ភ្នំពេញ៖ពេជ្រ សោភា ដែលកំពុងតែធ្វើជាCoach កម្មវិធីThe Voice Cambodia រដូវកាលទី៣ នោះបានបង្ហាញអារម្មណ៍យ៉ាងក្រៀមក្រំនឹកស្រណោះដល់អតីតកូនក្រុមរបស់ខ្លួនសាន ស្រីឡៃ ដែលបានលាកលោកអស់រយៈពេល៧ឆ្នាំទៅហើយនោះ។សោភា ដែលបានជ្រើសរើសយកស្រីឡៃ ឡើងទៅវគ្គផ្ដាច់ព្រ័ត្រការប្រលងចម្រៀងជាលក្ខណៈអន្ដរជាតិនោះប៉ៈជាមួយលោកថែល ថៃ ,ឃី សុឃុន និងឈីន រតនៈ ហើយជាលទ្ធផលលោកថែល ថៃ ក្លាយទៅជាម្ចាស់ពានThe Voice Cambodia រដូវកាលទី២ តែស្រីឡៃ ក៍ហង្សមាសជ្រើសយកនាងធ្វើជាតារាចម្រៀងនិងសម្ដែងរបស់ខ្លួនដែរ ប៉ុន្ដែជាអកុសល នាងត្រូវបាត់បង់ជីវិតភ្លាមៗដោយសារតែប្ដីប្រចណ្ឌ។
ពេជ្រ សោភា ថ្លែងសារដោយបង្ហាញអារម្មណ៍នឹកដល់កូនក្រុមរបស់ខ្លួនថានាងនឹកស្រីឡៃ ខ្លាំង និងបានសួរស្រីឡៃ ថាទៅដល់កន្លែងណាហើយ ទាំងមិនបានត្រៀមខ្លួន…។ដឹងទេថាគេនឹក…។សាររបស់សោភា បែបនេះធ្វើឲ្យអ្នកគាំទ្រនាងជាច្រើនបានចូលទៅខមិន និងនឹកស្រណោះដល់ស្រីឡៃ ដោយរំជួលចិត្ត ហើយពួកគេបានសរសើរតារាហង្សមាសរូបនេះថានាងពិតជានៅមិនភ្លេចចំពោះការបាត់បង់កូនក្រុមរបស់ខ្លួនបើទោះជាពេលវេលាបានកន្លងផុតទៅអស់រយៈពេល៧ឆ្នាំទៅហើយក្ដី។
គូររំលឹកថាសាន ស្រីឡៃ ត្រូវបានស្វាមីបាញ់សម្លាប់ភ្លាមៗកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ដោយសារតែនាងមិនព្រមត្រូវរ៉ូវគ្នាវិញជាមួយអតីតប្ដី។មរណៈភាពរបស់នាងធ្វើឲ្យសោភា តក់ស្លុតខ្លាំងណាស់ព្រោះថាស្រីឡៃ កំពុងតែមានការងារសិល្បៈនិងចាប់ផ្ដើមល្បីឈ្មោះតែទីបំផុតនាងបានចាកចេញពីនាងជាគ្រូបង្វឹករបស់គេដោយគ្មានថ្ងៃត្រឡប់។ការនឹករលឹកដល់កូនក្រុមសំណព្វចិត្តរបស់ខ្លួននាពេលនេះរបស់សោភា ស្របពេលដែលនាងបានប្រឹងបង្ហាត់កូនក្រុមរបស់ខ្លួននៅThe Voice Cambodia រដូវកាលទី៣នេះទាំងដែលនាងមានសុខភាពមិនអំណោយផលឡើយ ពោលគឺធ្វើការទាំងឈឺព្រោះជំងឺចាស់របស់នាងឈាមស ស៊ីឈាមក្រហមនោះបានធ្វើទុក្ខជាថ្មី ទើបនាំឲ្យនាងចេញចូលពេទ្យជាញឹកញាប់។តែសោភា ជាមនុស្សដែលមានទំនួលខុសត្រូវក្នុងសិល្បៈ ហេតុនេះនាងប្រឹងបំពេញការងារដែលខ្លួនត្រូវធ្វើហាក់ដូចជាគ្មានរឿងអ្វីកើតឡើងចំពោះរូបនាងនោះទេ។
