Monday, May 6, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប៉ូលិសផ្កាយ២ ខឹងប្រពន្ធ ដកកាំភ្លើងបាញ់ ក្បាលខ្លួនឯង

ប៉ូលិសផ្កាយ២ ខឹងប្រពន្ធ ដកកាំភ្លើងបាញ់ ក្បាលខ្លួនឯង

ភ្នំពេញ ៖មន្ត្រីនគរបាលព្រហ្មទណ្ឌជាន់ខ្ពស់ ពាក់ផ្កាយ២ ម្នាក់ មានជម្លោះជាមួយប្រពន្ធ បានយកកាំភ្លើងខ្លី បាញ់ក្បាលខ្លួនឯង បញ្ចប់ជីវិតនៅក្នុងផ្ទះ បន្ទប់ឡៅតឿ បង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១២និង​៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ២៩ ផ្លូវម្លិះ  ក្នុងបុរីអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

បុរសដែលយកកាំភ្លើងបាញ់សម្លាប់ខ្លួននេះ មានឈ្មោះអ៊ីវ រិទ្ធ អាយុ៥០ឆ្នាំ មុខរបរជាមន្ត្រីនគរបាលជាតិមាន​ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ (ផ្កាយ២) និងមានតួនាទីអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌស្នាក់នៅផ្ទះ​កើតហេតុខាងលើ។

តាមប្រភពព័ត៌មាន បានទម្លាយប្រាប់ថា មុនពេលកើតហេតុ ជនរងគ្រោះ និងប្រពន្ធ បានចេញទៅកម្មវិធី​គេ​នៅខាងក្រៅរៀងៗខ្លួន លុះពេលត្រឡប់មកផ្ទះវិញ បានកើតមានទាស់ពាក្យសម្តីគ្នាបន្តិចបន្តួច ហើយ​ប្រពន្ធ​បានដើរចូលទៅក្នុងផ្ទះមុន បន្ទាប់មក ជនរងគ្រោះជាប្តី បានដើរចូលទៅបន្ទប់កូនស្រីរបស់ខ្លួននៅជាន់​ឡៅតឿ រួចក៏បាញ់សម្លាប់ខ្លួនតែម្តង។ 

ប្រភពដដែល បានបន្តថា ជនរងគ្រោះ បានគំរាមសម្លាប់ខ្លួន ជាច្រើនលើកច្រើនសាមកហើយ ឱ្យតែឈ្លោះ​ប្រកែក​គ្នាជាមួយប្រពន្ធ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងរាយការណ៍ទៅផ្នែកជំនាញ ចុះមក​ត្រួតពិនិត្យជុំវិញកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យសព ដោយរកឃើញ មានស្នាមគ្រាប់កាំភ្លើង ត្រង់ក្បាល​ចំហៀងខាងស្តាំ ហើយនៅកន្លែងកើតហេតុ សមត្ថកិច្ច បានរកឃើញកាំភ្លើងខ្លី ១ដើម ម៉ាក RUGER មានគ្រាប់​ចំនួន ៨គ្រាប់ និងសំបកគ្រាប់ ១គ្រាប់ផងដែរ។

យោងតាមការត្រួតពិនិត្យពីសមត្ថកិច្ចបច្ចេកទេសនិងវិទ្យាសាស្ត្រ ព្រមទាំងមានការត្រួតពិនិត្យ​ពីគ្រូពេទ្យ​កោស​ល្យវិច័យរាជធានីភ្នំពេញ បានសន្និដ្ឋានថា ជនរងគ្រាះពិតជាស្លាប់ដោយសារប្រើកាំភ្លើងខ្លីបាញ់​សម្លាប់ខ្លួន​ឯងប្រាកដមែន ដោយប្រើកាំភ្លើងខ្លីម៉ាក RUGER បាញ់ចំសៀតផ្កាខាងស្តាំ ធ្លាយមកខាងឆ្វេង បណ្តាលឱ្យស្លាប់​នៅនឹងកន្លែង។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី នៅផ្ទះ​លេខ២៩ ផ្លូវម្លិះ បុរីអ័រគីដេរ ភូមិអ័រគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

គួរបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ អ៊ីវ រិទ្ធ ជាមន្ត្រីនគរបាលមួយរូប ដែលមានស្នាដៃលេចធ្លោ នៅក្នុងការ​ដឹកនាំ បង្ការនិងបង្ក្រាបបទល្មើស នាពេលកន្លងមក៕

RELATED ARTICLES