់យក រួមមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឈ្មោះ សូ សុផាត លេខ 040075791(01) ចំនួន១សន្លឹក។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់ឱ្យដឹងថា មុនកើតហេតុ ជនសង្ស័យខាងលើ បានបង្កើតគណនី ហ្វេសប៊ុក ឈ្មោះ Eh Ma ដោយដាក់រូបស្រីស្អាត និងបង្ហោះលក់ទូរស័ព្ទ ម៉ាក iPhone 14Pro Max លើបណ្តាញ សង្គមហ្វេសប៊ុក ពេលនោះជនរងគ្រោះមានការចាប់អារម្មណ៍ ក៏បានឆាតទំនាក់ទំនងទិញទូរស័ព្ទ ក្នុងតម្លៃ ៧៨០ដុល្លារ ដោយជនរងគ្រោះបានវេរប្រាក់តាម វីង ឱ្យទៅម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Eh Ma តាមរយៈ លេខ ទូរស័ព្ទ ០៦៧ ៧២៧ ០៣៥ និងបានថតវិក្កយបត្រក្រដាសវីង ផ្ញើឱ្យម្ចាស់គណនីហ្វេសប៊ុក ខាងលើ។ ក្រោយមកម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Eh Ma នេះបានប្រាប់ថា រូបគេឈប់លក់ទូរស័ព្ទ ក្នុងតម្លៃ ៧៨០ដុល្លារ ហើយ គឺលក់ក្នុងតម្លៃ ៨៨០ដុល្លារ ហើយឱ្យជនរងគ្រោះវេរលុយឱ្យរូបគេបន្ថែម ចំនួន១០០ដុល្លារទៀត ដោយ ជនរងគ្រោះមានការសង្ស័យ  ក៏ប្រកែកតវ៉ាមិនព្រម និងឱ្យជនសង្ស័យផ្ញើលុយចំនួន ៧៨០ដុល្លារ ត្រឡប់មក ឱ្យខ្លួនវិញ។ កន្លងហួសច្រើនថ្ងៃ នៅតែមិនឃើញម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Eh Ma វេរលុយមកឱ្យខ្លួនវិញ ទើបជនរងគ្រោះសម្រេចចិត្តដាក់ពាក្យបណ្តឹងតែម្តង។

ក្រោយពីទទួលបានពាក្យបណ្តឹង សាលាដំបូងខេត្តបន្ទាយមានជ័យ បានចេញលិខិតកោះហៅជនសង្ស័យ ដើម្បីចូលខ្លួនបំភ្លឺ តែជនសង្ស័យមិនព្រមចូលខ្លួនតាមការកោះហៅ ទើបអយ្យការ អមសាលាដំបូងខេត្ត ចេញ ដីការបញ្ជាឱ្យនាំខ្លួនតែម្តង៕

RELATED ARTICLES