ភ្នំពេញ ៖ តារាបង្ហាញម៉ូដ និងសម្តែង ព្រីម លីហ្សា បន្ទាប់ពីបានឃើញរឿងអតីតពិធីការិនី សួន ភក្តី ហៅអាណូ មានវិបត្តិផ្លូវចិត្ត រហូតគិតខ្លី ចាក់សម្លាប់ខ្លួននោះមក បានធ្វើឲ្យនាងនឹកដល់រឿងរបស់ខ្លួនឯង ដូចគ្នាទៅនឹងរឿង របស់អាណូដែរ ដែរលះបង់ខុសចំពោះមនុស្សប្រុសដែខ្លួនស្រឡាញ់ ទីបំផុតប្រុសនោះធ្វើឲ្យនាងឈឺចាប់មួយ ជីវិត ក្លាយទៅជា single mom (មេម៉ាយកូនមួយ) ។
ព្រីម លីហ្សា បានជូនពរដល់អាណូ ឲ្យឆាប់មានសុខភាពល្អឡើងវិញ ហើយរឹងមាំ បន្តជីវិតទៅមុខទៀត ដើម្បី កូនៗ ដូចអ្វីដែលនាងកំពុងតែធ្វើនៅពេលនេះ។
ព្រីម លីហ្សា បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់នាង នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ថា «ឃើញរឿងរបស់បងស្រី Vj Ano ធ្វើឱ្យខ្ញុំនឹកឃើញដល់អារម្មណ៍មួយ អារម្មណ៍ដែរលះបង់ការស្រលាញ់ យ៉ាង ធំធេងទៅកាន់មនុស្សប្រុសម្នាក់ ដោយមិនខ្វល់អំពីអ្វីទាំងអស់ មានតែពាក្យមួយគត់ គឺក្តីស្រឡាញ់ តែទីបំផុត ទទួលត្រឡប់មកវិញជាការឈឺចាប់យ៉ាងមិននឹកស្មានដល់ ធ្វើឱ្យខ្ញុំមិនអាចបំភ្លេចបាន អស់មួយជីវិត។ អ្វីដែលខ្ញុំបានជួបប្រទះទាំងអស់នេះហើយ ធ្វើឲ្យខ្ញុំក្លាយទៅជា single mom យ៉ាងរឹងមាំម្នាក់។ មានតែពាក្យ ជូនពរសម្រាប់បងស្រី ឲ្យគាត់មានសុខភាពល្អឡើងវិញ ហើយរឹងមាំ បន្តជីវិតទៅមុខទៀត ដើម្បីកូនរបស់គាត់ ដូចអ្វីដែលខ្ញុំកំពុងតែធ្វើ»។
សូមរំឭកថា កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ អតីតពិធីការិនីល្បីឈ្មោះ អ្នកនាង សួន ភក្តី ហៅវីជេ អាណូ ដែលបាត់មុខពីសិល្បៈ ជាយូរឆ្នាំមកហើយ បានចេញមកធ្វើឱ្យមហាជនមានការភ្ញាក់ ផ្អើល យ៉ាងខ្លាំង ជាមួយការបង្ហោះវីដេអូផ្សាយផ្ទាល់ (Live) តាមគណនីបណ្តាញសង្គម ហ្វេសប៊ុក ទួញយំផ្តាំផ្ញើប្អូន ឱ្យជួយមើលកូនរបស់នាងផង បន្ទាប់មក អាណូ បានទាញកាំបិតចុងស្រួច ចាក់ពោះខ្លួនឯង បំណងសម្លាប់ខ្លួន ដោយមូលហេតុត្រូវបាននាងបញ្ជាក់តាមរយៈវីដេអូឡាយនោះថា មកពីតូចចិត្តរឿងគេប្រមាថ ចោទថានាងមិន ចេះធ្វើអ្វី ចេះតែធ្វើសំផឹង និងយកប្តីគេ។
នៅយប់នោះ អាណូ បានធ្វើការឡាយវីដេអូ ចំនួន២លើក ជាបន្តបន្ទាប់ តាមបណ្តាញសង្គមហ្វេសប៊ុក បង្ហាញ ពីអារម្មណ៍ខូចចិត្ត ស្តីបន្ទោសខ្លួនឯងថាជាមនុស្សមិនល្អ មិនសមជាម្តាយរបស់កូនៗ ចង់ចេញរកការងារធ្វើ ដើ ម្បីចិញ្ចឹមកូន បែរជាគេមិនទទួល និងត្រូវគេប្រមាថថា នាងចេះតែធ្វើសំផឹង និងយកប្តីគេ ជាហេតុធ្វើឱ្យ នាងខូច ចិត្ត ក៏ផ្តែផ្តាំឱ្យប្អូនរបស់នាងជួយមើលថែកូនស្រីនាងទាំងពីរផង រួចនាងបានទាញកាំបិតចុងស្រួច សស្ងាច ចាក់ ពោះខ្លួនឯង ប៉ុនប៉ងសម្លាប់ខ្លួន បណ្តាលឱ្យរបួសធ្ងន់ និងត្រូវបានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូន ទៅសង្គ្រោះ បន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត ភ្លាមៗ។ សំណាងល្អ អាណូ ដែលចាក់ពោះខ្លួនឯង ចំនួន ២កាំបិត នោះ ត្រូវបាន ក្រុមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យកាល់ម៉ែត ជួយសង្គ្រោះ បានរួចផុតពីការស្លាប់ ហើយបើតាមលោក ស្រី ចន ច័ន្ទ លក្ខិណា ប្រធានសមាគមសិល្បករខ្មែរ នាងអះអាងថា អាណូ បានដឹងស្មារតីឡើងវិញ ហើយនាង បានសន្យាថា ឈប់គិតខ្លីបែបនេះទៀតហើយ គឺនាងនឹងព្យាយាមបំភ្លេចរឿងអតីតកាលឈឺចាប់ ប្រឹងក្រោក ឈរជាថ្មី ដើម្បីរក ស៊ីចិញ្ចឹមកូន និងម្តាយចាស់របស់នាងបន្តទៀត៕ ខៀវទុំ