Tuesday, November 19, 2024
Homeតារាខ្មែរអម្ពរ ទេវី ៖នឹងមកជួបលោកយុត្ថារ៉ា ឆានី​ នៅខែ១០ ដើម្បីដោះស្រាយរឿងដីធ្លី ?

អម្ពរ ទេវី ៖នឹងមកជួបលោកយុត្ថារ៉ា ឆានី​ នៅខែ១០ ដើម្បីដោះស្រាយរឿងដីធ្លី ?

ភ្នំពេញ៖ក្នុងចំណោមជនរងគ្រោះដែលទិញដីឡូតិ៍លោកយុត្ថារា ឆានី បង់លុយរួចមិនបានដី ឬដីត្រូវគេព័ទ្ធ​របង​យក ទើបគេហៅថាលោកលក់ដីខ្យល់នោះក៍មានអតីតតារា​សម្ដែងអ្នក​នាង​អម្ពរ ទេវី​ ដែលកំពុងរស់នៅ​អាមេ​រិក​ម្នាក់ផងដែរដែលបាន​ទិញគម្រោងមួយនេះ​។ប្រភពបាន​ឲ្យ​​ដឹងថាអ្នកនាងអម្ពរ ទេវី បានទិញដីឡូតិ៍នោះ​មួយប្លង់​អស់ទឹកប្រាក់ចំនួន២៤០០០ដុល្លារ ហើ​យបង់លុយអស់ តែឥឡូវដីនោះត្រូវបានគេព័ទ្ធរបង​យកជាហេតុនេះ​នាំឲ្យ​អ្នកនាងទេវី ដែល​កំពុង​រស់នៅអាមេរិកនោះមានអារម្មណ៍ច្របូលច្របល់ នឹងគម្រោង​ចុះមកស្រុក​ខ្មែរនៅ​ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ដើម្បីជួបតទល់ជាមួយលោកយុត្ថារា ឆានី និយាយជាមួយគ្នាឲ្យ​បាន​​ច្បាស់​​​លាស់រឿង​ទិញដី​បង់​លុយរួច អត់បានប្លង់ដីនេះ។

តាមព័តមាន​ថាក្រៅពីអ្នកនាង​អម្ពរ ទេវី នោះក៍នៅមានម្ដាយអតីតតារា​សម្ដែង​ខៀវ សុខារ៉ាវី គឺអ្នកស្រីនិន រ៉ាត់ ម្នាក់ទៀត​ក៍​បានទិញដីឡូតិ៍របស់​លោកយុត្ថារា ឆានី នូវទឹកប្រាក់អស់ជិត២ម៉ឺន​ដុល្លារផងដែរ ហើយពេល​នេះ​ដីក្នុង​គម្រោង​នោះ​ត្រូវបានគេព័ទ្ធធ្វើជារបងកម្មសិទ្ធិរបស់គេដូចគ្នានិងជនរង​គ្រោះ​ផ្សេងៗ​ទៀត ខណៈដែល​អតីតតារាសម្ដែងល្បីឈ្មោះម្នាក់ទៀតគឺអ្នកនាងកែវ កល្យាណ បាន​ចំ​ណា​យ​លុយ​ទិញដី​របស់លោកយុត្ថារា ឆានី ច្រើនជាងគេគឺមានចំនួនដល់ទៅជិត៦ម៉ឺន​ដុល្លារ​ឯ​ណ្ណោះ តែបង់​លុយ​​រួចជា​ច្រើន​ខែអត់បានប្លង់ដី​ដូចគ្នា​ដែរ។ប្រភពបានឲ្យដឹងថា​ក្រៅពីអតីត​តារា និងម្ដាយតារា​សម្ដែង​​​ខាងលើនេះនៅមាន​តារា​ជាច្រើនទៀតដែល​ស្គាល់ និងរាប់អានជា​មួយលោកយុត្ថារា ឆានី ហើយទិញដីឡូតិ៍លោកក៍ដេក​មិនលក់នាពេល​នេះដែរ ព្រោះថាដី​នោះត្រូវបានគេព័ទ្ធ​របង​ធ្វើ​ជាកម្មសិទ្ធិរបស់គេទៅហើយ​។ម្យាងទៀតនៅពេលដែលជន​រង​គ្រោះ​​ខ្លះបានទៅដល់​ផ្ទះរបស់លោកឆានី ដើម្បីឲ្យលោកចេញមកដោះស្រាយរឿងនេះ​លោក​បែជាមិនគេច​វែស​ពីអតិថិជន​ហើយ​បិទ​ទ្វាផ្ទះទៅវិញ។

 យ៉ាងណាកក្នុងបទសម្ភាសន៍ជាមួយ”នគរធំ”កាលពីពេលថ្មីៗនេះលោកយុត្ថារា ឆានី បានឲ្យដឹងថាលោក​ក៍ជន​រងគ្រោះម្នាក់ដែរ ព្រោះម្ចាស់ក្រុមហ៊ុនវណ្ណេត សុវណ្ណភូមិ នោះវេច​លុយ​រត់​ទៅបាត់ស្រមោលធ្វើឲ្យដី១ហិកតា​ដែលជួបបញ្ហា ក្នុងចំណោមដី៧ហិកតា ហើយ​មានអតិថិ​ជន​ចំនួន៧១ គ្រួសារ នៅភូមិអម្ពិល សង្កាត់កំបូល ខណ្ឌ​កំបូល រាជធានីភ្នំពេញ នោះជួបរឿងរ៉ាវ​បែបនេះព្រោះថាដីនោះត្រូវបានដាក់បញ្ចាំនៅធនាគារ​ចំនួន៥០ម៉ឺន​ដុល្លារ​ដើម្បីយកលុយមកអភិវឌ្ឍន៍ តែជនឈ្មោះសាន វណ្ណេត បានបង់ការឲ្យធនាគារបានតែ២ខែ អត់បង់២ខែ ទើប​ខាង​ធនាគារមកព័ទ្ធយកដីនោះប៉ៈពាល់ដល់អតិថិជនក្នុងគម្រោង១ហិកតា នោះទាំងអស់​បែប​នេះ។លោកឆានី ថាខាងក្រុមហ៊ុនបានដាក់ពាក្យបណ្ដឹងជនសាន វណ្ណេត នោះហើយតែ​តុលា​ការចេញដីការឲ្យជននោះចូល​ខ្លួន​២ដងគេមិនចូល អីចឹងលើកទី៣​មាន​តែនាំខ្លួន តែឥឡូវនៅមិន​ទាន់​ឃើញត្រូវបានចាប់ខ្លួននោះទេ។

