Monday, May 6, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប៉ូលិសចាប់ឃុំកូនស្លាប់ ឪប្តឹងទារ១០ម៉ឺនដុល្លារ

ប៉ូលិសចាប់ឃុំកូនស្លាប់ ឪប្តឹងទារ១០ម៉ឺនដុល្លារ

បន្ទាយមានជ័យ ៖ រឿងរ៉ាវសមត្ថកិច្ចជំនាញគ្រឿងញៀន ចាប់បុរសម្នាក់ឃុំបណ្តោះ អាសន្នក្នុងអធិការដ្ឋាន នគរបាលស្រុក ស្រាប់តែបុរសនោះហូបបាយរួច កើតមានអាការបែកពពុះមាត់លុះសមត្ថកិច្ចបញ្ជូន ទៅ សង្គ្រោះនៅមន្ទីរពេទ្យ បានបាត់បង់ជីវិត និងត្រូវក្រុមគ្រួសារជនរងគ្រោះសង្ស័យស្លាប់ដោយសាររងការ ធ្វើទារុណកម្មនោះ ត្រូវបានឪពុកជនរងគ្រោះ សម្រេចដាក់ពាក្យបណ្តឹងលើអធិការរងមួយរូប និង ន្ត្រីប៉ូលិស ស្រុកមង្គលបុរី ដោយទាមទារសំណងជំងឺចិត្ត ១០ម៉ឺនដុល្លារ។ យ៉ាងណា ករណីនេះត្រូវបាន សមត្ថកិច្ចអះអាងថា មានទាំងភ័ស្តុតាង និងសាក្សីរឹងមាំ សម្រាប់ទប់ទល់នឹងបណ្តឹងរបស់ឪពុករបស់ជនសង្ស័យ ដែលអាច មាន គេញុះញង់ឱ្យដាក់ពាក្យបណ្តឹង។

ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រមាណ ២រសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ឃុំខ្លួនបណ្តោះអាសន្ន នៃអធិការដ្ឋាននគរបាលស្រុកមង្គលបុរី។ ចំណែកបុរសរងគ្រោះ មានឈ្មោះលាង ឡាង ភេទប្រុស អាយុ៣២ឆ្នាំ មានលំនៅភូមិពោធិ៍រៀង ឃុំអូរប្រាសាទ ស្រុកមង្គលបុរី។

យោងតាមពាក្យបណ្តឹងរបស់ឈ្មោះលាន លាង ភេទប្រុស អាយុ៥១ឆ្នាំ ត្រូវជាឪពុករបស់បុរសឈ្មោះលាង ឡាង បាន ជូនលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២៣ បានប្តឹងលោកអ៊ុក ប៊ុនថុន អធិការរងស្រុកមង្គលបុរី ទទួលបន្ទុកផ្នែកគ្រឿងញៀន និងគូកន ពីបទអំពើ ទារុណកម្មនិងអំពើឃោរឃៅអមនុស្សធម៌ មកលើកូនរបស់គាត់ ឈ្មោះលាង ឡាង ភេទប្រុសអាយុ ២៨ឆ្នាំ កាល ពីថ្ងៃទី១១ ខែ សីហា២០២៣ ប្រព្រឹត្តនៃការស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

បណ្តឹងខាងលើ បានបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៩និង៣០នាទីព្រឹក  កូនប្រុស របស់គាត់ បានទៅច្រូតស្មៅគោ ដូចសព្វមួយដង។ នៅម៉ោង ២និង១០នាទី ប្អូនស្រីរបស់គាត់ ឈ្មោះសៅ ប៊ុនធា បានទូរស័ព្ទមកប្រាប់ថា កូនប្រុសរបស់គាត់ ត្រូវបានប៉ូលិសចាប់ខ្លួន ។ ពេលនោះ គាត់បានទៅអធិការដ្ឋាន ស្រុកមង្គលបុរី បានឃើញកូនគាត់ដែលស្លៀកខោខ្លីពណ៌ក្រហម នៅក្នុងឡាន ឮសម្រែកស្រែកអូយៗ ហើយ ប៉ូលិសបញ្ជូនទៅពេទ្យ។ ប្អូនស្រីលោក ក៏បានប្រាប់ដូច្នោះដែរ ។

ពាក្យបណ្តឹងដដែល បន្តថា គាត់និងប្អូនស្រី ប្អូនប្រុស បានធ្វើដំណើរទៅមន្ទីរពេទ្យមង្គលបុរី ហើយ ឃើញ កូនប្រុសកំពុងនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ (កំពុងប្រកាច់ដកចង្កាមាន់)។ រហូតដល់ម៉ោង ៥និង១៥នាទីរសៀល កូនប្រុសបានស្លាប់  ដោយមានហូរឈាមតាមមាត់ ស្នាមជាំខ្មៅប្រជុំចិញ្ចើម ស្នាមជាំខ្មៅក្រោមដោះទាំងពីរ ស្នាមជាំខ្មៅពីក្រោយខ្នង  ស្នាមជាំខ្មៅលើប្រអប់ខ្នងដៃស្តាំពីរកន្លែង។ តាមពិតទៅ កូនប្រុសលោកមិនធ្លាប់ មានជំងឺណាមួយឡើយ។ ដោយអាការទាំងនេះ មានតែជាអំពើទារុណកម្មសួរយកចម្លើយនៅ អធិការដ្ឋាន ប៉ូលិសស្រុក មកលើកូនប្រុសគាត់។

ពាក្យបណ្តឹង បានប្តឹងទាមទារ ៖ ទី១-ទារជំងឺចិត្តចំនួន ១០ម៉ឺនដុល្លារ និង២-សុំផ្តន្ទាទោស ជនប្រព្រឹត្តទៅតាម ច្បាប់។

ពាក់ព័ន្ធទៅនឹងករណីខាងលើ លោកវរសេនីយ៍ ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបុរី និងមន្ត្រីអ្នក នាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ប្រាប់ថា លទ្ធផលនៃការធ្វើតេស្ត ទឹក នោមជនសង្ស័យ បានបង្ហាញថា ជនសង្ស័យសេពសារធាតុញៀន។ ឯអាការក្តៅក្រហល់ក្រហាយ ប្រកាច់ប្រកិន បែកពពុះមាត់ និងហូរឈាមពីក្នុងមាត់ គឺមកពីមានគ្រឿងញៀនក្នុងពោះវៀននិងក្រពះ។ លោកបានបន្តថា សមត្ថកិច្ចបានស្នើសុំឪពុក និងក្រុមគ្រួសារជនសង្ស័យ ដើម្បីវះកាត់មើលពោះវៀន និងក្រពះសព ក្នុងបំណង ជម្រះមន្ទិលនូវការលេបគ្រឿងញៀនចូល ប៉ុន្តែពួកគាត់មិនយល់ព្រម ដោយពួកគាត់បានឯកភាព និងទទួល ស្គាល់លទ្ធផលកោសល្យវិច័យដែលរកឃើញថា ជនសង្ស័យបានស្លាប់ដោយសារ គាំងបេះដូង មិនមានពាក់ ព័ន្ធនូវការវាយដំ ធ្វើទារុណកម្ម ឬការបង្ខំទារចម្លើយអ្វីឡើយ។

ម៉្យាងទៀត បើយោងវត្ថុតាងជាសារសំឡេងក្នុងឆាតហ្វេសប៊ុកររបស់ទូរស័ព្ទជនសង្ស័យ និងរូបភាពអាការ ក្តៅក្រហល់ក្រហាយរបស់ជនសង្ស័យ បានបញ្ជាក់ថា  ជនសង្ស័យបានទាក់ទងប្រព្រឹត្តបទល្មើសចែកចាយ ជួញដូរនិងប្រើប្រាស់គ្រឿងញៀន ហើយអាចលេបគ្រឿងញៀនចូលពោះ ដែលបង្កឲ្យក្តៅគាំងបេះដូងស្លាប់ ។

ទោះជាយ៉ាងណាសមត្ថកិច្ចចម្រុះ បានបញ្ជាក់ថា ចុងក្រោយនេះសង្ស័យមានអ្នកញុះ ញង់ឱ្យក្រុមគ្រួសារជន សង្ស័យដាក់ពាក្យបណ្តឹង និងឱ្យមានចុះផ្សាយពីករណីនេះ តែយ៉ាងណា សមត្ថកិច្ចត្រៀមខ្លួនជាស្រេច ដើម្បី ទទួលការបំភ្លឺ បកស្រាយតទល់នឹងចុះស្រាវជ្រាវអង្កេត សំណុំរឿងនេះ ព្រោះឯកសារក្រុមកោសល្យវិច័យ បានធ្វើតាមនីតិវិធីរួចអស់ហើយ។ បើមានពាក្យបណ្តឺងដូច្នេះ នឹងរៀបចំក្រុមកាងារស្រាវជ្រាវជុំវិញករណីនេះ បន្ថែមទៀត ដើម្បីរកយុត្តិធម៌ឱ្យសាកសព ព្រមទាំងក៏ជូនដល់សមត្ថកិច្ចផងដែរ។

ជុំវិញករណីខាងលើនេះ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីបំភ្លឺព័ត៌មានមួយ ដោយបញ្ជាក់ថា «អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម មេត្តាជ្រាប នូវ ករណីបង្ក្រាបគ្រឿងញៀន នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋឈ្មោះងួន ង៉ាន ភេទប្រុស អាយុ ៣៩ឆ្នាំ បានរាយការណ៍ថា មានឈ្មោះលាង ឡាង ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិពោធិ៍រៀង ឃុំអូរប្រាសាទ ស្រុកមង្គលបុរី បានឱ្យខ្លួនទៅយកថ្នាំញៀន ចំនួន ៤០០ ០០០រៀល នៅចំណុចវត្តដងរុន ភូមិដងរុន ឃុំបន្ទាយនាង ស្រុកមង្គលបុរី។

ដោយមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញា កម្លាំងជំនាញស្រុកមង្គលបុរី បានចុះទៅដល់វត្តដងរុន ប្រទះឃើញជនសង្ស័យឈ្មោះលាង ឡាង ភេទប្រុស អាយុ៣២ឆ្នាំ ជិះម៉ូតូក្នុងវត្ត ដៃកាន់ទូរស័ព្ទបម្រុងគេចខ្លួន កម្លាំងយើងឃើញ ចាប់ឃាត់ខ្លួន ហើយត្រួតពិនិត្យរក គ្រឿងញៀន ជនសង្ស័យឆ្លើយថា ខ្លួនបានបោះថ្នាំញៀន ចោល តែមិនបានប្រាប់សមត្ថកិច្ចថាបោះចោលនៅកន្លែងណា។ បន្ទាប់មកក៏បាននាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកមង្គលបុរី ដើម្បីសាកសួរបន្ថែម។ ជនសង្ស័យបានសុំហូប បាយ និងសុំជួបម្តាយមីង ឈ្មោះធា បានគាត់ដឹងពីជំងឺខ្លួនយ៉ាងម៉េច។ ពេលនោះសមត្ថកិច្ចបានឱ្យបាយហូបមួយកញ្ចប់ ហូបមិនទាន់រួចផង ជនសង្ស័យថាឈឺពោះ ហើយសុំទឹកផឹក ជាច្រើនដប ហើយសុំចូលបង្គន់ ឃើញជនសង្ស័យយកទឹកស្រោចខ្លួន ស្រែកថា ក្តៅណាស់ៗ ហើយមានការ សង្ស័យថា ជនសង្ស័យអាចលេបថ្នាំញៀនចូលក្នុងពោះ ឃើញជនសង្ស័យមានអាការប្លែក បែកពពុះមាត់ លូនចេញពីបន្ទប់ទឹក ភ្លាមនោះ នៅម៉ោង១៣ៈ០០ កម្លាំងបានបញ្ជូនទៅកាន់មន្ទីរពេទ្យ រួចបានធ្វើតេស្តទឹកនោម រកសាធាតុញៀន (វិជ្ជមាន)។ ក្រុមគ្រូពេទ្យបានជួយសង្គ្រោះជាបន្ទាន់ រហូតដល់ម៉ោង ១៧ៈ១៥នាទី ជនសង្ស័យ បានស្លាប់។ ក្រុមគ្រូពេទ្យគ្រូពេទ្យ និងនគរបាលកោសល្យវិច័យ ធ្វើការត្រួតពិនិត្យឃើញថា ជនសង្ស័យពិតជា ស្លាប់ដោយសារគាំងបេះដូង ក្រុមគ្រួសារសព បានទទួលស្គាល់តាមការពិនិត្យរបស់ក្រុមគ្រូពេទ្យ ក្នុងករណី ស្លាប់នេះ គឺដោយសារគាំងបេះដូងប្រាកដមែន។ ក្រោយពីមានការឯកភាពពីឯកឧត្តមព្រះរាជអាជ្ញាកម្លាំងជំ នាញបានប្រគល់សាកសពជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី។

យើងខ្ញុំសូមអំពាវនាវដល់សាធារណជន សូមមេត្តាកុំធ្វើការសន្និដ្ឋាន វាយតម្លៃរឿងហេតុ ដោយពុំមានមូលដ្ឋាន ច្បាស់លាស់ នាំឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរបុគ្គល ឬស្ថាប័នអនុវត្តច្បាប់»៕

RELATED ARTICLES