Sunday, May 5, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានបុករះតូបចាប់ហួយ៣ខ្នង ស្លាប់ស្ត្រីម្នាក់

ឡានបុករះតូបចាប់ហួយ៣ខ្នង ស្លាប់ស្ត្រីម្នាក់

ឧត្តរមានជ័យ ៖ រថយន្តថៃ សណ្តោងរ៉ឺម៉ក ១គ្រឿង បើកបរក្នុងល្បឿនយ៉ាងលឿនដូចហោះ រួចបុកគោ ១ក្បាល បណ្តាលឱ្យងាប់នៅនឹងកន្លែង រួចជ្រុលទៅបុករះតូបចាប់ហួយ លើចិញ្ចើមផ្លូវ ចំនួន៣ខ្នង បណ្តាលឱ្យខូចខាត ខ្ទេច និងបណ្តាលឱ្យស្ត្រីម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ នៅលើផ្លូវយុទ្ធសាស្ត្រលេខ៥៦ ស្ថិត នៅត្រង់ចំណុច ភូមិគោកចាន់រី  សង្កាត់កូនក្រៀល  ក្រុងសំរោង។

តាមប្រភពពី ឈ្មោះប៉ូ តឿន ភេទប្រុស អាយុ៦១ឆ្នាំ ដែលជាសាក្សីបានឃើញហេតុការណ៍ផ្ទាល់ភ្នែក បានរៀប រាប់ប្រាប់ថា មុនដំបូង គាត់បានឃើញឡានបង្កហេតុ បើកបរពីកើត ទៅលិច យ៉ាងលឿនស្លេវ រួចបានបុក គោ១ក្បាល ងាប់ ហើយរេចង្កូតបុករះចូលទៅផ្ទះអ្នកលក់ចាប់ហួយ ធ្វើឱ្យស្ត្រីម្នាក់កំពុងដេកនៅលើអង្រឹង របួសធ្ងន់ ហើយបានស្លាប់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ។

រថយន្តបង្កហេតុ ម៉ាក ISUZU ពណ៌ស ពាក់ស្លាកលេខ Thailand 83-3366 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ  ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់។ ចំណែកជនរងគ្រោះដែលបាត់បង់ជីវិត មានឈ្មោះហយ ចន្ធូ ភេទស្រី អាយុ៥១ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិគោកចាន់រី សង្កាត់កូនក្រៀល ក្រុងសំរោង (ស្លាប់ពេលបញ្ជូនទៅ មន្ទីរពេទ្យ)។

តាមរបាយការណ៍របស់សមត្ថកិច្ចចរាចរណ៍ បានបញ្ជាក់ថា សម្ភារៈដែលរងការខូតខាតបឋម ដែលពុំទាន់ រុះរើចេញនៅចំពោះមុខ រួមមាន គ្រឿងចាប់ហួយគ្រប់មុខ អស់ស្ទើរទាំងស្រុង ម៉ូតូ១គ្រឿង ផ្ទះ ចំនួន៣ខ្នង។ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ក្រុងសំរោង បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យនិង ជួយសម្រួលចរាចរណ៍ ដើម្បីកុំឱ្យកកស្ទះ រួចអូសយករថយន្តបង្កហេតុ ទៅរក្សាទុក រង់ចាំដោះស្រាយតាម នីតិវិធីនៅពេលក្រោយ។ ចំណែកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ រៀបចំធ្វើ បុណ្យតាមប្រពៃណី៕

RELATED ARTICLES