ភ្នំពេញ៖មាស សុខសោភា តាំងចិត្តថានៅឆ្នាំ២០២៣ នេះនាងមិនទៅផលិតកម្មណាទាំងអស់ ពោលគឺច្រៀងនៅផលិតកម្មខ្លួនឯងCamtrax យូៗចេញ១។តែតាំងពីសោភា ដើរចេញពីរាម ជិត៨ខែមកនេះគេនៅតែមិនឃើញសុខសោភា ធ្វើបទចម្រៀងខ្លួនឯងណាមួយដែលឲ្យFan ភ្ញាក់ផ្អើលនោះទេ ក្រៅពីរងការខកចិត្តបទ”មរណភាពព្រះស្វាមីជ័យវរ្ម័នទី៧”កាលពីខែមុននេះត្រូវបានប្រមុខរាជរដ្ឋាភិបាលប្រកាសឲ្យលុបចោល នាំឲ្យសោភា ហាក់ជាប់គាំងអត់ទាន់មានរបស់ពិសេសបញ្ចេញដូចការរំពឹងទុករបស់នាងឡើយ។យ៉ាងណាច្រកចេញសម្រាប់សុខសោភា នៅតែមានដដែលព្រោះផលិតកម្ម៣ដែលបើកទ្វារងចាំនាងគឺហង្សមាស ,Galaxy និងថោន តែសោភា ហាក់មិនទាន់ទុកចិត្តថាបើនាងទៅជ្រកនៅផលិតកម្មណាមួយក្នុងចំណោមផលិតកម្មទាំង៣ខាងលើនោះនឹងធ្វើឲ្យទីផ្សារចម្រៀងរបស់ខ្លួនមានការប្រែប្រួលនោះទេ។
ប្រភពបានឲ្យដឹងថាសុខសោភា មានភាគរយតិចតួចបំផុតក្នុងការចូលហង្សមាសព្រោះតែបច្ចុប្បន្នផលិតកម្មធំនេះអត់ព្រាប សុវត្ថិ ដែលគេចង់ឃើញនាងច្រៀងជាដៃគូ និងម្យាងទៀតមានការលើកឡើងពីអ្នកជំនាញសិល្បៈខ្លះថាហង្សមាសនឹងមិនលើកនាងឲ្យខ្លាំងជាងប្អូនថ្លៃថៅកែគឺឱក សុគន្ធកញ្ញា នោះទេដែលចំណុចនេះក៍ជារបាំងមួយរាំងផ្លូវមិនឲ្យនាងទៅជ្រកនៅហង្សមាសដែរ។ដោយឡែកការដែលសុខសោភា មិនប្រញ៉ាប់ទៅGalaxy បើទោះជាផលិតកម្មនោះមានតារាប្រុសក្នុងដៃសុទ្ធតែល្បីៗដូចជាព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ និងខេម ជាដើមដែលសុទ្ធតែអាចក្លាយទៅជាដៃគូរបស់នាងប្រសិនបើនាងព្រមទៅរួមទ្រនុំនោះដោយសារតែមានព័តមានខ្លះថាGalaxy មានតួឯកស្រីទៅហើយគឺនាងតន់ ច័ន្ទសីម៉ា ហេតុនេះបើនាងទៅហើយនៅក្រោមសិស្សប្អូនពិតជាពិបាកប្រឈមជាជាងច្រៀងនៅផលិតកម្មខ្លួនឯងទៅទៀត ទោះជាមិនសូវមានបទល្បីៗចេញក៍ដោយ។ដោយឡែកសម្រាប់ឱកាសវិលទៅថោន វិញសុខសោភា ធ្លាប់បានប្រាប់អ្នកយកព័តមានយើងថាមិនអាចទៅរួចឡើយ ព្រោះថានាងច្រៀងនៅទីនោះរយៈពេល៩ឆ្នាំ ល្មមគ្រប់គ្រាន់សម្រាប់ស្វែងរកបទពិសោធន៍ថ្មីៗហើយ។
