Monday, May 6, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកាប់មនុស្សមិនបាន កាប់ម៉ូតូ ជាប់ខ្នោះ៣

កាប់មនុស្សមិនបាន កាប់ម៉ូតូ ជាប់ខ្នោះ៣

មណ្ឌលគិរី ៖ ក្មេងទំនើង ១ក្រុម មានគ្នា៣នាក់ ប្រដាប់ដោយកាំបិតដាវ កាំបិត បានធ្វើសកម្មភាពដេញ កាប់យុវជនម្នាក់ ធ្វើឱ្យយុវជនរងគ្រោះភ័យ រត់ចោលម៉ូតូ ក៏ត្រូវក្រុមក្មេងទំនើង ព្រួតកាប់ម៉ូតូជនរងគ្រោះ បណ្តាលឱ្យខូចខាតអស់ ១គ្រឿង ទីបំផុតត្រូវសមត្ថកិច្ចចុះ អន្តរាគមន៍ចាប់វាយខ្នោះទាំង៣នាក់ នាំយក មកចាត់ការតាមច្បាប់។

ករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ (កាប់ម៉ូតូ) នេះ បានកើតឡើងកាលពីវេលាម៉ោង ២ និង១៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ នៅចំណុចមុខផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។

ក្មេងទំនើងទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះម៉ៅ ភារ៉ា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរជាងភ្លើង មានលំនៅ ភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។ ទី២-ឈ្មោះប៊ុន សារ៉េត ហៅរ៉ានុត ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិព្នង មុខរបរដឹកអីវ៉ាន់ មានលំនៅ ភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ និងទី៣-ឈ្មោះទូច ផានិត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗ កាលពីវេលាម៉ោង ២និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ នៅចំណុចមុខផ្ទះ ជួល មួយកន្លែង ស្ថិតនៅភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ក្រោយពីសមត្ថកិច្ចទទួលបាន បណ្តឹងថា ជនសង្ស័យទាំង៣នាក់ បានដេញកាប់យុវជនម្នាក់ ឱ្យរត់ចោលម៉ូតូ រួចព្រួតកាប់ម៉ូតូជនរងគ្រោះ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ មណ្ឌលគិរី 1B-0432 បណ្តាល ឱ្យរងការខូចខាតយ៉ាងដំណំ។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ដាវចំនួន២ដើម កាំបិត ផ្គាក់ ចំនួន១ដើម និងម៉ូតូ ១គ្រឿង។

ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២៣ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES