Tuesday, December 24, 2024
Homeព័ត៌មានជាតិជនជាតិថៃ២នាក់ ដេកស្លាប់ក្នុងបន្ទប់ជួលនៅយប់ថ្ងៃតែមួយ សង្ស័យខ្យល់គរ

ជនជាតិថៃ២នាក់ ដេកស្លាប់ក្នុងបន្ទប់ជួលនៅយប់ថ្ងៃតែមួយ សង្ស័យខ្យល់គរ

ខេត្តប៉ៃលិន ៖ មានករណីដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយសារគេប្រទះឃើញសពជនជាតិថៃចំនួន២នាក់ បានដេកស្លាប់នៅក្នុងបន្ទប់ផ្សេងគ្នា ក្នុងយប់ថ្ងៃតែមួយ ដោយខាងសមត្ថកិច្ចសន្និដ្ឋានថា មកពីពួកគេអត់ងងុយខ្លាំងនៅពេលយប់ ទើបបណ្តាលឱ្យកើតខ្យល់គរដេកស្លាប់ព្រមគ្នាបែបនេះ ។

ហេតុការណ៍ភ្នាក់ផ្អើលនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្បែរច្រកអន្តរជាតិព្រំ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះទី១ មានឈ្មោះ វិឈាន ភេទប្រុស អាយុ៦៨ឆ្នាំ ជនជាតិថៃ ជាភ្ញៀវមកលេងកាស៊ីណូ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ នៅក្នុងបន្ទប់ផ្ទះជួលលេខ៨ ដែលមានម្ចាស់ឈ្មោះ ស្រេង អ៊ី ភេទប្រុស អាយុ៦៨ឆ្នាំ ។ ចំណែកសពទី២ មាន ឈ្មោះ អាណេក ហៅដាំ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិថៃ ជាបុគ្គលិកកាស៊ីណូកាឡាក់ស៊ី ស្នាក់នៅបន្ទប់ជួលលេខ៤ ជាន់ទី២ ដែលមានម្ចាស់ឈ្មោះ ព្រាម អួរ ភេទប្រុស អាយុ៥៩ឆ្នាំ ។

ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេសង្កេតឃើញជនជាតិថៃទាំងពីរនាក់នោះ សុទ្ធតែអត់ងងុយដូចៗគ្នា ដោយម្នាក់ធ្វើការនៅក្នុងកាស៊ីណូកាឡាក់ស៊ី ដោយតែងតែឈឺក្រពះ ក៏ប្រើមិត្តរួមការងារឱ្យទិញថ្នាំក្រពះយកទៅឱ្យលេប លុះមួយសន្ទុះក្រោយមក ក៏ប្រកាច់បែកពពុះមាត់ស្លាប់តែម្តង ។ ចំណែកជនរងគ្រោះម្នាក់ទៀត ដោយសារតែគាត់មានវ័យចំណាស់ផង ហើយថែមទាំងលេងល្បែងអត់ងងុយខ្លាំង ទើបបណ្តាលឱ្យកើតជម្ងឺខ្យល់គរ ដេកប្រកាច់ធ្លាក់ពីលើគ្រែស្លាប់ផងដែរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច្ច័យ ដោយបានសន្និដ្ឋានថា នេះជាករណីគាំងបេះដូងស្លាប់ មិនមែនជាអំពើឃាតកម្មណាមួយនោះឡើយ ហើយក្រោយមកក៏រៀបចំសព ប្រគល់ជូនសមត្ថកិច្ចថៃ ឱ្យយកទៅប្រគល់ជូនសាច់ញាតិរបស់ខ្លួន ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

 

RELATED ARTICLES