ប៉ុន្ដែអ្នកស្និតនាងបង្ហើបថាសោភា ពេលខ្លះមានអារម្មណ៍ហាក់ស្មុគស្មាញដោយសារតែសុខភាពនាងមិនអំណោយផលនោះរហូតនាងបានចេញសារប្លែកៗនៅលើបណ្ដាញសង្គមជាបន្ដបន្ដបន្ទាប់ទៀតផង តែចុងក្រោយនាងនៅតែសង្កត់ថារឿងស្នេហានិងគ្រួសារមិនអាចយកមកលាយឡំគ្នាបាននោះទេ។ចំពោះរឿងស្នេហាដែលសោភា ចង់សំដៅជាមួយលោកឆឹម សក្កដា ដែលជាគូដណ្ដឹងរបស់នាងនោះហាក់មិនមានលំនឹងទេ នារយៈពេលចុងក្រោយនេះរហូតមានពេលខ្លះតារាវ័យ៤០ឆ្នាំ រូបនេះចេញសារត្រង់ៗដាស់តឿនទៅអនាគតស្វាមីថាបើមិនអាចបន្ដ រាប់អានគ្នាជាមិត្តភក្ដិវិញក៍បានទៀតផង។ការអស់ភាពអត់ធ្មត់របស់សោភា នៅពេលនេះត្រូវបានគេបង្ហើបថាដោយសារតែនាងមានការអាកអន់ស្រពោនចិត្តព្រោះតែនៅពេលនាងដេកឈឺនៅពេទ្យ បែជាលោកសក្កដា គិតតែពីឆ្លើយថាជាប់រវល់ថតកុនគ្មានពេលវេលាមកមើលថែនាងដូចគូស្នេហ៍ដ៍ទៃទៅវិញទើបធ្វើឲ្យនាងឆ្អែតចិត្ត។
គូរបញ្ជាក់ថាពេជ្រ សោភា មិនទាន់ធ្លាប់សម្រេចបំណងដឹកដៃកូនក្រុមរបស់ខ្លួនលើកពាននោះទេដូចគ្នាទៅនិងលោកណុប បាយ៉ារិទ្ធ ដែរ ខណៈដែលឱក សុគន្ធកញ្ញា និងឆន សុវណ្ណារាជ ធ្លាប់ធ្វើបានមុននាង។យ៉ាងណាសោភា ដែលចាប់អាជីពចម្រៀងនៅហង្សមាសរយៈពេល១៨ឆ្នាំទៅហើយនោះនាងនៅតែត្រូវបានថៅកែហង្សមាសទុកចិត្តលើនាងឲ្យបន្ដអង្គុយកៅអីនេះតទៅទៀត ព្រមទាំងបន្ថែមកៅអីថ្មីឲ្យនាង១ទៀតគឺជាគណៈកម្មាការBeat The Best រដូវកាលទី១ ។ប្រភពបានឲ្យដឹងថាសោភា អាចនឹងត្រូវបន្ថែមតួនាទីជាCoach ឬ Judge ថែមទៀតជាមិនខាននាពេលខាងមុខក្រោយនាងបង្ហាញភក្ដីភាពចំពោះទ្រនុំចាស់មួយនេះដោយមិនព្រមលោតចូលGalaxy ដូចព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ នោះទេ បើទោះជាកាលពីចុងខែកញ្ញា ឆ្នាំ២០២០ មានព័តមានថាផលិតកម្មមួយនេះចង់ទិញនាងក្នុងតម្លៃ៣០ម៉ឺនដុល្លារក៍ដោយ។ប៉ុន្ដែយ៉ាងណាសោភា ក្រោយអត់ពីដៃគូយល់ចិត្ត២នាក់គឺព្រាប សុវត្ថិ និងងួន ចាន់ដេវីត នោះពេលនេះនាងនៅតែមិនទាន់រកបានដៃគូថ្មីដ៍សាកសមជាមួយនាងបានទេ បើទោះជាពេលខ្លះនាងច្រៀងសម្ដែងជាមួយកលោកឆឹម សក្កដា ក្ដី។អ្វីដែលគូរឲ្យកត់សម្គាល់នោះសោភា ក្រោយពីឆាចោលមង្គលការជាមួយលោកសក្កដា នៅឆ្នាំ២០២៣ នេះហើយឥឡូវនាងកំពុងតែម៉ួម៉ៅរឿងប្រុសស្នេហ៍មិនសូវយកចិត្តទុកដាក់ពេលនាងឈឺ នោះធ្វើឲ្យដំណឹងរៀបការរបស់នាងស្ងាត់ដូចចោរលួចសេះ៕