Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រុស២នាក់ ចាប់រំលោភបូក គំរាមសម្លាប់ ពោះធំ៦ខែ ទើបទម្លាយប្រាប់ម៉ែ

ប្រុស២នាក់ ចាប់រំលោភបូក គំរាមសម្លាប់ ពោះធំ៦ខែ ទើបទម្លាយប្រាប់ម៉ែ

កណ្តាល ៖ យុវតីម្នាក់ កំពុងបេះផ្លែទ្រលឹងទឹងនៅក្នុងចម្ការមួយកន្លែង ស្រាប់តែត្រូវជនសង្ស័យ ចំនួន២នាក់ បានចាប់ខ្ទប់មាត់ អូសដៃចូលទៅក្នុងគម្ពោតព្រៃ រួចធ្វើសកម្មភាពចាប់រំលោភបូក រហូតបានសម្រេច។ បន្ទាប់មកជនសង្ស័យទាំង២នាក់ បានគំរាមសម្លាប់យុវតីរងគ្រោះ ប្រសិនបើកហ៊ានទម្លាយរឿងមួយ នេះប្រាប់ អ្នកណា រួចនាំគ្នារត់គេចខ្លួនបាត់អស់។ ចំណែកយុវតីរងគ្រោះ ព្រោះតែខ្លាចពាក្យគំរាមរបស់ជនសង្ស័យ ទើប ចេះតែព្យាយាមលាក់បាំង រហូតដល់មានផ្ទៃពោះ ៦ខែ ទើបបែកការ ក៏ទម្លាយប្រាប់ម្តាយថា ត្រូវប្រុស២នាក់ចាប់ រំលោភ រួចក៏ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍។

ករណីរំលោភសេពសន្ថវៈនេះ បានកើតឡើង តាំងពីវេលាម៉ោង៣រសៀល (មិនចាំថ្ងៃ) ខែមករា ឆ្នាំ២០២៣ មកម៉្លេះ នៅចំណុចគម្ពោតព្រៃមួយកន្លែង  ស្ថិតនៅភូមបឹង ឃុំសំរោងលើ ស្រុកអង្គស្នួល។ រហូតមកដល់ថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ២០២៣ ទើបរឿងរ៉ាវបានបែកធ្លាយ បន្ទាប់ពីយុវតីរងគ្រោះដាក់ពាក្យបណ្តឹងឱ្យ សមត្ថកិច្ចជួយអន្តរា គមន៍។

យុវតីរងគ្រោះ មានឈ្មោះ ស.ខ.ម.ន.រ ហៅ ស.ច ភេទស្រី អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅ ភូមិទីទុយពង ឃុំសំរោងលើ ស្រុកអង្គស្នួល (កំពុងមានផ្ទៃពោះ ៦ខែ)។ ចំណែកជនសង្ស័យ មានគ្នា២នាក់ ទី១-ឈ្មោះខន ខេន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិទីទុយពង ឃុំសំរោងលើ ស្រុកអង្គស្នួល និង ទី២- ឈ្មោះរ៉ែម សុផល ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិទីទុយពង ឃុំសំរោងលើ ស្រុក អង្គស្នួល។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ បានរត់គេចខ្លួនចេញពីមូលដ្ឋានអស់ទៅហើយ។យោងតាមប្រភពពីក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា ក្រោយមានការផ្សព្វផ្សាយព័ត៌មានថា នារីម្នាក់ត្រូវប្រុសរំលោភ ម្តង២នាក់ ហើយគំរាមសម្លាប់ និងស្នើដល់ សមត្ថកិច្ចមេត្តាជួយរកយុត្តិធម៌ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បាន ចាត់លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល ស្រាវជ្រាវករណីភ្លាមៗ។

ជាលទ្ធផល ពិតជាមានករណីរំលោភសេពសន្ថវៈប្រាកដមែន ដោយករណីនេះ បានកើតឡើង កាលពីវេលា ម៉ោង ៣រសៀល (មិនចាំថ្ងៃ) ខែមករា ឆ្នាំ២០២៣ នៅចំណុចគម្ពោតព្រៃមួយកន្លែង  ស្ថិតនៅភូមបឹង ឃុំសំរោងលើ ស្រុកអង្គស្នួល។ បន្ទាប់មក សមត្ថកិច្ចបានទទួលបណ្តឹងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។

