តាកែវ ៖ បុរសវ័យចំណាស់ ជាជនពិការម្នាក់ (ពិការជើងម្ខាង) បានបែកគំនិតល្បួងក្មេងស្រី២នាក់បងប្អូនបង្កើត យកទៅរំលោភសេពសន្ថវៈនៅក្នុងបន្ទប់ទឹក រហូតបានសម្រេច លុះក្មេងស្រីរងគ្រោះទម្លាយរឿងប្រាប់ម្តាយ ក៏ឈានដល់ការដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ចាប់វាយខ្នោះបុរសពិការ នាំយកទៅចាត់ការ តាមច្បាប់។

ករណីរំលោភសេពសន្ថវៈលើក្មេងស្រី២នាក់បងប្អូននេះ បានកើតឡើង កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ នៅចំណុចក្នុងបន្ទប់ទឹកមួយកន្លែង ស្ថិតក្នុងភូមិអណ្តែងសាំងជ្វា ឃុំជីខ្មា ស្រុកទ្រាំង។ លុះក្រោយពីរឿងរ៉ាវបានបែកធ្លាយ ទើបសមត្ថកិច្ចបានចុះស្រាវជ្រាវឃាត់ខ្លួនបុរសចំណាស់ខាងលើបាន នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣។
ជនសង្ស័យជើង១ ដែលចាប់រំលោភក្មេងស្រី២នាក់បងប្អូន និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះឌីន សេន ហៅម៉ាន សេន ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរកសិករ ជាពិការជើងម្ខាង មានលំនៅក្នុងភូមិអណ្តែងសាំង ជ្វា ឃុំជីខ្មា ស្រុកទ្រាំង។ ចំណែកក្មេងស្រីរងគ្រោះទាំង២នាក់ ទី១-ឈ្មោះ ម.រ.ហ អាយុ១៣ឆ្នាំ មុខរបរសិស្ស និង ទី២-ឈ្មោះ ម.ហ អាយុ១១ឆ្នាំ មុខរបរសិស្ស។ ក្មេងស្រីរងគ្រោះទាំង២នាក់ ត្រូវជាបងប្អូនបង្កើត និងមានលំនៅ ក្នុងភូមិកើតហេតុខាងលើជាមួយជនសង្ស័យផងដែរ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបាន ទទួលពាក្យបណ្តឹងពីអាណាព្យាបាលក្មេងស្រីរងគ្រោះទាំង២នាក់ ដោយបានប្តឹងចោទប្រកាន់ ទៅលើបុរស ចំណាស់ជាជនពិការ ឈ្មោះឌីន សេន ហៅម៉ាន សេន ថាបាន ល្បួងរំលោភកូនស្រីរបស់គាត់ដល់ទៅ២នាក់ រហូតបានសម្រេច នៅក្នុងបន្ទប់ទឹក ផ្ទះរបស់ជនសង្ស័យ។
ក្រោយទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យខាងលើ នាំយកមកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពល្បួង រំលោភក្មេងស្រី រងគ្រោះទាំង២នាក់បងប្អូន ប្រាកដមែន។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បី ចាត់ការបន្តតាមនីតិវិធី៕