Sunday, May 5, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រពន្ធឈឺពោះ ប្តីដឹកទៅពេទ្យ កើតកូនតាមផ្លូវ

ប្រពន្ធឈឺពោះ ប្តីដឹកទៅពេទ្យ កើតកូនតាមផ្លូវ

ព្រះវិហារ ៖ ស្ត្រីមានផ្ទៃពោះម្នាក់ បានឈឺពោះ លុះក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យមិនទាន់ដល់ផង ក៏សម្រាលកូននៅតាមផ្លូវ តែសំណាងល្អ ត្រូវបានអាជ្ញាធរស្រុក ឃុំ និងជំនាញពេទ្យឆ្មបមណ្ឌលសុខភាព ជួយសង្រ្គោះទាន់ពេលវេលា។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោងប្រហែល៩យប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ នៅត្រង់ចំ ណុចឃុំរតនៈ ស្រុករវៀង។

ស្ត្រីដែលសម្រាលកូនតាមផ្លូវ មានឈ្មោះឈឿន ក្រិច អាយុ២៨ឆ្នាំ មានលំនៅភូមិកេរ្តិ៍ ឃុំរតនៈ ស្រុករវៀង។លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង បានឱ្យដឹងកាលពីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ថា មុនពេល កើតហេតុ នៅវេលាម៉ោងប្រហែល៨យប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ស្ត្រីខាងលើ ត្រូវបានក្រុមគ្រួសារបញ្ជូន មកមណ្ឌលសុខភាព ដើម្បីសម្រាលកូន។ លុះធ្វើដំណើរតាមផ្លូវ ហួសពីផ្ទះប្រមាណ ១គីឡូម៉ែត្រ ក៏ចាប់ផ្តើម ឈឺពោះខ្លាំង រួចក៏សម្រាលកូននៅតាមផ្លូវតែម្តង។ ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីស្ត្រី ឈឺពោះឆ្លងទន្លេតាមផ្លូវ លោកបានណែនាំអភិបាលរងស្រុកម្នាក់ ចុះទៅពិនិត្យ និងឱ្យយករថយន្តសង្រ្គោះន្ទាន់ និងពេទ្យឆ្មបទៅធ្វើការសង្គ្រោះ រួចដឹកយកមកមណ្ឌលសុខភាព។ រហូតមកដល់ម៉ោងនេះ ទាំងម្តាយ និងកូន ប្រុសដែលទើបសម្រាល មានសុខភាពល្អធម្មតា ក្រោមការយកចិត្តទុកដាក់ពីពេទ្យឆ្មប។

លោកអភិបាលស្រុករវៀង បានបន្តថា កូនដែលសម្រាលតាមផ្លូវនេះ គឺជាកូនដំបូង ហើយ បច្ចុប្បន្នស្ត្រីខាងលើ កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពរវៀង ឃុំរបៀប ស្រុករវៀង។ លោកថាករណីដែលស្ត្រីរូបនេះឈឺពោះឆ្លងទន្លេតាមផ្លូវ គឺបណ្តាលមកពីការធ្វេសប្រហែស ដោយមិនអនុវត្ត តាមការណែនាំរបស់គ្រូពេទ្យ ព្រោះពេលដែលទៅពិនិត្យផ្ទៃពោះ ប្រចាំខែ មុនសម្រាល គ្រូពេទ្យបានប្រាប់ពីថ្ងៃ ខែ ឆ្នាំ ត្រូវសម្រាលយ៉ាងច្បាស់លាស់។

លោកអភិបាលស្រុក បានថ្លែងអំពាវនាវដល់ក្រុមគ្រួសារដែលមានសមាជិកត្រូវសម្រាលកូន ត្រូវអនុវត្តតាមការ ណែនាំរបស់គ្រូពេទ្យ ឱ្យបានត្រឹមត្រូវ ពិសេសត្រូវបញ្ជូនស្ត្រីដែលត្រូវសម្រាលកូន មកសម្រាកនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ឱ្យបានមុនឈឺពោះខ្លាំង ដើម្បីសុវត្ថិភាពម្តាយនិងកូន៕

RELATED ARTICLES