Monday, May 6, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ដណ្តើមគ្នាច្រៀង ជ្រុះក្បាលមីក្រូហ្វូន កាប់ក្បាល ១ពូថៅ

 ដណ្តើមគ្នាច្រៀង ជ្រុះក្បាលមីក្រូហ្វូន កាប់ក្បាល ១ពូថៅ

កណ្តាល ៖ បុរស ១ក្រុម បានជួបជុំគ្នាផឹកទឹកត្នោតជូរបណ្តើរ យកធុងបាស់មកច្រៀងលេងកម្សាន្តបណ្តើរ លុះស្រវឹងធ្លាក់ភ្នែក កើតមានជម្លោះប្រតាយប្រតប់គ្នា ធ្វើឱ្យបែកក្បាលមីក្រូហ្វូន ១គ្រាប់ ទើបម្ចាស់ទាម ទារឱ្យសង ស្រាប់តែបុរសដែលធ្វើបែក ផ្ទុះកំហឹង ទាញពូថៅកាប់ក្បាល ១ពូថៅ បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ ចំណែកជនដៃដល់ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ ការតាមច្បាប់។

ករណីអំពើហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ នៅចំណុចវង់ផឹកស៊ីមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងទន្លាប់ ឃុំសំរោងលើ ស្រុកអង្គស្នួល។

ជនរងគ្រោះ មានឈ្មោះវឿន វីន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរជាងសំណង់ មានលំនៅ ភូមិត្រពាំងទន្លាប់ ឃុំសំរោងលើ ស្រុកអង្គស្នួល។ ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះម៉ាត សល់ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិមង្គលបុរី ឃុំសំរោងលើ ស្រុកអង្គស្នួល។ រីឯវត្ថុតាងចាប់យក រួមមាន ពូថៅដងឈើ ប្រវែង៣តឹក ១ដើម និងទូរស័ព្ទម៉ាក OPPO A17 ពណ៌ទឹកសមុទ្រ ១គ្រឿង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានអង្គុយផឹកទឹកត្នោតជូរ ជាមួយបង ប្អូនជីដូនមួយ មានគ្នា ៣នាក់ នៅកន្លែងលក់គ្រឿងក្លែម ១កន្លែង ត្រង់ចំណុចកើតហេតុខាងលើ ដោយផឹក អស់ទឹកត្នោតជូរ ប្រហែល២លីត្រ។ លុះដល់វេលាម៉ោងកើតហេតុ ជនរងគ្រោះត្រឡប់មកពីធ្វើការសំណង់ ជិះម៉ូតូដឹកគ្នា ២នាក់មិត្តភក្តិ ហើយក៏មានធុងបាស់ យកមកជាមួយផងដែរ រួចក៏បានចូលទៅផឹកទឹកត្នោតជូរ ជាមួយជនសង្ស័យ។ បន្ទាប់មក ជនរងគ្រោះបានចាក់ធុងបាស់ ច្រៀងខារ៉ាអូខេ រួមគ្នាម្នាក់១បទ ពេលដល់ វេនបងជីដូនមួយរបស់ជនសង្ស័យច្រៀង ស្រាប់តែជនសង្ស័យដេញឱ្យទៅផ្ទះ តែមិនស្តាប់ ពេលនោះជន សង្ស័យក៏បានធាក់ទៅលើបងជីដូនមួយ ដែលកំពុងច្រៀង មួយជើង ក៏របូតក្បាលមីក្រូហ្វូនជ្រុះទៅដី បណ្តាល ឱ្យបែក។

ប្រភពដដែល បន្តថា ពេលនោះជនរងគ្រោះបាននិយាយទៅកាន់ជនសង្ស័យថា ត្រូវតែទិញក្បាលមីក្រូហ្វូន សងវិញ ហើយជនសង្ស័យបានតបទៅវិញថា “ចាំទិញសង” តែជនរងគ្រោះនៅតែបន្តនិយាយដដែលៗពេក ភ្លាមនោះជនសង្ស័យខឹង បានចុះពីលើគ្រែ ដើរទៅយកពូថៅនៅក្រោមកែបម៉ូតូរបស់ខ្លួន ទុកសម្រាប់បោះ ស្នឹងគោ មកកាប់ទៅលើជនរងគ្រោះ ចំកណ្តាលក្បាល ១ពូថៅ បណ្តាលឱ្យបែកហូរឈាមជាច្រើន ហើយ ជនសង្ស័យបានរត់គេចខ្លួនចូលផ្ទះអ្នកភូមិ។ បន្ទាប់មក មានអ្នកជិតខាងជួយឃាត់ខ្លួនជនសង្ស័យជាប់ រួច រាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍សំរោងលើ ឱ្យចុះមកជួយអន្តរាគមន៍។ ចំណែកជនរងគ្រោះ ត្រូវបានសាច់ ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ ឯរាជធានីភ្នំពេញ។ក្រោយពីទទួលបានព័ត៌មានហើយ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍បានចុះទៅ ដល់កន្លែងកើតហេតុហើយ ឃាត់ខ្លួនជន សង្ស័យ រួមទាំងវត្ថុតាង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកពូថៅកាប់ទៅលើជន រងគ្រោះ ប្រាកដមែន មូលហេតុខឹងជនរងគ្រោះនិយាយច្រំដែលៗ រឿងទារឱ្យសងក្បាលមីក្រូហ្វូន ដែលខ្លួនបានធ្វើឱ្យ បែក។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES