ភ្នំពេញ ៖ ហេតុការណ៍បង្កការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានមេការខាងរៀបការ៉ូម្នាក់បានធ្លាក់ពីលើអាគារ កម្ពស់២២ជាន់ មកទើលើដំបូលផ្ទះក្បែរកន្លែងកើតហេតុ ហើយប្រកាច់ធ្លាក់ចុះមកដី ត្រូវបានកូនជាងរបស់ខ្លួនដឹកតាមរ៉ឺម៉ក់កង់បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ បន្ទាប់មកក៏បានដាច់ខ្យល់ស្លាប់ភ្លាមៗតែម្តង ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ត្រង់អាគារ Easton International Apartment កំពុងសាងសង់ ដែលមានលេខ២៣ ភូមិ២ ផ្លូវ៥១ កែងនិង ផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមម្តាយមីងជនរងគ្រោះសុំមិនបញ្ចេញឈ្មោះ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ធន់ ចាន់ធឿន ភេទប្រុស អាយុ៣៣ឆ្នាំ មានមុខរបរជាងមេជាការ៉ូ មានស្រុកកំណើត នៅភូមិអូរ ឃុំកាត់ភ្លុក ស្រុកបរសែត ខេត្តកំពង់ស្ពឺ ។
បើយោងតាមប្រភពព័ត៌មានពីកូនជាងម្នាក់ ឈ្មោះ លឹម សុផាន់ណា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកូនជាងការ៉ូ មានស្រុកកំណើតនៅខេត្តកំពង់ធំ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះខាងលើទើបតែមកធ្វើការសំណង់នៅការដ្ឋានសំណង់អាគារ Easton International Apartment បានតែ២ថ្ងៃទេ ហើយនៅល្ងាចថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០១៧ បន្ទាប់ពីងូតទឹកហូបបាយនិងឡើងដេកជាមួយខ្លួនធម្មតាទេ ស្រាប់តែព្រឹកឡើងនៅថ្ងៃកើតហេតុ ពេលភ្ញាក់ឡើងមិនដឹងជនរងគ្រោះក្រោកតាំងពីពេលណា និងមានសំឡេងអ៊ូអរ បង្កការភ្ញាក់ផ្អើល ទើបចុះទៅមើលបានដឹងថាជាមេជាងធ្លាក់ពីលើអគារ ហើយជាជនរងគ្រោះខាងលើក៏បានហៅរ៉ឺម៉កកង់បីដឹកបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ តែត្រូវបានស្លាប់បាត់ទៅហើយ ដោយមានស្នាមជាំត្រង់ទ្រូង ។
បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ ស្រាប់តែមានមនុស្ស ធ្លាក់ ឬក៏លោតពីជាន់ទីប៉ុន្មាននោះទេ មានអ្នកខ្លះថាសង្ស័យជាន់ទី២ និងអ្នកខ្លះថាជាន់ទី៥ ហើយធ្លាក់មកទើរលើដំបូលផ្ទះនៅខាងត្បូង ប្រកាច់មួយសន្ទុះ ក៏ធ្លាក់មកលើដីតែម្តងទៅ ។
ដោយឡែកយោងតាមសំដីមេការការដ្ឋានសំណង់អាគារ Easton International Apartment ឈ្មោះ ហាវ ភេទប្រុស អាយុ៤០ឆ្នាំ បានប្រាប់ឲ្យដឹងថា គាត់បានឡើងទៅពិនិត្យឃើញសម្ភារៈរបស់ជនរងគ្រោះខាងលើ ត្រូវបានគេរើកកូរកកាយយកទ្រព្យសម្បត្តិ ដូចជា ទូរស័ព្ទ កាបូបលុយ និងសំលៀកបំពាក់មានភាពរញ៉េរញ៉ៃ គឺមានមនុស្សមករើ តែមិនបានដឹងជានរណាទេ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញខាងកោសល្យវិច្ឆ័យ បានពិនិត្យលើសាកសពជនរងគ្រោះឃើញមានស្នាមជាំនៅទ្រូង ដោយផត់ចូលខាងក្នុង ដែលធ្លាក់មកពីលើទើរលើដំបូលផ្ទះអាច បាក់ឆ្អឹងជំនី បណ្តាលឲ្យស្លាប់ តែនៅកមានស្នាមខ្សែរឹតផងដែរ ។
ចំណែកឯការដ្ឋានសំណង់អាគារ Easton International Apartment ត្រូវបានសមត្ថកិច្ចផ្អាក បណ្តោះអាសន្ន ដើម្បីធ្វើការត្រួតពិនិត្យ និងសាកសួរព័ត៌មានពីកន្លែងកើតហេតុឲ្យដឹង ថាករណីខាងលើជាករណីអ្វីអោយពិតប្រាកដ តើជាករណីឃាតកម្មសម្លាប់ប្លន់យកទ្រព្យសម្បត្តិ ឬករណីមិនចង់រស់ លោតសម្លាប់ខ្លួនឯង? ៕