ក្រចេះ ៖ គណៈគ្រប់គ្រងវិទ្យាល័យព្រះមហាក្សត្រិយានី កុសុមៈ ស្ថិតក្នុងក្រុងក្រចេះ បានហៅក្រុមជាងមក ជួសជុលអគារសិក្សា និងចាក់សាប ស្រាប់តែពេលក្រុមជាងកាយដី ប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាច្រើនគ្រាប់ ទើបលោកនាយកវិទ្យាល័យ ប្រញាប់រាយការណ៍ទៅសមត្ថកិច្ច និងមន្ត្រីជំនាញស៊ីម៉ាក់ ចុះមក ដោះយក ស្រាប់តែប្រទះឃើញគ្រាប់ដល់ទៅជាង២០០០គ្រាប់។

ហេតុការណ៍ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះក្នុងបរិវេណសាលារៀនខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ នៅក្នុងបរិវេណវិទ្យាល័យព្រះមហាក្សត្រិយានី កុសុមៈ ស្ថិតក្នុងក្រុងក្រចេះ ហើយរហូតមកដល់វេលាម៉ោង១រសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ កម្លាំងក្រុមស្រាវជ្រាវគ្រាប់បែកចង្កោម លេខ០៥ ប្រចាំកងឯកភាពកម្ចាត់មីនទី៥ បានរាវរកឃើញគ្រាប់មិនទាន់ផ្ទុះ ប្រមាណជាង២០០០គ្រាប់ហើយ។

លោកហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានឲ្យដឹងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ថា នៅក្នុងរយៈពេលតែ៣ថ្ងៃ (១១-១៣ ខែសីហា ឆ្នាំ២០២៣) នៅក្នុងបរិវេណវិទ្យាល័យព្រះមហាក្សត្រិយានី កុសមៈ ខេត្តក្រចេះ កម្លាំងជំនាញបោសសម្អាតគ្រាប់ សំណល់ សង្គ្រាម នៃកងឯកភាពកម្ចាត់មីនទី៥ ទទួលទិសខេត្តក្រចេះ ដែលដឹកនាំដោយលោកអនុសេនីយ៍ឯក ប៉ិន រដ្ឋា ជាប្រធានក្រុម បានបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាសំណល់សង្គ្រាម បានចំនួន ២១១៦គ្រាប់ ក្នុង នោះមាន ប្រភេទគ្រាប់ M79 ចំនួន២០៣៣គ្រាប់ គ្រាប់ DK75 ចំនួន៦៣គ្រាប់ FuzeM48 ចំនួន១៨គ្រាប់ និងគ្រាប់ B40, គ្រាប់ H107 ចំនួន១គ្រាប់។

លោកអគ្គនាយកស៊ីម៉ាក់ បន្តថា តាមការវាយតម្លៃស្ថានភាពបញ្ហាគ្រាប់ក្នុងបរិវេណវិទ្យាល័យ អាចមានចំនួនច្រើនទៀត ដែលទាមទារការបិទសាលារៀន ជាបណ្តោះអាសន្ន ដើម្បីអនុញ្ញាតឱ្យកម្លាំងស៊ីម៉ាក់ អាចបោសសម្អាត ធានាសុវត្តិភាពជូនក្មួយៗសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ក៏ដូចប្រជាពលរដ្ឋក្នុងតំបន់នេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ សាលាខាងលើ បានធ្វើការជួសជុលអាគារ និងចាក់សាប ហើយត្រូវបានក្រុមជាងកាយសាប ក៏ប្រទះឃើញគ្រាប់ទាំងនេះតែម្តង។ ភ្លាមៗ លោកប៊ុន ឆី នាយកវិទ្យាល័យ បានរាយការណ៍ទៅសមត្ថកិច្ច ហើយនៅពេលមន្ត្រីស៊ីម៉ាក់ មកដល់ រាវរកប្រទះឃើញគ្រាប់ជាច្រើននៅទីតាំងនោះ។

លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំ យុវជននិងកីឡា ខេត្តក្រចេះ បានអនុញ្ញាតឱ្យសិស្សឈប់សម្រាកការសិក្សាមួយរយៈពេលខ្លី ទម្រាំកម្លាំងស៊ីម៉ាក់ រុករកនិងយកគ្រាប់ចេញពីទីតាំងនោះអស់ ទើបអនុញ្ញាតឱ្យសិស្សចូលរៀនវិញ៕