យោងតាមការបំភ្លឺនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា កាលពីថ្ងៃមិនចាំ ក្នុងអំឡុងខែមករា ឆ្នាំ២០២៣ ប្រហែល វេលាម៉ោង ៣រសៀល នាងបានដើរមករកបេះផ្លែទ្រលឹងទឹង នៅក្នុងចម្ការមួយដែលឪពុកម្តាយធ្លាប់មើលឱ្យ គេពីមុនមក។ នៅពេលនោះ ស្រាប់តែលេចមុខជនសង្ស័យទាំង២នាក់ខាងលើ ដើរចូលទៅដល់ហើយចាប់ ដៃនាងអូសចេញពីចម្ការ រហូតទៅដល់កន្លែងកើតហេតុ ហើយបានធ្វើសកម្មភាពចាប់សម្រាតខោអាវរបស់ នាងចេញអស់ រួចជនសង្ស័យឈ្មោះរ៉ែម សុផល បានចាប់រំលោភនាង រហូតបានសម្រេចម្តង ទើបជនសង្ស័យ ឈ្មោះខន ខេន បានរំលោភនាងរហូតបានសម្រេចដូចគ្នា។ បន្ទាប់ពីជនសង្ស័យទាំង២នាក់ បានធ្វើសកម្មភាព រំលោភនាងបានសម្រេចហើយ ពួកគេបានគំរាមថា បើហ៊ាននិយាយរឿងនេះប្រាប់គេឱ្យដឹង នោះពួកគេនឹង សម្លាប់នាងចោល ហើយក៏នាំគ្នាគេចខ្លួនអស់បាត់ទៅ។ ចំណែករូបនាង ដោយសារតែមានការភ័យខ្លាច ទើប លាក់រឿងនេះមិនឱ្យអ្នកណាដឹងរហូតមក។

នារីរងគ្រោះ បានបន្តថា រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ប្រហែលវេលាម៉ោង ១០ព្រឹក ឈ្មោះហេង ហាន ត្រូវជាម្តាយមីងរបស់នាង បានសង្ស័យថានាងមានផ្ទៃពោះ ក៏ទិញឧបករណ៍ធ្វើតេស្តទឹកនោម ទើបដឹងថា នាង ពិតជាមានផ្ទៃពោះមែន ហើយនាងក៏បានទម្លាយប្រាប់ម្តាយនិងម្តាយមីងពីរឿងប្រុសចាប់រំលោភបូកនេះ ហើយ គាត់ក៏បានដឹកនាងទៅពិនិត្យអេកូ នៅពេទ្យឯកជន ភូមិគិរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ជាលទ្ធផល គ្រូពេទ្យ បានបញ្ជាក់ថា នាងមានផ្ទៃពោះ រយៈពេល២៣សប្តាហ៍ និង ៦ថ្ងៃហើយ។ បន្ទាប់ពីទទួលបានព័ត៌មានដូចនោះហើយ ក៏ត្រឡប់ទៅផ្ទះវិញ រហូតដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ទើបក្រុម គ្រួសារនាង បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសំរោងលើ តែម្តង។

ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាល បានសហការជាមួយកម្លាំងផ្នែកជំនាញស្រុក បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការស៊ើបអង្កេតស្រាវជ្រាវតាមនីតិវិធី។

បន្ទាប់ពីធ្វើការស៊ើបអង្កេត ស្រាវជ្រាវ កសាងសំណុំរឿងចប់សព្វគ្រប់ហើយ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចផ្នែកជំនាញស្រុក បានបញ្ជូនសំណុំរឿង ទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត កណ្តាល ដើម្បីបន្តនីតិវិធី និងកំពុងតាមចាប់ខ្លួនជនសង្ស័យទាំង២នាក់ ដើម្បីនាំយកមកចាត់ការតាមច្បាប់។ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ថា ដោយមើល ឃើញពីជីវភាពខ្វះខាត និងជួបទុក្ខលំបាក របស់ក្រុមគ្រួសារជនរងគ្រោះ និងដោយមានការណែនាំពី លោក ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ លោកស្រីអនុសេនីយ៍ទោ មឿន ផល្លីន អធិការរងទទួលផ្នែកប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន និងការងារយេនឌ័រ តំណាងលោក វរសេនីយ៍ឯក មាន សំណាង អធិការនគបាលស្រុកអង្គ ស្នួល បានដឹកនាំក្រុមការងារផ្នែកជំនាញស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងលើ ចុះសួរសុខទុក្ខគ្រួ សារជនរងគ្រោះ និងបានឧបត្ថម្ភថវិកា សម្ភារៈប្រើប្រាស់មួយចំនួន ដើម្បីជួយសម្រួលជីវភាព រួមមាន ថវិកា ចំនួន៣០ម៉ឺន រៀល អង្ករ ២បាវ (៥០គីឡូក្រាម) ទឹកបរិសុទ្ធចំនួន ២យួរ ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ ត្រីខ ២យួរ និងមី ៣កេស។

លុះដល់វេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងលើ ដឹក នាំដោយលោកមេឃុំ បាននាំយកជណ្តើរដែក ដែលជាអំណោយរបស់លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល និងអំណោយលោក ហែម ហង្ស អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់និងភូមិបាល ស្រុកអង្គស្នួល រួមមាន អង្ក ១បាវ ទម្ងន់៥០គីឡូក្រាម ទឹកត្រី ៦យួរ លោក ហ៊ុន សុន មេឃុំសំរោងលើ ថវិកា១៥ម៉ឺនរៀល ប្រគល់ជូនគ្រួសារជនរងគ្រោះបន្ថែមទៀត៕

RELATED ARTICLES