អ្នកជំនាញសិល្បៈធ្លាប់ព្រមានមាស សុខសោភា ថាប្រសិនបើនាងនៅតែប្រកាន់គោលការណ៍មិនទៅច្រៀងនៅផលិតកម្មថ្មី ច្រៀងផលិតកម្មខ្លួនឯងជាបន្ដទៅទៀតនោះប្រាកដជានាងមិនអាចមានបទចម្រៀងដែលអាចប្រជែងទីផ្សារច្រៀងបានទេ ព្រោះថាការតំណើរការផលិតកម្មមួយទៅបានត្រូវការធនធានមនុស្ស និងរចនាសម្ព័ន្ធច្បាស់លាស់ តែសម្រាប់Camtrax របស់សុខសោភា វិញនាងមានតែបងប្រុសមាស សុខរតនៈ និងស្វាមីនាងលោកអ៊ឹត រ៉ាដា ប៉ុណ្ណោះដែលគ្រប់គ្រង ហេតុនេះការផលិតបទចម្រៀងនឹងមិនដិតដល់សម្រាប់រូបនាងឡើយ។ប្រភពនោះបានលើកឡើងថាបច្ចុប្បន្នសុខសោភា បើទៅហង្សមាសនាងនឹងក្លាយទៅជាCoach និងJudge តាមកម្មវិធីប្រលងចម្រៀងធំៗរបស់ក្រុមហ៊ុននេះជាមិនខាន តែបើនាងទៅGalaxy នោះការក្លាយទៅជាដៃគូរបស់ព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ និងខេម ប្រាកដជាធ្វើឲ្យទីផ្សារចម្រៀងនាងមានការប្រែប្រួលជាងនេះ។តែសោភា ធ្លាប់ប្រាប់ថានាងមិនចាប់អារម្មណ៍កៅអីជាគ្រូបង្វឹក ឬគណៈកម្មាការនៅហង្សមាសនោះទេ ខណៈដែលGalaxy វិញនាងបែជានិយាយថាអត់ដែលឃើញទាក់ទងនាង។
ក្រៅពីនៅមិនទាន់មានភាពច្បាស់លាស់ក្នុងការឈជើងនៅផលិតកម្មដ៍រឹងមាំដើម្បីប្រជែងទីផ្សារចម្រៀងសារជាថ្មីនោះមាស សុខសោភា ក៍បារម្ភរឿងនាងមានស្វាមីដល់ទៅ១៦ឆ្នាំ ហើយតែអត់កូននោះដែរ ព្រោះថាឱក សុគន្ធកញ្ញា រៀបការប្ដីជាង៤ឆ្នាំ បានកូនជិត២ តែនាងវិញ បែជាជ្រើសវិធីពន្យាច្រើនឆ្នាំពេករហូតមកដល់ពេលនេះដេកភ័យខ្លាចអត់កូនបន្ដពូជ។តាមព័តមានថាសុខសោភា នឹងគេចមិនផុតពីការរៀបការជាចំហនាពេលខាងមុខនេះទេ ដើម្បីបើកផ្លូវឲ្យនាពពោះតាមបំណងប្រាថ្នាជៀសវាងការរិះគន់ពីអ្នកគាំទ្រថានាងអត់ដែលឃើញការជាសារធារណៈតែហ៊ានយកកូន ព្រោះថាមង្គលការទាំងពីរលើករបស់នាងកាលពីឆ្នាំ២០០៨ (រៀបការតាមបែបគ្រិស្ទាន) និងឆ្នាំ២០០៩ រៀបការតាមប្រពៃណីខ្មែរដូចសែនព្រេន ហាក់មិនសាកសមសម្រាប់នាងជាតារាល្បីលំដាប់ជូរមុខបែបនេះទេ។អ្នកជំនាញសិល្បៈបានអះអាងថាមាស សុខសោភា ទោះជាឈលំដាប់កំពូលតារាចម្រៀងជាច្រើនឆ្នាំមែន តែ”រលកក្រោយ ច្រានរលកមុន” ហេតុនេះប្រសិនបើនាងគ្មានអ្វីថ្មីមកបញ្ចេញឲ្យទាន់ពេលវេលានោះទេ ច្បាស់ណាស់ថានាងក៍ត្រូវតារាវ័យក្មេងដែលមានសម្ថភាពអាចធ្វើឲ្យតំណែងនាងជួបនូវភាពរង្គោះរង្គើរបានគ្រប់ពេលវេលាដែរ ដែលចំណុចនេះសោភា ខ្លួនឯងបានដឹងច្បាស់ទៅហើយព្រោះធ្លាប់ចេញសារជាញឹកញាប់ថាលើលោកគ្មានអ្វីដែលទៀងទាត់និងថិតថេនោះទេ ហេតុនេះបើសិនជានាងស្ដារមុខយឺតពេលនោះទីផ្សារចម្រៀងនាងបន្ដស្ងប់ស្ងាត់បន្ដិចម្ដងៗហើយយតាមបណ្ដារកម្មវិធីប្រលងចម្រៀងធំៗបេក្ខភាពខ្លះអាចមើលរំលងបទនាង៕