Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរប្លន់ក្រមុំលក់កាហ្វេ ប៉ូលិសចាប់បានហើយ

ចោរប្លន់ក្រមុំលក់កាហ្វេ ប៉ូលិសចាប់បានហើយ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ដែលជិះម៉ូតូកញ្ចាស់ និងប្រើកូនកាំបិត ១ដើម ភ្ជង់ប្លន់កាបូបលុយពីនារីជាអ្នកលក់ កាហ្វេ រួចឡើងជិះម៉ូតូ ប្រុងរត់គេច តែត្រូវនារីរងគ្រោះស្ទុះហក់ធាក់ដួលផ្កាប់មុខ ដណ្តើមកាបូបលុយមកវិញ កាលពីទៀបភ្លឺថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ នោះ ត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួនបានហើយកាល ពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះប៊ុន និល ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ (មានសារធាតុញៀន)។

គួររំលឹកថា កាលពីវេលាម៉ោង ៥និង២០នាទីទៀបភ្លឺ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ មានករណីប្លន់មួយ បានកើត ឡើងនៅត្រង់ចំណុចតូបលក់កាហ្វេ ១កន្លែង ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងនឹងផ្លូវត្រសក់ផ្អែម សង្កាត់ទន្លបាសាក់ ខណ្ឌចម្ការមន ដោយជនសង្ស័យ ម្នាក់ ជិះម៉ូតូកញ្ចាស់ ១គ្រឿង សល់តែគ្រោងឆ្អឹងដែក និងប្រដាប់ដោយកូនកាំបិត ១ដើម បានធ្វើសកម្មភាពចូលទៅភ្ជង់ប្លន់កាបូបលុយ ពីនារីជាអ្នកលក់កាហ្វេម្នាក់ បានសម្រេច ប្រុងឡើងជិះម៉ូតូបំណងរត់គេច ស្រាប់តែត្រូវនារីរងគ្រោះស្ទុះហក់ធាក់ រួចដណ្តើមយកកាបូប លុយមកវិញបាន បន្ទាប់មកក៏ស្រែកឆោឡោ ធ្វើឱ្យជនសង្ស័យភ័យ លើកម៉ូតូជិះរត់គេចបាត់។តាមប្រភពពីនារីរងគ្រោះជាអ្នកលក់កាហ្វេ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ នាងបានមកបើកតូប លក់កាហ្វេ ដូចសព្វដង ខណៈនោះលេចមុខបុរសម្នាក់ ជិះម៉ូតូកញ្ចាស់ ១គ្រឿង មិនស្គាល់ម៉ាក មានតែគ្រោង ឆ្អឹងដែក បានមកឈប់ចំពីមុខតូបកាហ្វេរបស់នាង បន្ទាប់មកបានប្រើលេសធ្វើជាទិញភេសជ្ជៈ លុះពេល ឃើញឱកាសល្អ ជនសង្ស័យបានដកកូនកាំបិតចុងស្រួច ១ដើម មកភ្ជង់នាងពីក្រោយ ប្លន់យកកាបូបនិងទូរស័ព្ទ របស់នាង បណ្តាលឱ្យនាងរងរបួសដៃ និងពកក្បាល។

នារីរងគ្រោះខាងលើ បន្តថា លុះក្រោយពីប្លន់បានកាបូបលុយពីនាងហើយ ជនសង្ស័យ បានប្រញាប់រត់ឡើង ជិះម៉ូតូ បំណងរត់គេច តែភ្លាមៗនោះ ដោយឃើញជនសង្ស័យហាក់មានអាការភិតភ័យនិងភ្លេចខ្លួនផង ទើប នាងបានស្ទុះហក់ធាក់ជនសង្ស័យ ១ជើង ចំកណ្តាលខ្នង បណ្តាលឱ្យដួលម៉ូតូ រួចហើយនាងបានទាញយក កាបូបលុយនោះមកវិញបាន និងបានស្រែកឆោឡោឡើង ធ្វើឱ្យជនសង្ស័យភ័យ ក៏ស្ទុះ លើកម៉ូតូជិះរត់គេចខ្លួន បាត់ស្រមោលភ្លាមៗ។ ចំណែកនាងក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ភ្លាមៗ ផងដែរ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចជំនាញនៃអធិការ ដ្ឋាននគរបាលខណ្ឌចម្ការមន បានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាបានរហូតឈានដល់ការឃាត់ខ្លួនជន សង្ស័យខាងលើបាន នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES