Tuesday, December 24, 2024
Homeព័ត៌មានជាតិសំណុំ​រឿង​ពុក​រលួយ អគ្គ​នាយក​រដ្ឋ​បាល និង​ហិរញ្ញ​វត្ថុ ក្រសួង​សង្គម​កិច្ច ដល់​អង្គ​ភាព​ប្រឆាំង អំពើ​ពុក​រលួយ​ហើយ

សំណុំ​រឿង​ពុក​រលួយ អគ្គ​នាយក​រដ្ឋ​បាល និង​ហិរញ្ញ​វត្ថុ ក្រសួង​សង្គម​កិច្ច ដល់​អង្គ​ភាព​ប្រឆាំង អំពើ​ពុក​រលួយ​ហើយ

ភ្នំពេញ: លោកសួង ម៉េងឡុង អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា បានរងការចោទប្រកាន់ពីមន្ត្រីមួយចំនួនថា បានប្រើអំណាច និងឥទ្ធិពលរបស់ខ្លួនបញ្ចូលកូនឈ្មោះ ឡុង ឈន់ ក្នុងក្របខណ្ឌពិសេសជាគ្រូបង្រៀន កម្រិតឧត្តមនៅវិទ្យាស្ថានជាតិសង្គមកិច្ចរបស់ក្រសួងសង្គមកិច្ច។ ជាមួយនឹងការ ចោទប្រកាន់ខាងលើនេះ មន្ត្រីរាជការទាំងនោះ ក៏បានសំណូមពរឲ្យអង្គភាពប្រឆាំងអំពើ ពុករលួយ ចុះពិនិត្យលើករណីនេះផង។

យោងតាមលិខិតដាក់ជូនអង្គភាពប្រឆាំងអំពើពុករលួយ ដែលទទួលបាន បានឲ្យដឹងថា ក្រសួង ស្ថាប័ន មន្ត្រីរាជការចូលក្របខណ្ឌរដ្ឋតាមការប្រឡង និងការបញ្ចូលពិសេស គឺផ្អែកលើសមត្ថភាពបុគ្គល ប៉ុន្តែលោកសួង ម៉េងឡុង អគ្គនាយករដ្ឋបាល និងហិរញ្ញ វត្ថុ នៃក្រសួងសង្គមកិច្ច បានប្រើឥទ្ធិពលនិងអំណាចបញ្ចូលកូនបង្កើតឈ្មោះ ឡុង ឈន់ ក្នុងក្របខណ្ឌពិសេសដែលកំពុងសិក្សានៅក្រៅប្រទេស។ យោងតាមលិខិតស្នើសុំរបស់ក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន និងយុវនីតិសម្បទា ទិស្តីការគណៈរដ្ឋមន្ត្រី ផ្តល់ក្របខណ្ឌពិសេសចំនួន ១៩កន្លែង សម្រាប់មន្ត្រីរាជការជា គ្រូបង្រៀនកម្រិតឧត្តម បម្រើការងារនៅវិទ្យាស្ថានជាតិសង្គមកិច្ច របស់ក្រសួងសង្គមកិច្ច ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ តទៅ។ ប៉ុន្តែក្របខណ្ឌពិសេសចំនួន១៩នាក់ អ្នកខ្លះមានសមត្ថភាព អ្នកខ្លះបក្ខពួក (លុយបិតបាងមុខ) និងអ្នកខ្លះកូនអ្នកធំ មានក្របខណ្ឌ ប៉ុន្តែគ្មានវត្តមាននៅវិទ្យាស្ថានទេ។

ជាក់ស្តែងឈ្មោះ ឡុង ឈន់ (កើតថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៣) ជាកូនបង្កើតលោកសួង ម៉េងឡុង អគ្គនាយករដ្ឋបាលនិងហរិញ្ញវត្ថុ (ខ្នងបង្អែកយ៉ាងធំនៅក្រសួងសង្គមកិច្ច) ប្រើឥទ្ធិពលនិងអំណាចបញ្ចូលកូនក្នុងក្របខណ្ឌ ពិសេសជាគ្រូបង្រៀនកម្រិតឧត្តមនៅវិទ្យាស្ថានជាតិសង្គមកិច្ច។

មន្ត្រីនៅវិទ្យាស្ថានជាតិ សង្គមកិច្ចបានបញ្ជាក់ថា ឈ្មោះ ឡុង ឈន់ (កូនបង្កើតលោកសួង ម៉េងឡុង) គ្មាននៅក្នុងស្រុកខ្មែរទេ គឺសិក្សានៅក្រៅប្រទេស។ បន្ទាប់ពីមានក្របខណ្ឌជាគ្រូបង្រៀន មិនដែលឃើញមុខទេ ប៉ុន្តែដោយសារខ្នងបង្អែក បក្ខពួកអ្នកធំ ហើយឪពុកប្រើឥទ្ធិពល និងអំណាច គឺក្រោយបញ្ចូលក្របខណ្ឌ បង្គាប់ការមកធ្វើជំនួយការផ្ទាល់ឪពុកជាអគ្គនាយក រដ្ឋបាល និងហិរញ្ញវត្ថុ ប៉ុន្តែនៅសិក្សានៅក្រៅប្រទេស គឺខុសប្រកាសស្តីពីការបញ្ជូនក្រប ខណ្ឌមន្ត្រីរាជការ សម្រេចត្រង់ប្រការ២ ត្រូវឆ្លងកាត់ការធ្វើកម្មសិក្សារយៈពេល១២ខែ។ នៅក្នុងលិខិតដាក់ទៅអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា នៅក្នុងក្រសួងសង្គម កិច្ចកើតមានអំពើអយុត្តិធម៌ និងបក្ខពួកពុករលួយ យ៉ាងខ្លាំង (រៀបចំកូននិងបង ប្អូន បក្ខពួកជាច្រើនកន្លែងសំខាន់ៗ ហើយស៊ីឈ្មោះមន្ត្រីជាប់កិច្ចសន្យា ជំនួយការ ទីប្រឹក្សា ថ្នាក់ស្មើនាយកដ្ឋាន អគ្គនាយក និងអនុរដ្ឋលេខាធិការជាច្រើន។

ជាមួយគ្នានេះ មន្ត្រីនៅក្រសួងសង្គមកិច្ច ក៏បានសំណូមពរដល់អង្គភាពប្រឆាំងអំពើពុករលួយ ចុះពិនិត្យករណីឈ្មោះ ឡុង ឈន់ អំពីការចូលក្របខណ្ឌពិសេស ហើយអវត្តមានបំរើការងារ និងបក្ខពួកពុករលួយ ប្រើប្រាស់ថវិកាគ្មានតម្លាភាពរបស់ក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា ផង។ ទាក់ទងការចោទប្រកាន់ខាងលើនេះ លោកសួង ម៉េងឡុង អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទចូលជាច្រើនដងមិនមានអ្នកទទួល។

សូមជម្រាបថា ពាក់ព័ន្ធលោកសួង ម៉េងឡុង អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា គឺមានអាស្រូវជាច្រើនពាក់ព័ន្ធ ការប្រព្រឹត្តអំពើពុករលួយ ដែលនឹងត្រូវមន្ត្រីរាជការនៅក្នុងក្រសួងលាតត្រដាងការពិត ដើម្បីឲ្យរដ្ឋមន្ត្រីក្រសួង និងអង្គភាពប្រឆាំងអំពើពុករលួយ បានដឹងដើម្បីចាត់វិធាន ការតតាមច្បាប់៕

ដោយ៖ ច័ន្ទសុភាព

RELATED ARTICLES