ភ្នំពេញ៖តារាកូន១នាងទេព បូព្រឹក្ស ហៅស្រីនិច្ច បានវិលមកអុកឡុកឆាកតន្រ្ដីវិញកាលពីពេលថ្មីៗនេះ ក្រោយនាងខកខានឡើងឆាកអស់រយៈពេលជាង១០ខែ ដើម្បីថែរក្សារគ័តនិងសម្រាលកូនប្រុសAlbert កាលពីថ្ងៃទី១៦ កុម្ភៈ ២០២៣ ។អ្វីដែលគូរឲ្យចាប់អារម្មណ៍នោះបូព្រឹក្ស នៅតែជាអ្នកចម្រៀងពូកែតុបតែងខ្លួនដ៍គូរឲ្យទាក់ទាញទោះជាពេលនេះនាងមានស្វាមីនិងកូន១ទៅហើយក្ដី ។ស្រីនិច្ច ក៍ត្រូវបានម្ចាស់ស្នេហ៍នាងលោកងួន ចាន់ដេវីត ចាប់ជាដៃគូច្រៀងសម្ដែងឆ្លងឆ្លើយជាមួយនាងតែម្ដង ដែលនេះជាយុទ្ធសាស្រ្ដមួយរបស់ដេវីត ដើម្បីឲ្យបូព្រឹក្ស ទទួលបានការចាប់អារម្មណ៍ឡើងវិញដូចគេសន្និដ្ឋានជាមុនថាពួកគេ នឹងធ្វើបែបនេះ។ប៉ុន្ដែគេនៅមិនទាន់អាចសន្និដ្ឋានបានទេថាតើបូព្រឹក្ស នឹងនៅតែត្រូវបានក្រុមAgency ហៅនាងច្រៀងវិញដូចកាលនៅក្រមុំជាបន្ដបន្ទាប់ ឬមួយក៍ពួកគេចង់បានដេវីត ទាល់តែហៅនាងច្រៀងដែរទើបបាននោះទេ ព្រោះថាស្រីនិច្ច បានបង្ហាញសញ្ញាវាយលុកទីផ្សារចម្រៀងសារជាថ្មីដោយមិនបន្ធូដៃឡើយនៅឆ្នាំ២០២៣ នេះក្នុងនោះបទចម្រៀងដែលនាងគ្រោងចំណាយលុយធំផលិតMV ដោយសម្រិតសម្រាំងនោះគឺ”ទេវរាជ” ។ប្រភពបានឲ្យដឹងថាគូស្នេហ៍បូព្រឹក្ស គឺលោកដេវីត នឹងកាន់តែមមាញឹក ក្រោយពីស្រីនិច្ច វិលរកឆាកតន្រ្ដីវិញកាលពីថ្ងៃទី១២ សីហា ព្រោះថាលោកចាប់ផ្ដើមបែងចែកការធ្វើបទចម្រៀងខ្លួនឯងផង ឲ្យគូស្នេហ៍ច្រៀងផង ហើយជាទម្លាប់អតីតដៃគូពេជ្រ សោភា រូបនេះធ្លាប់ប្រាប់អ្នកយកព័តមានយើងថាលោកចូលចិត្តធ្វើភ្លេង និងនិពន្ធចម្រៀងតែពេលយប់ ព្រោះថាពេលនោះស្ងាត់ល្អអីចឹងគ្មានអ្នករំខានឡើយ។
ទេព បូព្រឹក្ស ត្រូវបានគេចាត់ទុកថានាងមានទឹកសមសម្លេង មធ្យម តែចំណុចពិសេសរបស់នាងដែលអាចឈជាអ្នកចម្រៀងផ្នែកយុវវ័យបានដោយសារតែអតីតតារារបស់Tv Production និងរស្មីស្ទឹងសង្កែររូបនេះពូកែលេងក្បាច់រាំ បែប សាហាវៗ និងតុបតែងខ្លួនប្លែកៗសឹងគ្រប់ពេលទាំងអស់។បូព្រឹក្ស ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាមុនឡើងឆាកនាងបានព្យាយាមសម្រកទម្ងន់ឲ្យដូចដើមវិញ ខណៈដែលមុនសម្រាលកូនគីឡូរបស់នាងឡើងដល់ជាង៧០ គ.ក្រ តែពេលនេះសល់ជាង៥០ គ.ក្រ ហើយនាងចង់ស្រកថែមទៀត។
ក្រៅពីនាងទេព បូព្រឹក្ស តារាដែលមានកូន១មានដូចជានាងឱក សុគន្ធកញ្ញា ,ពេជ្រ សូលីកា ,សួស វីសា ,ឌុច លីដា ,នៅ សុនិតា ,កែវ ពេជ្រពិសី ជាដើមដែលតារាភាគច្រើនគឺទីផ្សារសិល្បៈមានការប្រែប្រួលពោលគឺចុះខ្សោយជាងមុន បន្ទាប់ពីមានប្ដីនិងកូន។តែសម្រាប់នាងស្រីនិច្ច គេមិនទាន់អាចសន្និដ្ឋានបានថាតើយ៊ីអ៊ុននាងនៅល្អដូចក្រមុំ ឬយ៉ាងណានោះទេ ខណៈដែលអ្នកជំនាញសិល្បៈលើកឡើងថាស្រីនិច្ច ទៅមុខ ឬថយក្រោយគឺនៅលើស្វាមីរបស់នាងលោកងួន ចាន់ដេវីត នេះឯងជាអ្នកកំណត់ពីជោគវាសនាអាជីពចម្រៀងរបស់នាងក្រោយពួកគេចាប់ដៃគ្នាអស់រយៈពេលជាង៧ឆ្នាំ បានកូន១នេះ។ដោយឡែកទាក់ទងរឿងរៀបការរបស់បូព្រឹក្ស -ដេវីត វិញគឺមិនទាន់មានដំណឹងទេ ស្របពេលដែលគូស្នេហ៍តារា១គូនេះធ្លាប់ដឹកដៃគ្នាទៅថតPre-Wedding ដល់កោះម៉ាល់ឌីវ កាលពីឆ្នាំ២០១៩ តែគម្រោងពួកគេរៀបអាពាហ៍ ពិពាហ៍ បានស្ងាត់ឈឹងរហូតមកដល់បច្ចុប្បន្ន បើទោះជាមុនស្រីនិច្ច យកកូនមានការសង្ស័យថាអ្នកទាំងពីរបានរៀបចំសែនព្រេន ឬចុះអេតាស៊ីវិល រួចក្ដី តែនៅចំពោះមុខអ្នកសារព័តមានកន្លងមកនោះស្រីនិច្ច ថាពាក់ព័ន្ធរឿងនេះនាងមិនអាចឆ្លើយបានឡើយ។
ប្រភពបានឲ្យដឹងថាទេព បូព្រឹក្ស ត្រូវបានគូស្នេហ៍ផ្គត់ផ្គង់បទចម្រៀងនាងឲ្យបានដិតដល់ឡើងវិញនៅចុងឆ្នាំ២០២៣ នេះដើម្បីច្រៀងConcerts នារដូវក្ដៅខាងមុខដែលពេលនោះគេអាចមើលឃើញច្បាស់ជាមិនខានថាតើស្រីនិច្ច នៅតែរក្សារទីផ្សារបានដូចមុន ឬមានការប្រែប្រួលទៅហើយ។ប៉ុន្ដែបូព្រឹក្ស នៅតែត្រូវបានគេចាត់ទុកថានាងជាអ្នកចម្រៀងដែលលេងក្បាច់រាំសាហាវម្នាក់ ហេតុនេះទោះជាកូនប្រុសរបស់នាងទើបតែមានអាយុជាង៦ខែ បានន័យថានាងនៅសសៃខ្ចីក្ដី តែនាងមិនខ្លាចក្នុងការលេងក្បាច់រាំដូចដើមឡើយ អំឡុងពេលដែលនាងត្រូវការស្ដារមុខមាត់ឡើងវិញជាបន្ទាន់ ដើម្បីកុំឲ្យធ្លាក់ចុះនេះ។ប្រភពបានឲ្យដឹងថាបូព្រឹក្ស និងដេវីត មានទ្រព្យរួមគ្នាចូលសែនដុល្លារ ទៅហើយគិតទៅលើរថយន្ដនិងផ្ទះដែលពួកគេទិញរួមគ្នា ខណៈមានការលើកឡើងថាគូស្នេហ៍តារាចូលចិត្តលេងខ្លួនដូចគ្នានិងស្លៀកពាក់ខោអាវប្រេន ប្រេន មិនចាញ់តារាបរទេសរូបនេះ នឹងអាចគិតពីផែនការណ៍យកកូនថែមជាជាងផ្ដោតលើការរៀបការជាចំហទៅតាមប្រពៃណីខ្មែរ៕