ភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់បែកប្រពន្ធ៣ខែតាមទៅរកមិនឃើញនៅផ្ទះទិញសាំង១លីត្រចាក់ដុតខ្លួនឯងឆេះខ្លោចខ្មៅពេញខ្លួនរហូតស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យព្រះកុសុមៈ ហេតុការណ៍ភ្ញាក់ផ្អើលនោះបានកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីទាបភ្លឺថ្ងៃទី១៤ ខែមករាស្ថិតនៅក្នុងដីឡូត៍មួយកន្លែងក្នុងភូមិព្រៃពោនឃុំកអណ្តើកស្រុកកំពង់ត្របែកខេត្តព្រៃវែង។
បុរសដែលឆេះខ្លោចខ្មៅពេញខ្លួនរហូតស្លាប់មានឈ្មោះសុខរ៉ាភេទប្រុសអាយុ៣២ឆ្នាំមុខរបរកម្មករសំណង់មានទីលំនៅភូមិក្តីតាកុយសង្កាត់វាលស្បូវខណ្ឌច្បារអំពៅ។ចំណែកឯប្រពន្ធមានឈ្មោះតុលាអាយុ៥២ឆ្នាំ មុខរបរនៅផ្ទះមានទីលំនៅភូមិកើតហេតុខាងលើមានស្រុកកំណើតនៅភូមិកើតហេតុខាងលើជាស្ត្រីម៉ាយមានកូនប្រុសស្រី២នាក់ បានរស់នៅជាមួយបុរសរងគ្រោះរយៈពេល៨ឆ្នាំមកតែពុំបានរៀបការទេគ្រាន់តែព្រេនបន្តិចបន្តួចនិងមិនមានកូនទេ ។
តាមប្រភពព័ត៌មានពីក្រុមគ្រួសារបុរសរងគ្រោះបានឱ្យដឹងថាជនរងគ្រោះជាកម្លោះបានប្រពន្ធមេម៉ាយកូន២នាក់ហើយមានអាយុបងរហូតដល់ទៅ២០ឆ្នាំទៀត ចាប់តាំងពីបានគ្នាជាប្តីប្រពន្ធមកហាក់ដូចជាមានភាពរកាំរកូសជារៀងរាល់ថ្ងៃកន្លងមក៣ខែនេះដោយសារ ប្រពន្ធបានឈ្លោះប្រកែកជាមួយប្តីក៏បានរត់ទៅរស់នៅស្រុកកំណើតនៅខេត្តព្រៃវែងបាត់ ។
ក្រុមគ្រួសារបានបន្តទៀតថាដោយសារតែជនរងគ្រោះនឹករលឹកប្រពន្ធពេកនៅល្ងាចថ្ងៃទី១៣ខែមករាជនរងគ្រោះបានខ្ចីលុយមេការចំនួន៥ម៉ឺនរៀលដើម្បីជិះរថយន្តឈ្នួលទៅលេងប្រពន្ធនៅឯខេត្តព្រៃវែងខណៈពេលទៅដល់ផ្ទះប្រពន្ធមិនឃើញនៅផ្ទះក៏បានសុំលេខទូរស័ព្ទប្រពន្ធពីអ្នកជិតខាងដើម្បីទូរស័ព្ទសួរក៏ត្រូវប្រពន្ធប្រាប់ថាជាប់រវល់ទៅការមិត្តភក្កិនៅខេត្តស្វាយ ។ បន្ទាប់ពីនិយាយទូរស័ព្ទរួចហើយជនរងគ្រោះបានងូតទឹកហូបបាយពេលល្ងាចហើយបានចងមុងដេកនៅក្នុងប្រពន្ធជាធម្មតា។លុះដល់វេលាម៉ោង៣និង១៥នាទីទាបភ្លឺថ្ងៃទី១៤ខែមករាស្រាប់តែឃើញជនរងគ្រោះនៅវាលស្រែចម្ងាយពីផ្ទះរបស់ប្រពន្ធ ជាង១០០ម៉ែត្រកំពុងតែត្រូវភ្លើងឆេះសន្ធោសន្ធៅពេញខ្លួនបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងជួយពន្លត់ទម្រាំតែរលត់ត្រូវអណ្តាតភ្លើងឆាបឆេះខ្មៅរោលពេញខ្លួនអស់ទៅហើយភ្លាមៗនោះបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកស្រុកកំពង់ត្របែកដោយសារស្ថានភាពធ្ងន់ធ្ងរពេកក៏បានដឹកបញ្ជូនសង្គ្រោះបន្តមកមន្ទីពេទ្យព្រះកុសុមះហៅពេទ្យលោកសង្ឃនៅវេម៉ោ២និង៣០រសៀលតែអកុសលពេលមកដល់មន្ទីរពេទ្យបានដាច់ខ្សល់ស្លាប់បាត់ទៅហើយ។
ទាក់ទិននឹងករណីខាងលើនេះសាច់ញាតិជនរងគ្រោះបានសង្ស័យថាមិនមែនជនរងគ្រោះទិញសាំងមួយលីត្រយកមកដុតខ្លួនឯងទេសង្ស័យថាជាករណីឃាតកម្មដោយសាច់ញាតិរបស់ជនរងគ្រោះបានលើកឡើងថាប្រពន្ធរបស់ជនរងគ្រោះលួចមានសហាយហើយប្រុសសាហាយរបស់ប្រពន្ធជាអ្នកលួចដុត ។
សពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណីទាក់ទិននឹងករណីនេះសមត្ថកិច្ចកំពុងតែស្រាវជ្រាវបន្តទៀតតើជាករណីឃាតកម្មឬក៏ជាករណីតូចចិត្តទៅជួបប្រពន្ធហើយបែរជាប្រពន្ធអត់នៅផ្ទះបានសម្រេចចិត្តចាក់សំាងដុតខ្លួនឯងតែម្តង ៕
កែវ ឈីម