(ភ្នំពេញ) : អតីតតារាភាពយន្ត លោកស្រី កែវ កល្យាណ បានទម្លាយថា លោកយុត្ថារា ឆានី ដែលជាអតីត តារាភាពយន្ត និងជាមិត្តភក្តិរួមជំនាន់ បានលើកដីឲ្យលោកស្រី ហើយលោកស្រីបានបង់ផ្តាច់ ៦ម៉ឺនដុល្លារ តាំងពីមុនកូវីដ មកដល់ឥឡូវ មិនដឹងដីនៅឯណា ប្លង់ដីក៏មិនទាន់បាន ឯលោកយុត្ថារា ឆានី បានត្រឹមតែ សន្យាខ្យល់ ជាង៣ឆ្នាំមកហើយ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ មានបុរសម្នាក់ បានផុសរូបភាពនិង សំណេរតាម បណ្តាញសង្គមថា ខ្លួនខំទុកចិត្តអាយដូល យុត្ថារា ឆានី ក៏បាននាំបងស្រីទៅទិញដីរបស់អតីតតារា ភាព យន្តរូបនេះ លុះបង់រំលស់បានជាង ២ម៉ឺនដុល្លារ ស្រាប់តែគ្មានដីឲ្យ ហើយដីដែលដាក់លក់នោះត្រូវគេព័ទ្ធ របងយកអស់។
បុរសម្នាក់នោះ បានសរសេរក្នុងគណនីហ្វេសប៊ុក របស់ខ្លួន ឈ្មោះ «Seng Kim» នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ថា “ខំទុកចិត្ត និងស្រលាញ់ idol តាំងពីក្មេង ក៏នាំបងស្រីទៅទិញដី របស់idol បង់រំលស់បានជាង ២ម៉ឺនដុល្លារ ប៉ុន្តែបែរជាអត់មានដីទៅវិញ ដីដែលបានបង់នោះ ត្រូវគេព័ទ្ធរបងយកទៅវិញ។ ចាំidol ដោះស្រាយ ក៏មិនឃើញ សុំតែលុយដើមវិញ ឬដូរដីផ្សេងក៏បាន ប៉ុន្តែអត់មានដំណោះស្រាយ ឲ្យចាំហើយចាំទៀត។ សូមបងប្អូនជួយស៊ារ ឲ្យលោកពូ យុត្ថារា ឆានី បានឃើញផង។ បងខ្ញុំខំប្រឹងធ្វើការណាស់ ដើម្បីយកលុយ ទៅ បង់ឲ្យលោកពូ រាល់ខែ មិនដែលយឺត១ថ្ងៃ។ សូមបងប្អូនជួយស៊ារ ឲ្យគាត់ឃើញផង”។
គួរបញ្ជាក់ថា យោងតាមកិច្ចសន្យាបង់រំលស់ដីធ្លី ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ដែលបុរសខាងលើបានអះអាង ថា អ្នកទិញដី ជាបងស្រីរបស់ខ្លួន បានបញ្ជាក់ថា ភាគី (ក) ឈ្មោះយុត្ថារា ឆានី មានលំនៅ ផ្ទះលេខ ៨៦អឺសូន្យ ផ្លូវលេខ១៧៤ ភូមិ១១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាម្ចាស់ដីឡូត៍ វណ្ណេត-សុវណ្ណភូមិ (CTLV) ជាអ្នកលក់។ ចំណែកភាគី (ខ) ឈ្មោះទុយ គឹមជូ ភេទស្រី ឆ្នាំកំណើត១៩៨២ មានអាសយដ្ឋាន ផ្ទះលេខ ២៩អា ផ្លូវ៨១ ភូមិឫស្សី សង្កាត់ស្ទឹងមាច័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកទិញ បាព្រមព្រៀងលក់-ទិញដីឡូត៍ ទំហំទទឹង ១៥ម៉ែត្រ បណ្តោយ២០ម៉ែត្រ ស្ថិតនៅភូមិអម្ពិល សង្កាត់កំបូលខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងតម្លៃ ៣៩ ៣០០ដុល្លារអាមេរិក ក្នុងលក្ខខណ្ឌបង់រំលស់ (បង់មុន ២០% រំលស់ ៨០%) គិតចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២០ ។ ប៉ុន្តែ មកដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ភាគីអ្នកទិញដីខាងលើ បានអះអាងថា ខ្លួនបានបង់រំលស់ បានជាង២ម៉ឺនដុល្លារទៅហើយ ស្រាប់តែភាគីអ្នកលក់ដី (លោកយុត្ថារា ឆានី) បែរជាអត់មានដីឲ្យ ដោយដី ដែលបានបង់នោះ ត្រូវគេព័ទ្ធរបងយកទៅវិញ។
