ភ្នំពេញ ៖ នារីម្នាក់ឆ្លៀតពេលទំនេរពីការសិក្សា បានទៅជួយលក់សាច់ផាក់ឡូវជាមួយបងប្រុស ក៍ត្រូវជនបង្កបីនាក់ ជិះម៉ូតូមួយគ្រឿង យកដុំថ្មគប់បែកទូរកញ្ចក់ ដាក់សាច់ផាក់ឡូវលក់ បណ្ដាលឲ្យខ្ទាតអម្បែងកញ្ចក់ ត្រូវចំមុខហូរឈាម ភ្លាមៗនោះ ត្រូវបានបងប្អូនជនរងគ្រោះដេញឃាត់បាន រួចនាំប្រគល់អោយសមត្ថកិច្ច ដើម្បីចាត់ការ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ជិតច្រកចូលផ្សារប៉េសេចាស់ ផ្លូវ៣៧១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ជនរងគ្រោះមានឈ្មោះ សាំង ស៊ីវ៉ា ភេទស្រី ហៅធូង អាយុ២១ឆ្នាំ មុខរបរនិស្សិតឆ្នាំទី៤ នៅវិទ្យាស្ថាន PSE ស្នាក់នៅផ្ទះលេខ២៧១ ផ្លូវ៥០BT ភូមិក្បាលទំនប់២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ ជនបង្កដែលឃាត់ខ្លួនបានម្នាក់ មានឈ្មោះទេព វសនា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនិស្សិតឆ្នាំទី២ នៅវិទ្យាស្ថាន PSE ស្នាក់នៅផ្ទះជួលភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
បើតាមសម្តីជនរងគ្រោះ បាននិយាយថា ឆ្លៀតពេលទំនេរពីសិក្សា រូបនាងបានជួយមកលក់សាច់ផាក់ឡូវក្រុមគ្រួសារ នៅកន្លែងកើតហេតុខាងលើ ជារៀងរាល់ថ្ងៃ ។ មុនពេលកើតហេតុ រូបនាងកំពុងតែឈរកាប់សាច់ផាក់ឡូវលក់ឲ្យគេ ស្រាប់តែមានជនបង្កបីនាក់ បានជិះម៉ូតូមិនស្គាល់ម៉ាក មួយគ្រឿង បានធ្វើដំណើរតាមផ្លូវ៣៧១ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសដែលអង្គុយខាងក្រោយគេ បានយកដុំថ្មគប់សំដៅមកលើទូកញ្ចក់ ដែលដាក់ផាក់ឡូវលក់ បណ្ដាលឲ្យអោយខ្ទាតអម្បែងកញ្ចក់ទូដាក់សាច់ផាត់ឡូវ ចំពីមុខនាងចំហៀងខាងស្ដាំ បណ្តាលឲ្យរយះហូរឈាម ដោយមិនដឹងខ្លួន ក៍ត្រូវបានបងប្អូនដែលនៅក្បែរនោះ ដឹកតាមម៉ូតូយកទៅព្យាបាលរបួសនៅមន្ទីរពហុព្យាបាលបញ្ញាសក្តិ ដោយមិនបានដេរមុខរបួសទេ ព្រោះខ្លាចមានស្នាមមុខ ។
ប្រភពដដែលបន្តទៀតថា ភ្លាមៗនោះ ជនបង្កទាំងបីនាក់ បានព្យាយាមជិះម៉ូតូបន្ថែមល្បឿនបើករត់ រហូតដល់ជិតសាលាអង្គការភាពញញឹមនៃកុមារកម្ពុជា ក៏ត្រូវបងប្អូនរបស់ជនរងគ្រោះជិះម៉ូតូដេញតាមឃាត់ខ្លួនបានម្នាក់ ក្នុងចំណោមបក្សពួកបីនាក់ យកទៅប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍បឹងទំពុន ដើម្បីធ្វើការសាកសួរ ។
នៅពេលសមត្ថកិច្ចសាកសួរ ជនបង្កបានសារភាពថា រូបពិតបានធ្វើសកម្មភាពយកដុំថ្មគប់សំដៅទៅកន្លែងលក់សាច់ផាក់ឡូវមែន តែពួកគេគប់នោះ មិនមែនមានបំណងចង់អោយត្រូវនារីរងគ្រោះនោះទេ គឺពួកគេមានបំណងចង់គប់អោយចំបងប្រុសនារីរងគ្រោះ ព្រោះអីពួកគេនិងបងប្រុសរបស់នារីរងគ្រោះ បានមានទំនាស់គ្នាជាមួយពួកគេ កាលពីល្ងាចនៅឯសាលារៀនជាមួយគ្នា ។ ជនបង្កបាននិយាយបន្តទៀតថា រូបគេមិនមែនជាអ្នកគប់នោះទេ គឺគេគ្រាន់តែអ្នកបើកម៉ូតូតែប៉ុណ្ណោះ ចំណែកអ្នកគប់បានរត់គេខ្លួនបាត់អស់ហើយ ។
ក្រោយពេលសាកសួររួច ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្ត៍នគរបាលបឹងទំពុន ដើម្បីឲ្យសមត្ថកិច្ចធ្វើតាមនីតិវិធី គឺគ្មានសំណងជាលុយនោះទេ ។ ចំណែកជនបង្ក ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនទៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីចាត់ការបន្ត ៕