កំពង់ចាម ៖ សត្វក្របី ចំនួន ១៧ក្បាល បានផ្អើលជាន់គ្នា លង់ទឹកងាប់ ដោយសារកំពុងហែលទឹកឆ្លងព្រែក ឃើញទូករបស់ម្ចាស់វា មានរាងដូចក្រពើ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៧:៣០នាទី នៅ ក្នុងឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

តាមប្រភពលោកមេឃុំផ្តៅជុំ បានឲ្យដឹងថា មុនពេលពេលកើតហេតុ ម្ចាស់ក្របី បានលែងក្របី មួយហ្វូង ឲ្យស៊ីស្មៅ នៅចំណុចអ្នកតាប៉ោ ស្រុកកងមាស ប៉ុន្តែដោយសារប៉ុន្មានថ្ងៃនេះ ទឹកទន្លេចាប់ផ្តើមឡើងខ្លាំង ធ្វើឱ្យលិចតំបន់នោះ ទើបម្ចាស់ក្របី បានដេញក្របីឆ្លងទឹកព្រែកកំពង់រាំង មកទីទួលនៅភូមិចាំនាង និងភូមិ ផ្តៅជុំកើត ឃុំផ្តៅជុំ ស្រុកជើងព្រៃ ដែលមានព្រំប្រទល់ជាប់គ្នា។

ប្រភពដដែល បន្តថា មូលហេតុដែលបណ្តាលឱ្យក្របីផ្អើលជាន់គ្នា និងលង់ទឹកងាប់ ដោយសារពីត្រើយម្ខាង ទៅត្រើយម្ខាងទៀត មានចម្ងាយឆ្ងាយ មិនក្រោម ៣គីឡូ ធ្វើឱ្យក្របីអស់កម្លាំងហែលទឹក និងម្យ៉ាងទៀត ម្ចាស់ ក្របី បានប្រើទូកជ័រជាច្រើនគ្រឿង សម្រាប់កៀងក្របី ហើយទូកនោះ មានរចនារូបភ្នែក មើលទៅដូចរូបសត្វ ក្រពើ ធ្វើឱ្យក្របីផ្អើលជាន់គ្នា លង់ទឹកងាប់អស់ចំនួន ១៧ក្បាល ក្នុងនោះ ២ក្បាល ជារបស់ប្រជាពលរដ្ឋរស់នៅ ភូមិចាំនាង និង១៥ក្បាលទៀត ជារបស់ប្រជាពលរដ្ឋរស់នៅភូមិផ្តៅជុំកើត ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ ចាម។

ក្រោយកើតហេតុ អ្នកភូមិបានមកជួយសែងសពក្របី ដាក់លើរទេះ និងគោយន្ត ដឹកទៅចាត់ចែងលក់ឲ្យឈ្មួញ កាប់សាច់៕

