Monday, May 6, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ជល់កែវ លើកអត់ដាច់ កាប់១កាំបិត

 ជល់កែវ លើកអត់ដាច់ កាប់១កាំបិត

ពោធិ៍សាត់ ៖ បុរស ២នាក់ បានអង្គុយផឹកស៊ី ជល់កែវគ្នា រហូតដល់ស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏កើតមានជម្លោះ ពាក្យសម្តីពីរឿងជល់កែវហើយ លើកអត់ដាច់ រហូតដល់ភាគីម្ខាងទប់កំហឹងមិនជាប់ ក៏ទាញកាំបិតប៉័ងតោកាប់ ១កាំបិត បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកជនដៃដល់ ត្រូវបាន សមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីកាប់គ្នាក្នុងវង់ផឹកស៊ីនេះ បានកើតឡើង កាលពីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ នៅចំណុចភូមិបត់ត្រាច ឃុំបឹងបត់កណ្តោល ស្រុកបាកាន។

ជនសង្ស័យដែលកាប់មិត្តភក្តិ ១កាំបិត និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះផៃ ថៃណា ហៅខ្លា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះឈង ហ៊ាង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិជាមួយគ្នា។

លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកាន បានបញ្ជាក់ប្រាប់ កាលពីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងបត់កណ្តោល បានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា (កាប់គ្នាក្នុងវង់ផឹកស៊ី) ដែលបណ្តាលមកពីទំនាស់ពាក្យសម្តីគ្នា នៅពេលផឹក ស្រាស្រវឹងរៀងខ្លួន។

លោកអធិការ បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះផៃ ថៃណា ហៅខ្លា និងជនរងគ្រោះ ឈ្មោះ ឈង ហ៊ាង បានផឹកស៊ីជាមួយគ្នា នៅក្នុងភូមិបត់ត្រាច ឃុំបឹងបត់កណ្តោល ស្រុកបាកាន។ លុះក្រោយមក បន្ទាប់ពីស្រវឹងធ្លាក់ភ្នែករៀងខ្លួន ស្រាប់តែអ្នកទាំងពីរ បានកើតមានជម្លោះពាក្យសម្តីនឹងគ្នា រហូតធ្វើឱ្យជនដៃ ដល់ឈ្មោះផៃ ថៃណា ហៅខ្លា  បានទាញកាំបិតប៉័ងតោដងដែក កាប់ប្រហារជនរងគ្រោះឈ្មោះឈង ហ៊ាង ចំនួន ១កាំបិត ត្រង់ចំណុចក្រោមស្មា ផ្នែកខាងស្តាំ បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុ ជនរងរបួស ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យបង្អែកស្រុកបាកាន។ ចំណែក ជនសង្ស័យ ត្រូវបានសមត្ថកិច្ច ចុះឃាត់ខ្លួន រួមជាមួយវត្ថុតាង (កាំបិតប៉័ងតោ)នាំទៅសាកសួរ និងរៀបចំកសាង សំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES