ភ្នំពេញ ៖ ជនជាតិកូរ៉េ ជាមេការជាងម៉ាស៊ីនម្នាក់ ឡើងទៅពិនិត្យកង្ហាលបឺតខ្យល់ ដាក់នៅក្នុងពិដានដានជាន់ទី១ អង្គុយថយក្រោយធ្លាក់ចុះមកក្រោម បោកក្បាលស្លាប់ នៅក្នុងអគារការដ្ឋានសាងសង់កម្ពស់២២ជាន់ ហុង តុងឡែន ស្ថិតនៅតាមបណ្តោយផ្លូវ១០៦ ភូមិ២សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៧ ខែមករា ។
ជនរងគ្រោះដែលស្លាប់ មានឈ្មោះ SHIM KYUBONG ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរជាមេការជាងម៉ាស៊ីន ស្នាក់នៅ Decastle សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីមិត្តភក្តិដែលធ្វើការជាមួយ មានឈ្មោះ KIM INHWI បានប្រាប់ឲ្យដឹងថានៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃកើតហេតុ ជនរងគ្រោះនិងរូបគេបាននាំគ្នាដើរទៅអគារជាន់ទីមួយក្រោមដី នៅពេលទៅដល់ បានយករន្ទាដាក់ឡើងទៅមើលកង្ហាបឺតខ្យល់ តើកង្ហានោះដំណើរការឬក៏អត់? ដំណើរការរួច ហើយជនរងគ្រោះបានយកម៉ាស៊ីនថតរូបយកទៅថតកង្ហាបឺតខ្យល់ នៅពេលថតរូបកង្ហានោះហើយ ក៏នាំគ្នាចុះមកវិញ នាំគ្នាបើកមើលឃើញរូបភាពអត់ច្បាស់ ជនរងគ្រោះបានឡើងទៅលើម្តងទៀត ដើម្បីថតរូបកង្ហាតាមបំពង់ខ្យល់ដ៏ធំនោះ គឺឡើងទៅម្នាក់ឯងទេ ខណៈពេលជនរងគ្រោះអង្គុយលើពិដានថត បានរំកិលខ្លួនថយចំប្រឡោះប្រហោងបំពង់ខ្យល់ ក៏បានធ្លាក់ចុះមកលើបេតុង កំពស់៥ម៉ែត្រ បណ្តាលឲ្យបោកក្បាលរងរបួសធ្ងន់ធ្ងរ បានបញ្ជូនទៅដល់មន្ទីរពេទ្យកាល់ម៉ែត នៅវេលាម៉ោង២និង៣០នាទីថ្ងៃត្រង់ ក្រុមគ្រូពេទ្យជួយសង្គ្រោះដល់ម៉ោង៥ល្ងាច ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ។
ក្រោយពេលកើតហេតុ មិត្តភក្កិរបស់ជនរងគ្រោះបានរាយការណ៍ទៅសមត្ថកិច្ចចុះទៅពិនិត្យនៅការដ្ឋានកន្លែងកើតហេតុ។ ចំណែកសព ខាងក្រុមហ៊ុនតម្កល់នៅមន្ទីរពេទ្យកាល់ម៉ែតមួយយប់សិន រង់ចាំព្រឹកស្អែក ទើបដឹកយកទៅបូជានៅវត្តស្ទឹងមានជ័យ៕