 ប្រភពបានឲ្យដឹងថាលោកយុត្ថារា ឆានី នៅតែមានជំហដោះស្រាយជូនជន​រងគ្រោះ​ទាំង​៧១ គ្រួសារដែលភាគ​ច្រើនជាតារាសិល្បករធ្លាប់រួមអាជីព​ជាមួយលោកនោះហើយនៅ​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នេះភាគីរងគ្រោះ​ទាំង​អស់នឹងទៅជួបលលោកនៅលើទី​តាំងដី​នោះទាំងអស់គ្នាតែម្ដងដើម្បីស្វែងរកច្រកចេញ។ដោយឡែកសម្រាប់អ្នកនាងអម្ពរ ទេវី វិញ​តាមព័តមានថាអ្នកនាងបានតាមដានរឿងលោកយុត្ថារា ឆានី ដោះ​ស្រាយ​បញ្ហាមួយនេះ​ដោ​យ​​យកចិត្តទុកដាក់បំផុតហើយនៅដើមខែ១០ ឆ្នាំ២០២៣ ខាងមុខនេះក្រៅពីត្រូវចុះ​មក​ជួប​ជាមួយលោកឆានី រឿងលក់ដីខ្យល់នោះអ្នកនាងក៍ឆ្លៀតមកថតសម្ដែងរឿង”អប្សារា មហា​អង្គរ”ដែលដឹកនាំ​ដោយលោកហ្វៃ សំអាង របស់ទូរទស្សន៍ហង្សមាសផងដែរ។

ប្រភព​បានឲ្យ​ដឹងថាអ្នកនាងទេវី ក៍ដូចជាអ្នក​នាង​កល្យាណ ឬម្ដាយសុខារ៉ាវី ដែរពោលគឺទិញដីឡូតិ៍​នោះ​ដោយ​​សារតែពួកគេទុកចិត្តទៅលើលោកយុត្ថារា ឆានី ព្រោះធ្លាប់រាប់អានគ្នា​ជាច្រើនឆ្នាំ​មក​ហើយ ហេតុនេះប្រសិនបើ​លោកឆានី គ្រាន់តែឆ្លើយថាម្ចាស់ក្រុមហ៊ុនរត់បាត់ ឬភាគីរងគ្រោះ​ទៅដល់ផ្ទះលោកបែជាបិទទ្វាមិនចេញ​មក​ដោះ​ស្រាយនោះគឺមិនគ្រប់គ្រាន់ ឬធ្វើឲ្យអ្នកទិញដី​បង់លុយរួច អត់បានប្លង់ដីនោះសុខចិត្តឬនៅស្ងៀម​នោះ​ឡើយ ព្រោះថាក្នុងឯក​សារក្រុម​ហ៊ុន​នោះ​មានឈ្មោះ​លោកជាម្ចាស់ក្រុមហ៊ុន និងជាម្ចាស់គម្រោង រួមទាំងប្លង់​ដីក៍ជា​ឈ្មោះលោក​ទៀត បើទោះជាលោកឆានី ថាប្លង់​ដីនោះត្រូវបានបុគ្គលសាន វណ្ណេត យកទៅបញ្ចាំ​ឲ្យធនា​គារ ធ្វើឲ្យលោកជាប់ឈ្មោះលោកលក់ដីខ្យល់ ហើយ​អថិជនបានផ្ទុះកំហឹង​​តែភាគី​ខាង​លោក​ម្នាក់ក្នុងចំណោម​ភាគហ៊ុនទាំង៤នាក់របស់ក្រុមហ៊ុនមួយនេះក្ដី។

 អ្នកយកព័តមានយើងបានសាកសួរជនរងគ្រោះទាំងនោះថាបើជនសាន វណ្ណេត រត់​បាត់បែបនេះតើមាន​វិធាន​ការណ៍ក្នុងការប្ដឹងទៅលើលោកយុត្ថារា ឆានី ឬអត់នោះពួកគាត់​បាននិយាយស្រដៀងគ្នាថារងចាំ​ដំណោះស្រាយ​ដោយផ្ទាល់របស់លោកឆានី ជាមួយអតិ​ថិ​ជន​នៅថ្ងៃទី២៤ ខែ៨ ទើបមានវិធានការណ៍តទៅទៀត តែពួកគាត់នឹង​មិន​នៅស្ងៀមនោះទេ​គឺត្រូវតែ​រកគ្រប់វិធីដើម្បីឲ្យមានយុត្តិធ័ម ព្រោះថាលុយទាំងនោះជាកំលាំងញើសឈាម​របស់​​ពួក​គាត់ខំ​ប្រឹងរកដោយលំបាក ហេតុនេះមិនឲ្យគេបោកដោយងាយៗឡើយ ព្រោះប្រទេស​មានច្បាប់ ត្រូវ​តែអនុវត្តន៍ទៅតាមច្បាប់៕

RELATED ARTICLES