Sunday, May 5, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ក្រសួងប្រៃសណីយ៍ ជូនដំណឹងពីការបោកបញ្ឆោត លួចតេឡេក្រាម

 ក្រសួងប្រៃសណីយ៍ ជូនដំណឹងពីការបោកបញ្ឆោត លួចតេឡេក្រាម

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង ស្តីពីការបង្ការការវាយប្រហារ បោកបញ្ឆោត តាមរយៈប្រព័ន្ធតេឡេក្រាម (Telegram)។

សេចក្តីជូនដំណឹង របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ជាក់ថា ការវាយប្រហារតាមប្រព័ន្ធតេឡេ ក្រាម បាននិងកំពុងកើតមានឡើងគួរឱ្យកត់សម្គាល់ ដោយចោរព័ត៌មានវិទ្យា (Hacker) ផ្ញើសារបោកបញ្ឆោត ទៅអ្នកប្រើប្រាស់ដែលអាចមានទម្រង់ដូច ឬប្រហាក់ប្រហែលខ្លឹមសារថា “អ្នកប្រើប្រាស់ជាទីគោរព ៖ Telegram គឺជាកម្មវិធីផ្ញើសារតាមកុំព្យូទ័រ ដោយផ្តោតលើសុវត្ថិភាពនិងល្បឿន។ គណនីរបស់អ្នក មិនត្រូវបានផ្ទៀងផ្ទាត់ អស់រយៈពេលជាយូរ ដើម្បីសុវត្ថិភាព… ខាងលើនេះគឺជាការពិពណ៌នាផ្លូវការ តាមតំណ ៖ https://telegram… ប្រព័ន្ធនឹងលុបចោលគណនីដោយបង្ខំ បន្ទាប់ពី២៤ម៉ោង”។

ក្នុងករណីដែលអ្នកប្រើប្រាស់ចុចលើតំណភ្ជាប់ និងធ្វើការបំពេញលេខទូរស័ព្ទ និងលេខកូដ តាមរយៈតំណ ភ្ជាប់បោកបញ្ឆោតនោះ ចោរព័ត៌មានវិទ្យា នឹងអាចចូលទៅគ្រប់គ្រងគណនីតេឡេក្រាម របស់អ្នកប្រើប្រាស់ បាន។

ដូចនេះ ដើម្បីបង្ការការលួចគណនីតេឡេក្រាម អ្នកប្រើប្រាស់មិនត្រូវចុចទៅលើតំណភ្ជាប់ ឬបំពេញព័ត៌មាន ឬធ្វើតាមការណែនាំណាមួយ តាមរយៈសារបោកបញ្ឆោតដែលទទួលបាននោះទេ។ ប្រសិនបើអ្នកប្រើប្រាស់បានចុច ឬបំពេញព័ត៌មានតាមរយៈសារបោកបញ្ឆោត សូមមានចំណាត់ការជាបន្ទាន់ ដោយស្វែងយល់ពីរបៀបបិទ (Terminate) តាមរយៈវីដេអូអប់រំ របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានតំណភ្ជាប់ https://fb.watch/myBq2vQ2PS/ ឬស្កេន QR Code ខាងក្រោម។សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធនឹងបញ្ហានេះ អ្នកប្រើប្រាស់អាចស្វែងយល់បន្ថែមក្នុងគេហទំព័ររបស់ “ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT)” នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានគេហទំព័រ www.camcert.gov.kh ឬរាយការណ៍ ឬសុំជំនួយបច្ចេកទេសបន្ថែម តាមរយៈអ៊ីមែល incident@camcert.gov.kh ឬទូរស័ព្ទ លេខ 023 722 391 / 016 851 678 ៕

RELATED ARTICLES