ក្រោយពីបានឃើញរូបភាព និងសំណេររបស់បុរសខាងលើ ដែលត្រូវនឹងរឿងរបស់ខ្លួន ដែលទ្រាំស្ងាត់ស្ងៀមជាង ៣ឆ្នាំមកហើយនោះ អតីតតារាភាពយន្ត កែវ កល្យាណ បានទម្លាយថា លោកស្រីបានទិញដីលោកយុត្ថារា ឆានី ជាមិត្តភក្តិតារាភាពយន្តរួមជំនាន់ តម្លៃ ៦ម៉ឺនដុល្លារ បង់លុយផ្តាច់អស់តាំងមុនកូវីត (ឆ្នាំ២០១៩) ទៅទៀត ហើយ ម្ចាស់ដីសន្យាកាត់ប្លង់រឹង បំបែកក្បាលដីឲ្យ តែចាំរហូតមកដល់ឥឡូវ នៅតែសន្យា មិនដឹងថាដី និងប្លង់នៅឯ ណា។
លោកស្រីកែវ កល្យាណ បានសរសេរក្នុងទំព័របណ្តាញសង្គម Facebook របស់លោកស្រី នៅល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ថា “បើខ្ញុំវិញ ជិត៦ម៉ឺនដុល្លារ បង់លុយផ្តាច់អស់ តាំងមុនកូវីដ ទៀត ហើយសន្យាកាត់ប្លង់រឹង បំបែកក្បាលដីឲ្យ ចាំរហូតមកដល់ឥឡូវ នៅតែសន្យា ។ ប្អូនអើយ ! ខ្ញុំធ្លាប់ថតជាមួយ រាប់អាននិងទុកចិត្ត ជឿ ជាក់ ខំជួយទិញតាមការអះអាងធានាសព្វគ្រប់។ មិត្តឆានី បើបានឃើញហើយ គួរជួយដោះស្រាយតាម សន្យា ដោយការគួរផង លុយញើសឈាមណាមិត្ត ហើយខ្ញុំបាននាំមិត្តភក្តិយើងសិល្ប: ជាច្រើនទិញ ឥឡូវពួកគាត់ពិ បាកចិត្ត តឹងទ្រូង យំមិនចេញទេ ពួកគាត់បបួលខ្ញុំប្តឹង និងបង្ហោះ f តែខ្ញុំនិងមិត្តអម្ពរទេវី ថាកុំទាន់ ចាំមើលគាត់ ដោះស្រាយសិន។ អ៊ីចឹងសូមឆានី ជួយដោះស្រាយឲ្យបានឆាប់ផង កុំពន្យារពេលយូរទៀតអី ព្រោះយូរឆ្នាំហើយ តាំងពីដើមឆ្នាំ២០១៩ ម៉្លេះ”។
ទោះបីជាយ៉ាងណា អតីតតារាភាពយន្ត លោកយុត្ថារា ឆានី បានចេញមុខបដិសេធថា ព័ត៌មានដែលត្រូវបាន បង្ហោះ និងផ្សាយតាមបណ្តាញសង្គមខាងលើនេះ មិនពិតទេ ដោយលោកបានបញ្ជាក់ថា ប្រទេសមានច្បាប់ បើយល់ថាលោកធ្វើខុស សូមធ្វើតាមច្បាប់រៀងខ្លួនចុះ។
លោកយុត្ថារា ឆានី បានបញ្ជាក់តាមគណនី Facebook របស់លោក នៅល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ថា «ខ្ញុំបាទ យុត្ថារា ឆានី សូមបដិសេធរាល់ការចុះផ្សាយព័ត៌មានមិនពិត។ ប្រទេសមានច្បាប់ បើយល់ថាខ្ញុំខុស សូមធ្វើតាមច្បាប់រៀងខ្លួនចុះ»។
ជុំវិញករណីខាងលើនេះ «នគរធំ» មិនអាចសុំការបកស្រាយបំភ្លឺបន្ថែមពីលោកស្រី កែវ កល្យាណ និងលោក យុត្ថារា ឆានី បានទេ កាលពីម្សិលមិញ៕ ខៀវទុំ